
រាជធានីភ្នំពេញ៖ ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប សហការជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងម្ចាស់ដាយត្រី លែងប្រភេទត្រីកំពុងរងគ្រោះចំនួន១១ក្បាល ចូលទៅក្នុងទន្លេសាបវិញ។ នេះបើយោងតាមការឱ្យដឹងពីមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃ៦ធ្នូ...។

មន្រ្តីក្រសួងកសិកម្ម គូសបញ្ជាក់ថា ប្រភេទត្រីកំពុងរងគ្រោះដែលបានដោះលែងនោះ មានរហូតដល់១១ក្បាលមានដូចជា៖ ត្រីរាជចំនួន១ក្បាល មានទម្ងន់៤២គីឡូក្រាម ប្រវែង១៥០សង់ទីម៉ែត្រ និងត្រីប្រាចំនួន១០ក្បាលមានទម្ងន់ចាប់ពី១០ ទៅ២៥គីឡូក្រាម និងមានប្រវែងចាប់ពី១១០ទៅ១៥០សង់ទីម៉ែត្រ។ នេះជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យ ដែលក្រុមការងារបានលែងត្រីក្នុងថ្ងៃពេញបូណ៌មី ចុងក្រោយបំផុតក្នុងឆ្នាំ២០២៥ សបញ្ជាក់ឱ្យឃើញអំពីការទទួលខុសត្រូវរបស់គ្រប់គ្នាក្នុងការការពារ និងថែរក្សាធនធានជលផលទន្លេមេគង្គឱ្យមាននិរន្តរភាព។

ជាមួយគ្នានេះដែរ ក្រសួងក៏បានថ្លែងអំណរគុណដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ក៏ដូចជាម្ចាស់ដាយត្រីលេខ២សេ និង២ដេ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការជួយសម្រួលដល់ក្រុមការងារស្រាវជ្រាវចុះទៅបំពាក់ស្លាកដើម្បីសិក្សា និងស្វែងយល់ពីការផ្លាស់ទីជម្រកនៅរដូវប្រាំង និងលែងត្រីចូលទៅជម្រកធម្មជាតិវិញ៕




