​ ត្រីរាជទម្ងន់ជាង១៣០គីឡូក្រាម ត្រូវបានលែងចូលបឹងវិញ
S
Sreyleak Yith
07 ធ្នូ 2024 08:00 AM

រាជធានីភ្នំពេញ៖​​ ត្រីរាជ១ក្បាល ដែលជាប្រភេទជិតផុតពូជពីភពផែនដី និងមានទម្ងន់១៣២គីឡូក្រាម ចាប់បានដោយអ្នកនេសាទ រួចទទួលបានការជួយសង្គ្រោះត្រូវបានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផលសហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ លែងចូលបឹងធម្មជាតិវិញហើយ កាលពីថ្ងៃទី៦ធ្នូ​​​ ឆ្នាំ២០២៤…។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គូសបញ្ជាក់ថា​​ ត្រីរាជនេះប្រវែងដងខ្លួនជាង២ម៉ែត្រ និងមានសុខភាពល្អ ត្រូវអ្នកនេសាទចាប់បានដោយចៃដន្យនៅដាយត្រីគន្លងលេខ៣A (រាជធានីភ្នំពេញ)។ ​​ ​​ត្រីរាជ១ក្បាលនេះធ្លាប់ត្រូវបានក្រុមការងារលែងចូលទៅក្នុងបឹងម្តងរួចហើយកាលពីពេលកន្លង ប៉ុន្តែស្លាកសញ្ញាសម្គាល់នោះបានរបូតចេញពីខ្លួនត្រីបាត់។ ក្រុមការងារបានបំពាក់ស្លាកសញ្ញាម្តងទៀត និងលែងត្រីរាជនោះចូលបឹងធម្មជាតិវិញដោយសុវត្ថិភាពក្នុងគោលបំណងសិក្សាតាមដានការបន្លាស់ទី និងជម្រកក្នុងរដូវប្រាំង។ ក្រសួងបន្ថែមថា ត្រីរាជ ចូលចិត្តរស់នៅតាមទន្លេសាប បឹងទន្លេសាប និងតំបន់មេគង្គលើជាពិសេសតាមអន្លង់នៅក្នុងទន្លេមេគង្គនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែងហើយជាប្រភេទត្រីធ្វើចរាចរឆ្ងាយ។

ត្រីរាជ​​ តែងតែត្រូវចាប់បានជារឿយៗនៅតាមគន្លងដាយត្រីនៅទន្លេសាប ហើយការចាប់បាននេះគឺនៅពេលដែលវាធ្វើចរាចរចេញពីបឹងទន្លេសាប នៅខែតុលាទៅរកកន្លែងពងកូន និងលាក់ខ្លួននៅតាមអន្លង់ជ្រៅៗតាមដងទន្លេមេគង្គលើ។ ពេលវាពេញវ័យអាចបន្តពូជបាននៅពេលមានអាយុចាប់ពី៦ទៅ៨ឆ្នាំ ហើយពួកវាពងកូនចាប់ពីខែមិថុនាទៅដល់ខែកក្កដានៅបឹងទន្លេសាប ហើយកូនត្រីរាជពេលកើតដំបូងមានប្រវែង១២ទៅ១៥សង់ទីម៉ែត្រ។​ សូមជម្រាបថា ត្រីរាជ ស្ថិតក្នុងអម្បូរប៉ង់ហ្គាស៊ីដេ (Pangasiidae) ហើយមានឈ្មោះជាភាសាអង់គ្លេស Mekong Giant Catfish និងមានឈ្មោះវិទ្យាសាស្រ្ត Pangasianodon gigas។ វាអាចមានប្រវែងរហូតដល់៣ម៉ែត្រ និងមានទម្ងន់ប្រមាណ៣០០គីឡូក្រាម។ ត្រីរាជ​​​ ស្ថិតក្នុងក្រុមត្រីដែលពុំមានស្រកី មានស្បែករលោង ពុកមាត់ខ្លី២គូ ព្រុយខ្នងច្បាស់ និងទ្រនុងរឹងចំនួន៧ ព្រុយខ្លាញ់តូច ព្រុយគូទវែងមិនជាប់ជាមួយកន្ទុយ និងមានមាត់នៅនៅខាងក្រោម។

គួរដឹងដែរថា ត្រីរាជ ត្រូវបានហាមឃាត់ការធ្វើនេសាទ ទិញ-លក់ និងដឹកជញ្ជូន តាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ តាមរយៈក្រមនេសាទមួយ នៅឆ្នាំ១៩៥៦ និងបច្ចុប្បន្នតាមរយៈអនុក្រឹត្យ នៅឆ្នាំ២០០៩ ស្តីពីប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា(ទឹកសាប)។ ទន្ទឹមនឹងនោះ ត្រីរាជ ក៏ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែងយ៉ាងខ្លាំង ឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ IUCN ហើយត្រីនេះត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១របស់អនុសញ្ញាសាយតេស(CITES)ដែលហាមដាច់ខាតការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូនផ្សេងៗ៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត