
រាជធានីភ្នំពេញ៖ ហេតុការណ៍ដ៏រន្ធត់មួយកើតឡើង នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ ដោយមនុស្ស៦នាក់បាត់ខ្លួន ខណៈមនុស្ស៦នាក់ផ្សេងទៀតរួចផុតពីសេចក្ដីស្លាប់ ក្នុងហេតុការណ៍លិចទូកស្មាច់នៅកណ្ដាលទន្លេមេគង្គ ម្ដុំកោះដាច់ ជាប់ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្ដាល...។

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News តាមប្រព័ន្ធទូរសព្ទនៅរសៀលថ្ងៃចន្ទ ទី២៣មីនានេះ លោកវរសេនីយ៍ឯក លៀក ចាន់រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វា បញ្ជាក់យ៉ាងដូច្នេះថា ពិតជាមានករណីនេះប្រាកដមែន ដោយដំបូងឡើយមានមនុស្សប្រុសស្រីចំនួន១២នាក់ មកពីខាងឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល នាំគ្នាជិះទូកស្មាច់មួយគ្រឿង បំណងមកលេងនៅកោះដាច់ ប៉ុន្តែជាអកុសលទូកនោះបានលិចភ្លាមៗ ដោយមិនដឹងមូលហេតុ ។

ទោះយ៉ាងណា ភ្លាមៗ..ពលរដ្ឋនៅក្បែរដែលបានឃើញហេតុបាននាំគ្នារាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ព្រមទាំងធ្វើការសង្គ្រោះមនុស្ស៦នាក់ ខណៈ៦នាក់ផ្សេងទៀតនៅមិនទាន់រកឃើញនៅឡើយ។ ជាមួយគ្នា លោកអធិការនគរបាលខណ្ឌជ្រោយចង្វារូបនេះ បន្ថែមថា គិតត្រឹមរសៀលនេះ អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្ដាល បាន និងកំពុងសហការគ្នារុករកមនុស្សដែលបានបាត់ខ្លួន៕






