ប្រធានIMF៖ ​សេដ្ឋកិច្ច​ពិភពលោក​កំពុងរអិលធ្លាក់ចូលជ្រោះ​
ហៀប ស៊ីថេត
25 តុលា 2024 07:00 AM

រដ្ឋធានីវ៉ាស៊ីនតោន៖ ​ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) លោកស្រី គ្រីស្តាលីណា ចចជីវ៉ា​ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ទី២៤តុលាថា ពិភពលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការធ្លាក់ខ្លួនចូលទៅរកកំណើនទាប និងវិបត្តិបំណុលខ្ពស់ ដោយធ្វើឱ្យរដ្ឋាភិបាលមានធនធានតិចជាងមុន ដើម្បីកែលម្អកាលានុវឌ្ឈភាពសម្រាប់ប្រជាជន ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហាប្រឈមផ្សេងៗទៀតជាច្រើន។

លោកស្រី គ្រីស្តាលីណា ចចជីវ៉ា​
លោកស្រី គ្រីស្តាលីណា ចចជីវ៉ា​

លោកស្រី ចចជីវ៉ា​ បានលើកឡើងនៅសន្និសីទសារព័ត៌មានក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំឆ្នាំរបស់ IMF និងធនាគារពិភពលោកនៅរដ្ឋធានីវ៉ាស៊ីនតោន ថា លទ្ធផលដ៏ហានិភ័យនេះ ជាដំណឹងអាក្រក់សម្រាប់ប្រជាជនទូទាំងពិភពលោក។ កិច្ចប្រជុំ​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាម៉េរិក​នៅ​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ស្របពេលប្រជាជនអាម៉េរិករងគ្រោះដោយអតិផរណាខ្ពស់ក្នុងកំលុងរដ្ឋបាលប្រជាធិបតេយ្យលោក ចូ បៃឌិន អាចបោះឆ្នោតឱ្យបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ។ ប្រសិនបើលោក ត្រាំ ជាប់ឆ្នោត លោកអាចនឹងចាប់ផ្តើមសម័យថ្មីនៃការគាំពារនិយមលើគោលនយោបាយពាណិជ្ជកម្ម និងប្រាក់រាប់ពាន់លានដុល្លារក្រោមស្រមោលបំណុលថ្មីរបស់សហរដ្ឋអាម៉េរិក។

ទោះបីជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចពិភពលោកបង្ហាញភាពធន់ខ្លះក្នុងការប្រឈមមុខនឹងការគំរាមកំហែងពីសង្គ្រាម តម្រូវការទន់ខ្សោយនៅក្នុងប្រទេសចិន និងឥទ្ធិពលយឺតយ៉ាវនៃគោលនយោបាយរូបិយវត្ថុតឹងរឹង។ IMF កាលពីថ្ងៃអង្គារកន្លងទៅបានចេញផ្សាយការព្យាករសេដ្ឋកិច្ចថ្មីបង្ហាញថា កំណើនផលិតផលក្នុងស្រុកសរុបសកលនឹងធ្លាក់ចុះបន្តិចនៅឆ្នាំ២០២៩ មកត្រឹម៣,១ភាគរយ ខណៈមធ្យមភាគឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ មាន៣,៨ភាគរយ ទន្ទឹមនឹងឆ្នាំនេះមាន៣,២ភាគរយដោយសារកម្លាំងពលកម្មបច្ចុប្បន្នរបស់សហរដ្ឋអាម៉េរិកធ្លាក់ចុះ។

ក្នុងពេលដំណាលគ្នា ការត្រួតពិនិត្យសារពើពន្ធរបស់ IMF បានបង្ហាញថា បំណុលរបស់រដ្ឋាភិបាលពិភពលោក ត្រូវបានកំណត់ឡើងដល់កំពូល១០០ពាន់ពាន់លានដុល្លារជាលើកដំបូងនៅឆ្នាំនេះ ហើយបន្តកើនឡើងដោយសារការចំណាយរបស់រដ្ឋាភិបាលកាន់តែច្រើន និងការដំឡើងពន្ធ។ ការព្យាករក៏បានបង្ហាញថា បំណុលរបស់រដ្ឋាភិបាលជាចំណែកនៃផលិតផលក្នុងស្រុកសរុប ដែលឥឡូវនេះ៩៣ភាគរយត្រូវបានកំណត់ថានឹងឈានដល់១០០ភាគរយនៅឆ្នាំ២០៣០ លើសពីកម្រិតក្នុងកំលុងពេលជំងឺរាតត្បាតកូវីដ។

លោកស្រី ចចជីវ៉ា បានសង្កត់ធ្ងន់ថា៖«ដូច្នេះ នេះគឺជាចំណុចក្ដៅដោយសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងគ្រោះថ្នាក់នៃការជាប់គាំងជុំវិញកំណើនទាប និងបំណុលខ្ពស់។ នោះមានន័យថា ប្រាក់ចំណូលទាប និងការងារតិចបញ្ជាក់ពីប្រាក់ចំណូលរបស់រដ្ឋាភិបាលទាបផងដែរ»។ គួរបញ្ជាក់ថា កិច្ចប្រជុំរបស់ IMF និងធនាគារពិភពលោកក៏ត្រូវបានកគ្របដណ្ដប់ដោយការព្រួយបារម្ភថ្មីអំពីការកើនឡើងនៃសង្រ្គាមនៅមជ្ឈិមបូព៌ាផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត