អាស៊ានកោះប្រជុំបន្ទាន់! រិះរកវិធីទប់ទល់វិបត្តិប្រេង និងបញ្ហាសេដ្ឋកិច្ច ក្រោយស.ង្រ្គា.មនៅមជ្ឈិមបូព៌ាបិទច្រកសមុទ្ទយុទ្ធសាស្ត្រ«ហ័រមូស្ស»
ហៀប ស៊ីថេត
5 ម៉ោងមុន

រដ្ឋធានីម៉ានីល៖ ជម្លោះកំពុងរីករាលដាលកាន់តែធំនៅមជ្ឈិមបូព៌ា ត្រូវបានគេរំពឹងថានឹងគ្របដណ្ដប់លើកិច្ចពិភាក្សានៅក្នុងកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននាថ្ងៃសុក្រទី១៣មីនានេះ ខណៈរដ្ឋមន្ត្រីការបរទេសប្លុកនេះ ក៏នឹងរៀបចំកិច្ចប្រជុំនិម្មិត (ឬ ប្រជុំតាមអនឡាញ) ដើម្បីដោះស្រាយវិបត្តិដែលកំពុងរីកធំឡើង និងកំពុងធ្វើឱ្យទីផ្សារពិភពលោកមានភាពច្របូកច្របល់។

ហ្វីលីពីន គឺជាប្រធានអាស៊ាននៅឆ្នាំ២០២៦នេះ និងកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ខណៈមន្ត្រីនានាកំពុងវាយតម្លៃលើផលប៉ះពាល់ និងការឆ្លើយតបចំពោះការហក់ឡើងនៃតម្លៃប្រេងខ្ពស់កប់ពពក ក៏ដូចជាការរំខានដល់ការដឹកជញ្ជូនតាមកប៉ាល់ ភស្តុភារ និងរំហូរពាណិជ្ជកម្មនៅទូទាំងប្រទេសក្នុងតំបន់ ដែលមានសេដ្ឋកិច្ចពឹងផ្អែកលើការនាំចេញ។ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មហ្វីលីពីន លោក អាល់ឡែន ហ្គេបទី (Allan Gepty) បានប្រាប់អ្នកយកព័ត៌មានថា៖«ការព្រួយបារម្ភ គឺជារឿងពិត តំបន់[អាស៊ាន]មិនអាចមើលរំលងផលប៉ះពាល់នៃវិបត្តិចំពោះអតិផរណា និងការងារបានឡើយ»។ ការវាយប្រហាររួមគ្នាដោយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ បានសម្លាប់មនុស្សប្រហែល២០០០នាក់ ត្រឹមតែរយៈពេល២សប្តាហ៍ និងបានធ្វើឱ្យទីផ្សារថាមពលពិភពលោក រួមទាំងការដឹកជញ្ជូនធ្លាក់ទៅក្នុងរណ្តៅនៃភាពវឹកវរ។

សង្គ្រាមនេះ បានបិទច្រកសមុទ្ទហ័រមូស្ស ជាចំណុចយុទ្ធសាស្ត្របញ្ជូនប្រេងប្រហែល ១ភាគ៥ ឬស្មើ២០ភាគរយរបស់ពិភពលោក មកកាន់តំបន់អាស៊ី រួមទាំងអាស៊ីអាគ្នេយ៍ផងដែរ នាំឱ្យតម្លៃប្រេងឆៅហក់ឡើងលើសពី១០០ដុល្លារក្នុងមួយបារ៉ែល។ វិបត្តិនេះបានបង្ខំឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន កោះប្រជុំនិម្មិតពិសេសមួយ ដើម្បីវាយតម្លៃផលប៉ះពាល់សម្រាប់អាស៊ីអាគ្នេយ៍ ដែលសេដ្ឋកិច្ចភាគច្រើនពឹងផ្អែកខ្លាំងលើការនាំចូលប្រេងឆៅ និងឧស្ម័នធម្មជាតិ(LNG) ពីតំបន់ឈូងសមុទ្ទ។ ហ្វីលីពីន បានកាត់បន្ថយម៉ោងធ្វើការរបស់រដ្ឋាភិបាល ដើម្បីសន្សំសំចៃប្រេង ហើយប្រធានាធិបតី ហ្វើឌីណាន់ ម៉ាកូស ជេអរ បានស្នើសុំសភាផ្អាកការយកពន្ធលើប្រេងដើម្បីរក្សាតម្លៃ។ វៀតណាម បានកាត់បន្ថយម៉ោងធ្វើការរបស់រដ្ឋាភិបាល ដើម្បីសន្សំសំចៃប្រេង ហើយប្រធានាធិបតី បានស្នើសុំសភាផ្អាកការយកពន្ធលើប្រេងដូចគ្នា។ កាលពីដើមខែនេះ ថែក៏បានបញ្ឈប់ការនាំចេញថាមពលទៅកាន់ប្រទេសទាំងអស់ លើកលែងតែឡាវ និងមីយ៉ាន់ម៉ា និងជំរុញឱ្យបុគ្គលិកធ្វើការពីផ្ទះ។

ជាចុងក្រោយ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានលើកឡើងថា ការកើនឡើងនៃជម្លោះនេះគឺជា«រឿងដែលគួរឱ្យសោកស្ដាយជាពន់ពេក» ហើយបានជំរុញឱ្យមានការបញ្ឈប់អរិភាពជាបន្ទាន់ ដោយអំពាវនាវឱ្យគ្រប់ភាគីទាំងអស់រក្សាភាពអត់ធ្មត់ជាអតិបរមា ការពារជនស៊ីវិល និងដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈកិច្ចសន្ទនាស្របតាមច្បាប់អន្តរជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត