
រដ្ឋធានីវ៉ាស៊ីនតោន៖ ផ្អើលពិភពលោក! ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងថា លោកនឹងដាក់ពន្ធទៅវិញទៅមកចាប់ផ្តើមពី១០ ភាគរយឡើងលើការនាំចូលផលិតផលទាំងអស់ទៅកាន់សហរដ្ឋអាម៉េរិក និងយកពន្ធខ្ពស់លើដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយចំនួន ក្នុងនោះក៏មានប្រទេសកម្ពុជាដែរ។ ទន្ទឹមនឹងចំណាត់ការនេះបានទាញការប្រតិកម្ម និងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មេដឹកនាំនៅជុំវិញពិភពលោក។ តស់! មកស្គាល់មេដឹកនាំ ក្រសួង និងស្ថាប័ន ដែលប្រតិកម្មលើគំនាបពន្ធរបស់លោក ត្រាំ ទាំងអស់គ្នា។

បើកឆាកដំបូងគេគឺ នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី បានប្រតិកម្មថា ៖«យើងប្រឆាំងនឹងពន្ធគយទាំងនេះជាមួយនឹងវិធានការតបតវិញ យើងនឹងការពារកម្មកររបស់យើង ហើយយើងនឹងកសាងសេដ្ឋកិច្ចឱ្យខ្លាំងបំផុតនៅក្នុងប្លុកG7»។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អានថូនី អាល់បាណេស បានលើកឡើងយ៉ាងដូច្នេះថា ៖«ពន្ធគយរបស់រដ្ឋបាល ត្រាំ មិនមានមូលដ្ឋានក្នុងតក្កវិជ្ជាទេ ហើយវាផ្ទុយនឹងមូលដ្ឋាននៃភាពជាដៃគូរបស់ប្រទេសទាំងពីរ។ នេះមិនមែនជាទង្វើរបស់មិត្តទេ។ ការសម្រេចចិត្តថ្ងៃនេះនឹងបន្ថែមភាពមិនច្បាស់លាស់នៅក្នុងសេដ្ឋកិច្ចពិភពលោក ហើយនឹងជំរុញការចំណាយសម្រាប់គ្រួសារអាម៉េរិក»។

ដោយឡែក ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក ហាន ដុកស៊ូ អះអាងថា ៖«នៅពេលដែលសង្រ្គាមពាណិជ្ជកម្មសកលបានក្លាយជាការពិត រដ្ឋាភិបាលត្រូវតែចាក់បញ្ជូលនូវសមត្ថភាពទាំងអស់របស់ខ្លួនដើម្បីជម្នះវិបត្តិពាណិជ្ជកម្ម»។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនូវែលហ្សេឡង់ លោក តូដដ៍ ម៉ាកក្លេ បានបញ្ជាក់ច្បាស់ៗថា ៖«ផលប្រយោជន៍របស់នូវែលហ្សេឡង់ត្រូវបានចរាចរណ៍យ៉ាងល្អបំផុតនៅក្នុងពិភពលោក ដែលពាណិជ្ជកម្មហូរចូលដោយសេរី[...] ទំនាក់ទំនងទ្វេភាគីរបស់នូវែលហ្សេឡង់ជាមួយសហរដ្ឋអាម៉េរិកនៅតែរឹងមាំ។ យើងនឹងពិភាក្សាជាមួយរដ្ឋបាល ត្រាំ ដើម្បីទទួលបានព័ត៌មានបន្ថែម [...]ដើម្បីយល់កាន់តែច្បាស់អំពីផលប៉ះពាល់នៃសេចក្តីប្រកាសនេះ»។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក ផេដ្រូ សាន់ឆេស បានបន្ទរ៖«អេស្ប៉ាញនឹងការពារក្រុមហ៊ុន និងកម្មកររបស់ខ្លួន ហើយបន្តប្តេជ្ញាចិត្តចំពោះពិភពលោកបើកចំហ»។

នាយករដ្ឋមន្ត្រីស៊ុយអែត លោក អ៊ូលហ្វ៍ គ្រីស្ទើរសុន បានប្រតិកម្មថា៖«យើងមិនចង់បានរនាំងពាណិជ្ជកម្មទេ។ យើងមិនចង់ឱ្យមានសង្រ្គាមពាណិជ្ជកម្មទេ[...] យើងចង់ស្វែងរកផ្លូវរបស់យើងត្រឡប់ទៅមាគ៌ាពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយសហរដ្ឋអាម៉េរិក ដើម្បីឱ្យប្រជាជននៅក្នុងប្រទេសរបស់យើងមានជីវិតកាន់តែប្រសើរឡើង»។

ប្រធានាធិបតីស្វីស លោកស្រី ការីន ខែលល័រ ហ្សាត់ធ័រ បានបញ្ចេញមតិថា ៖«[ក្រុមប្រឹក្សាសហព័ន្ធ]នឹងកំណត់យ៉ាងឆាប់រហ័សនូវជំហានបន្ទាប់។ ផលប្រយោជន៍សេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសគឺសំខាន់បំផុត។ ការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងពាណិជ្ជកម្មសេរីនៅតែជាតម្លៃស្នូល»។

ងាកទៅស្តាប់នាយករដ្ឋមន្ត្រីអៀរឡង់ លោក មីឆែល ម៉ារទីន ឯណោះវិញបានអះអាងថា ៖«ការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិក[...] ក្នុងការដាក់ពន្ធ ២០ភាគរយលើការនាំចូលពីទូទាំងសហភាពអឺរ៉ុបគឺពិតជាជាការសោកស្តាយយ៉ាងខ្លាំង។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ពន្ធគយមិនមានអត្ថប្រយោជន៍ដល់នរណាម្នាក់ទេ។ អាទិភាពរបស់ខ្ញុំ និងរបស់រដ្ឋាភិបាលគឺដើម្បីការពារការងារអៀរឡង់ និងសេដ្ឋកិច្ចអៀរឡង់»។

ចំណែកឯ នាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី ចចជៀ មេឡូនី បានសង្កត់ធ្ងន់ថា ៖«យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីបន្តដំណើរឆ្ពោះទៅរកកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិកជាមួយនឹងគោលដៅនៃការជៀសវាងសង្រ្គាមពាណិជ្ជកម្មដែលនឹងធ្វើឱ្យលោកខាងលិចចុះខ្សោយដោយជៀសមិនរួច[...]»។

ប្រធានគណបក្សប្រជាជនអឺរ៉ុប(EPP) ដែលជាភាគីដ៏សំខាន់បំផុតនៅក្នុងសភាអឺរ៉ុប លោក ម៉ែនហ្វ្រេដ វ៉េបប័រ (MANFRED WEBER) លើកឡើងថា ៖«ចំពោះមិត្តអាម៉េរិករបស់យើង ថ្ងៃនេះមិនមែនជាថ្ងៃល្អទេ វាគឺជាថ្ងៃដ៏គួរឱ្យអាក់អន់ស្រពន់ចិត្ត។ ពន្ធគយរបស់លោក ត្រាំ មិនការពារពាណិជ្ជកម្មដោយយុត្តិធម៌ទេ ពួកគេកំពុងបន្លាច និងធ្វើឱ្យប៉ះពាល់ដល់ភាគីទាំងពីរនៃមហាសមុទ្ទអាត្លង់ទិក»។

រដ្ឋមន្ត្រីការបរទេសកូឡុំប៊ីលោកស្រី ឡួរ៉ា សារ៉ាបៀ ប្រតិកម្មថា ៖«យើងកំពុងថ្លឹងថ្លែងចំណាត់របស់លោក ត្រាំ ដើម្បីការពារឧស្សាហកម្មជាតិ និងអ្នកនាំចេញរបស់យើង»។

ជាចុងក្រោយ ក្រសួងការបរទេសប្រេស៊ីលអះអាងថា ៖«រដ្ឋាភិបាលប្រេស៊ីលសោកស្តាយជាខ្លាំងចំពោះការសម្រេចចិត្តដែលធ្វើឡើងដោយរដ្ឋាភិបាលអាម៉េរិកនៅថ្ងៃទី២ ខែមេសា ដើម្បីដាក់ពន្ធបន្ថែមអប្បបរមា១០ ភាគរយលើការនាំចេញទាំងអស់របស់ប្រេស៊ីលទៅកាន់សហរដ្ឋអាម៉េរិក»៕









