
តម្លៃមាសបានចាប់ផ្តើមហក់ឡើងចាប់តាំងពីដើមខែមីនាមក ដោយបានកើនលើសពីតម្លៃ២ពាន់ដុល្លារក្នុងមួយឱន ឬស្មើនឹងជាង៨ជីមាស។ មាសឡើងថ្លៃ កើតឡើងស្របពេលដែលអ្នកវិនិយោគមួយចំនួនផ្តើមពិចារណា ដោយសាររារែកលើការវិនិយោគផ្សារហ៊ុនថ្មីៗ នៅចំពោះមុខការដួលរលំនៃធនាគារធំៗនៅអាម៉េរិក ហើយគេបែរមកចាប់អារម្មណ៍លើទីផ្សារមាសវិញ ដោយហេតុថា វាមានសុវត្ថិភាពជាង។

ជាក់ស្តែង តម្លៃមាសនៅទីផ្សារក្រុងញូយ៉ក សហរដ្ឋអាម៉េរិក បានកើនឡើងជាង៤០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានតម្លៃជាង ២០១០ដុល្លារក្នុងមួយឱន។ បន្ថែមពីលើនេះ តម្លៃមាសបានកើនឡើងភ្លាមៗពីតម្លៃទៀតបំផុតកាលពីចុងសប្តាហ៍ទី១នៃដើមខែមីនា ពោលគឺនៅមុនពេលដែលធនគារធំៗនៅសហរដ្ឋអាម៉េរិកក្ស័យធន។ បើតាមអ្នកវិភាគទីផ្សារមាស នឹងបន្តឡើងថ្លៃដល់ជិត២០៩០ដុល្លារ ក្នុងមួយឱន ដែលជាតម្លៃខ្ពស់បំផុត រាប់ចាប់តាំងពីខែសីហាឆ្នាំមុន ជាពេលដែលសេដ្ឋកិច្ចពិភពលោករងការវាយប្រហារដោយជំងឺកូវីដ១៩។ មិនដូចជាផ្សារភាគហ៊ុនទេ មូលបត្របំណុលឯកជន និងរបស់រដ្ឋ និងទ្រព្យសកម្មផ្សេងទៀត មាសត្រូវបានគេស្គាល់ថា ជាជម្រកមួយសុវត្ថិភាពជាង ដោយវាមិនសូវមានហានិភ័យខ្ពស់នៃការដួលរលំ ដូចទីផ្សារភាគហ៊ុន។ ទីផ្សារមាស បានក្លាយជាទីផ្សារដ៏មានសុវត្ថិភាព និងពេញនិយមមួយ ក្នុងចំណោមវិនិយោគិន ពិសេសអំឡុងពេលដែលទីផ្សារធ្លាក់ចុះ ដោយសារតែភាពតានតឹងភូមិសាស្ត្រនយោបាយ អស្ថិរភាពហិរញ្ញវត្ថុ ឬការធ្លាក់ចុះសេដ្ឋកិច្ច។

សូមជម្រាបថា ទីផ្សារហិរញ្ញវត្ថុអឺរ៉ុប និងអាស៊ី នៅតែបន្តដាំក្បាលធ្លាក់ចុះដដែល។ នេះសបញ្ជាក់ឱ្យឃើញថា អ្នកវិនិយោគពិភពលោក ពុំទាន់មានទំនុកចិត្តឡើងវិញទេ បើទោះបីជាធនាគារដ៏ធំជាងគេបង្អស់របស់ស្វីស UBS បានប្រកាសទិញ ធនាគារ Credit Suisse ដែលកំពុងជួបបញ្ហាក៏ដោយ។ ទោះយ៉ាងណា ធនាគារកណ្តាលអឺរ៉ុប បារាំង និងអាល្លឺម៉ង់ និងធនាគារផ្សេងទៀតនៅអាស៊ី បានប្រកាសជារឿយៗថា ប្រព័ន្ធធនាគាររបស់ពួកគេ នៅតែមានភាពធុន និងរឹងមាំ ព្រោះមានច្បាប់សុវត្ថិភាព ខុសពីនៅសហរដ្ឋអាម៉េរិកបច្ចុប្បន្ន៕



