
រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានដាក់ឱសានវាទទៅកាន់រដ្ឋធានីតេហេរ៉ង់ ដោយទុកពេលឱ្យត្រឹម៤៨ម៉ោងប៉ុណ្ណោះ បើកច្រកសមុទ្ទហ័រមូស្ស ឱ្យនាវាដឹកជញ្ជូនឆ្លងកាត់ឡើងវិញ បើមិនដូច្នោះទេ អ៊ីរ៉ង់នឹងត្រូវប្រឈមមុខនឹងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលទូទាំងប្រទេស...។

សារយ៉ាងក្ដៅគគុកមួយ ត្រូវបាន លោកប្រធានាធិបតី ដូណាល់ ត្រាំ បង្ហោះលើបណ្តាញសង្គម Truth Social របស់លោកថា៖«ប្រសិនបើអ៊ីរ៉ង់មិនបើកច្រកសមុទ្ទហ័រមូស្សឱ្យបានពេញលេញ និងគ្មានការគំរាមកំហែងក្នុងរយៈពេល៤៨ម៉ោង គិតចាប់ពីពេលនេះតទៅទេ នោះសហរដ្ឋអាម៉េរិកនឹងវាយប្រហារកម្ទេចរោងចក្រអគ្គិសនីនានារបស់ពួកគេ ដោយចាប់ផ្តើមពីរោងចក្រដែលធំបំផុតមុនគេ!»។

ការប្រកាសអាសន្ននេះ កើតឡើងបន្ទាប់ពីអ៊ីរ៉ង់បានបិទច្រកសមុទ្ទដ៏មានសារសំខាន់នេះ ដើម្បីសងសឹកនឹងការវាយប្រហាររបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ដែលបានចាប់ផ្ដើម កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ច្រកសមុទ្ទហ័រមូស្ស គឺជាផ្លូវទឹកយុទ្ធសាស្ត្រដឹកជញ្ជូនប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG) ប្រមាណ១ភាគ៥ នៃតម្រូវការពិភពលោក។ ការបិទច្រកសមុទ្ទនេះ បានធ្វើឱ្យតម្លៃប្រេងសកលហក់ឡើងខ្ពស់ និងបង្កជាក្ដីបារម្ភអំពីអតិផរណាធ្ងន់ធ្ងរដល់រដ្ឋាភិបាលជុំវិញពិភពលោក។

ដើម្បីបង្ហាញពីសមត្ថភាពយោធា កងទ័ពសហរដ្ឋអាម៉េរិក បានបញ្ជាក់ថា ខ្លួនទើបតែបានកម្ទេចលេណដ្ឋានក្រោមដីរបស់អ៊ីរ៉ង់ ដែលផ្ទុកអាវុធសម្រាប់គំរាមកំហែងដល់នាវាដឹកប្រេង។ ទន្ទឹមនឹងនោះ ប្រទេសជាង២០ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋធានីវ៉ាស៊ីនតោន ក្នុងការបើកផ្លូវទឹកដ៏សំខាន់នេះឡើងវិញ ដើម្បីស្រោចស្រង់ទីផ្សារថាមពលពិភពលោក៕




