
បទវិភាគសេដ្ឋកិច្ច៖ មើលទៅហាក់មិនមានអ្វីចម្លែកទេ ដែលមានទីផ្សារមាសពិភពលោកបន្តឡើងថ្លៃនៅដើមឆ្នាំ២០២៤នេះ ដោយហេតុថាស្ថានភាពសេដ្ឋកិច្ចមិនមានភាពនឹងនរប៉ុន្មានឡើយ។ ហេតុនេះហើយ ការសម្រុកទិញមាសទុកលក់យកចំណេញជារឿងដែលគេតែងធ្វើ។ ប្រការនេះហើយជំរុញឱ្យមាសឡើងថ្លៃខ្លាំង ចាប់ពីដើមឆ្នាំនេះមក មិនទាន់ស្រកស្រុតនៅឡើយ ខណៈអ្នកជំនាញមើលឃើញថា ទីផ្សារមាសនឹងបន្តឡើងថ្លៃថែមទៀត...។

មិនត្រឹមតែមនុស្សទូទៅសម្រុកទិញមាសទុកទេ សូម្បីតែប្រទេសមានសេដ្ឋកិច្ចធំៗក៏សម្រុកនាំចូលមាសស្តុកទុកក្នុងឃ្លាំងផងដែរ ជាក់ស្តែងដូចប្រទេសចិន។ ការទិញមាសទុកក្នុងចំនួនច្រើនបែបនេះហើយ ទើបរុញឱ្យតម្លៃមាសកើនឡើងចាប់ពីជាង២១០០ដុល្លារក្នុងមួយដំឡឹង កាលពីខែធ្នូ ឆ្នាំ២០២៣ រហូតដល់ជាង២៤០០ដុល្លារក្នុងខែមីនាឆ្នាំ២០២៤។ គិតត្រឹមថ្ងៃទី២៨ ខែមីនានេះ តម្លៃមាសគីឡូលក់ចេញ និងទិញចូលបានឡើងដល់រង្វង់ពី ២៤៥០ដុល្លារ ទៅ២៤៧០ដុល្លារ ក្នុងមួយដំឡឹង។ យើងនឹងពិនិត្យមើលឱ្យបានដិតដល់នូវអ្វីដែលនៅពីក្រោយនិន្នាការតម្លៃមាសកើនឡើង ហើយតើតម្លៃមាសនឹងឡើងដល់ថ្លៃប៉ុណ្ណា។

ដើម្បីយល់ថា តើតម្លៃមាសអាចកើនឡើងដល់កម្រិតណា វាជារឿងសំខាន់ដែលត្រូវដឹងពីដើមចមធ្វើឱ្យមាសឡើងដល់កម្រិតខ្ពស់ដូចពេលនេះ។ របាយការណ៍របស់ធនាគារ J.P. Morgan នាពេលថ្មីៗនេះ បានសន្មតិការកើនឡើងនៃតម្លៃមាសចាប់ពីចុងឆ្នាំ២០២៣ គឺគួបផ្សំដោយកត្តាជាច្រើន រួមមាន៖ ធនាគារកណ្តាលប្រទេសនីមួយៗសម្រុកទិញមាសស្តុក ក្ដីបារម្ភអំពីជម្លោះភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា និងអឺរ៉ុបខាងកើត បញ្ហាអតិផរណា និងការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាល ជាដើម។ អ្នកតាមដានទីផ្សារនៅអាម៉េរិកមួយរូប ឈ្មោះ ជេរ៉ូម ផូវែល (Jerome Powell) បានពន្យល់ថា ដរាបណាអ្វីៗមិនប្រាកដប្រជា មាសត្រូវបានគេមើលឃើញថា ទ្រព្យដែលគេអាចរក្សាទុកដោយមានសុវត្ថិភាពបំផុត។ សុវត្ថិភាព គឺនៅត្រង់ថា ពេលណាសេដ្ឋកិច្ចមិនល្អគេអាចទិញមាសទុក ហើយគេអាចចាំដល់ពេលណាមានស្ថិរភាព និងតម្លៃល្អឡើងវិញ គេអាចលក់វាចេញ។ អ្នកជំនាញពន្យល់ថា ទីផ្សារលុយដុល្លាររបស់អាម៉េរិក និងអតិផរណានៅប្រទេសមានសេដ្ឋកិច្ចធំជាងគេលើលោកមួយនេះ ក៏ជះឥទ្ធិពលលើតម្លៃ និងតម្រូវការមាសដែរ។ ជាក់ស្តែង គេមិនចង់ទុកលុយដុល្លារនោះទេនៅពេលវាហើមខ្លាំង ហេតុនេះជម្រើសល្អ គឺយកដុល្លារទៅទិញមាសទុក។

អ្នកជំនាញរំពឹងថា តម្លៃមាសនឹងបន្តប្រែប្រួល រហូតដល់ខែមេសាជាពេលដែលធនាគារកណ្តាលអាម៉េរិកនឹងបើកកិច្ចប្រជុំពីគោលនយោបាយហិរញ្ញវត្ថុ។ អតិផរណា ភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ និងសកម្មភាពរបស់ធនាគារកណ្តាលស្ថិតក្នុងចំណោមកត្តាជាច្រើនដែលជំរុញឱ្យតម្លៃមាសឡើងដល់កម្រិតកំពូលនាពេលថ្មីៗនេះ។ ហេតុនេះហើយអ្នកជំនាញបជឿថា បញ្ហាទាំងនេះនៅតែកើតឡើង តម្លៃមាសមិនត្រូវបានគេមើលឃើញថានឹងរអឹលធ្លាក់មកវិញក្នុងពេលឆាប់ៗនោះទេ៕



