គំនាបពន្ធរបស់មហាអំណាចអាម៉េរិក ទាក់ទាញការថ្កោលទោសពីជុំវិញពិភពលោក
ហៀប ស៊ីថេត
04 មេសា 2025 04:00 AM

រដ្ឋធានីវ៉ាស៊ីនតោន៖ បណ្តាប្រទេសនានានៅជុំវិញពិភពលោក បានគម្រាមធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក ក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ  ប្រកាសដាក់ពន្ធទៅវិញទៅមក ចាប់ផ្តើមពី១០ភាគរយឡើង លើការនាំចូលផលិតផលទាំងអស់ទៅកាន់សហរដ្ឋអាម៉េរិក។

ការសង្កត់-កយកពន្ធនេះ អាចបង្កើនតម្លៃសម្រាប់អ្នកទិញទំនិញនៅសហរដ្ឋអាម៉េរិក លើគ្រប់ទំនិញទាំងអស់ ចាប់ពីកញ្ឆា ដល់ស្បែកជើង រហូតដល់ទូរសព្ទ Iphone របស់ក្រុមហ៊ុន Apple ហើយទូរសព្ទ iPhone ស៊េរីខ្ពស់អាចនឹងមានតម្លៃជិត ២៣០០ដុល្លារ។ ក្នុងពេលប្រណាំងប្រជែងអាជីវកម្ម ដើម្បីរើខ្លួនចេញពីក្រញ៉ាំឥន្រ្ទីនៃគំនាបពន្ធបដិការបស់ត្រាំ ក្រុមហ៊ុនផលិតរថយន្ត Stellantis អះអាងថា ខ្លួននឹងបញ្ឈប់កម្មករអាម៉េរិកជាបណ្ដោះអាសន្ន និងបិទរោងចក្រនៅក្នុងប្រទេសកាណាដា និងម៉ិកស៊ិក ខណៈក្រុមហ៊ុន General Motors ប្រកាសដំឡើងថ្លៃទំនិញអាម៉េរិកជាថ្នូរនៃការសងសឹក។ ជាមួយគ្នា នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី បានលើកឡើងថា៖«​សេដ្ឋកិច្ច​ពិភពលោក​មាន​លក្ខណៈ​ខុស​គ្នា​ជា​មូលដ្ឋាន​»​។

ដោយឡែក ចិនបានប្តេជ្ញាសងសឹកចំពោះការយកពន្ធ៥៤ភាគរយរបស់ត្រាំ ដូចទៅនឹងសហភាពអឺរ៉ុបដែលប្រឈមនឹងពន្ធ២០ភាគរយដែរ។ ទន្ទឹមនឹងនេះ ប្រធានាធិបតី​បារាំង លោក អេម៉ានូអែល ម៉ាក្រុង បាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​អឺរ៉ុប​ផ្អាក​ការ​វិនិយោគ​នៅ​សហរដ្ឋអាម៉េរិក។ ចំណែក ដៃគូពាណិជ្ជកម្មអាម៉េរិកសំខាន់ៗផ្សេងទៀតរួមទាំង៖ កូរ៉េខាងត្បូង ម៉ិកស៊ិក និងឥណ្ឌា អះអាងថា ពួកគេនឹងផ្អាកពាណិជ្ជកម្មជាមួយអាម៉េរិកសម្រាប់ពេលនេះ ខណៈពួកគេស្វែងរកដៃគូរសម្បទានសេដ្ឋកិច្ចជំនួស។ ទាំងសម្ព័ន្ធមិត្ត និងគូប្រជែងរបស់រដ្ឋធានីវ៉ាស៊ីនតោន បានព្រមានពីការវាយប្រហារដ៏អាក្រក់ដល់ពាណិជ្ជកម្មពិភពលោក។ ភាគហ៊ុនបានដាំក្បាលចុះជាសកល ខណៈអ្នកវិភាគបានព្រមានថា ពន្ធគយនេះអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល និងប៉ះពាល់ដល់ប្រាក់ចំណេញសាជីវកម្ម។

យ៉ាងណា លោក ត្រាំ អះអាងថា ពន្ធគយទៅវិញទៅមក គឺជាការឆ្លើយតបទៅនឹងរបាំងពាណិជ្ជកម្មដែលដាក់លើទំនិញរបស់សហរដ្ឋអាម៉េរិក ខណៈមន្ត្រីរដ្ឋបាលបានអះអាងថា ពន្ធនេះនឹងបង្កើតការងារក្នុងស្រុក និងបើកទីផ្សារនាំចេញទៅបរទេស ទោះបីជាត្រូវការពេលវេលា ដើម្បីទទួលបានលទ្ធផលក៏ដោយ។ ទោះជាយ៉ាងនេះក្តី ក្រុមអ្នកវិភាគបានលើកឡើងថា ពន្ធគយនេះអាចនឹងធ្វើឱ្យសម្ព័ន្ធមិត្តសំខាន់ៗរបស់អាម៉េរិកនៅអាស៊ី កាន់តែឃ្លាតឆ្ងាយពីរដ្ឋធានីវ៉ាស៊ីនតោន និងអាចរុញច្រានពួកគេឈោងចាប់ទំនាក់ទំនងយុទ្ធសាស្រ្តជាមួយនាគរាជចិនវិញ។

ការដាក់គំនាបពន្ធបដិកា(ទៅវិញទៅមក) ដោយបុរសខួរក្បាលសេដ្ឋកិច្ច ដូណាល់ ត្រាំ កាលពីថ្ងៃពុធទី២ ខែមេសា បានបង្កឱ្យមានការធ្លាក់ចុះយ៉ាងកំហុកនៅក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោក និងបានទាក់ទាញការថ្កោលទោសដូចព្យុះពីសំណាក់មេដឹកនាំផ្សេងទៀត។ ពន្ធគយបដិការបស់សហរដ្ឋអាម៉េរិក គឺជារបាំងពាណិជ្ជកម្មខ្ពស់បំផុតក្នុងរយៈពេលជាងមួយសតវត្សរ៍ ដោយពន្ធមូលដ្ឋានជាអប្បរមារមានចំនួន១០ភាគរយលើការនាំចូលទាំងអស់ និងពន្ធខ្ពស់លើដៃគូពាណិជ្ជកម្មធំៗមួយចំនួន ហើយក្នុងនោះក៏មានកម្ពុជាចំនួន៤៩ភាគរយផងដែរ ដែលជាចំនួនខ្ពស់ជាងគេបំផុតនៅអាស៊ី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត