ត្រៀមលក់ចេញ! ខែមិថុនានេះ មាសអាចនឹងឡើងដល់៣០០០ដុល្លារក្នុងមួយតម្លឹង
វុធ ច័ន្ទតារា
27 ឧសភា 2024 06:00 AM

រាជធានីភ្នំពេញ៖ តម្លៃមាសនៅកម្ពុជាអាចឡើងដល់តម្លៃ៣០០០ដុល្លារក្នុងមួយតម្លឹងនៅចុងខែឧសភា និងដើមខែមិថុនា ឆ្នាំ២០២៤ ហេតុនេះ វាជាឱកាសល្អសម្រាប់អ្នកចង់លក់យកចំណេញ។ នេះបើតាម លោក ឡុង សំណាង អ្នកជំនាញផ្នែកទីផ្សារមាសនៅកម្ពុជា ប្រាប់ SBM News នៅព្រឹកថ្ងៃទី២៧ឧសភា...។

លោក ឡុង សំណាង អ្នកជំនាញផ្នែកទីផ្សារមាស
លោក ឡុង សំណាង អ្នកជំនាញផ្នែកទីផ្សារមាស

​លោក ឡុង សំណាង មើលឃើញការបន្តកើនឡើងតម្លៃមាស ដោយសារតែភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបន្តឆាបឆេះ ធ្វើឱ្យសេដ្ឋកិច្ចមិននឹងនរ ខណៈប្រទេសចិនសម្រុកទិញមាសស្តុកទុកកាន់តែច្រើនឡើងៗ ធ្វើឱ្យបរិមាណមាសក្នុងទីផ្សារមានតម្រូវការច្រើន តម្លៃក៏ឡើងថ្លៃទៅតាមនោះដែរ។ ចិនសម្រុកទិញមាសទុក គឺមិនមានអ្វីចម្លែកពីអ្នកវិនិយោគផ្សេងទៀតទេ។ មាសត្រូវបានគេមើលឃើញថា ជាសម្បត្តិមានតម្លៃដ៏សាកសមបំផុតសម្រាប់វិនិយោគនៅចំពោះមុខភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច ជម្លោះភូមិសាស្ត្រនយោបាយ និងជាពិសេសនៅចំពោះមុខនៃភាពជាប់គាំងលើវិស័យអលនទ្រព្យនៅចិន ក៏ដូចជាទីផ្សារភាគហ៊ុន ដែលមានហានិភ័យច្រើនជាងមាស។ មិនខុសគ្នាទេ អ្នកវិនិយោគនៅកម្ពុជាដែលមានមាសក្នុងដៃ អាចពិចារណាលក់ចេញយកចំណេញច្រើនបាន។ បើតាមអ្នកជំនាញ គឺពីចុងខែនេះ រហូតដល់ពាក់កណ្តាលខែក្រោយ គេនឹងនៅតែមើលឃើញពីការឡើងថ្លៃរបស់មាស។

ប៉ុន្តែបើតាមអ្នកជំនាញរូបនេះ តម្លៃមាសអាចនឹងធ្លាក់មកវិញនៅត្រឹម២៨៥០ដុល្លារ ឬ ២៨២០ដុល្លារក្នុងមួយតម្លឹង នាពាក់កណ្តាលខែមិថុនា កក្កដា និងខែសីហា។ ទន្ទឹមនឹងនេះ អ្នកជំនាញមិនជំរុញឱ្យពលរដ្ឋទិញមាសទុកនោះទេ ដោយហេតុថា​ វាអាចលក់ចំណេញបានតិច ប៉ុន្តែសម្រាប់អ្នកមានមាសហើយចង់បញ្ចេញ ពេលនេះ គឺជាពេលដ៏ល្អ។ សូមជម្រាបថា សម្រាប់ទីផ្សារមាសពិភពលោក មិនទាន់ឡើងដល់៣០០០ដុល្លារក្នុងមួយតម្លឹងនៅឡើយទេ ប៉ុន្តែបើបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយដែលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក មាស អាចនឹងបន្តឡើងថ្លៃបន្ថែមទៀតនៅពេលអនាគត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត