ត្រីរាជ៤ក្បាលត្រូវបានបំពាក់​​ស្លាកសញ្ញាម្ដងទៀត និងលែងចូលបឹងវិញ
S
Sreyleak Yith
11 ធ្នូ 2024 09:45 AM

រាជធានីភ្នំពេញ៖​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារ​​សៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤​នេះ បានឱ្យដឹងថា ត្រីរាជ​​ចំនួនក្បាល៤ដែលចាប់បានដោយអ្នកនេសាទ​​ត្រូវ​​ក្រុមការងារនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល​ទឹកសាបនៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពទន្លេមេគង្គបំពាក់​​ស្លាកសញ្ញាម្ដងទៀត និងលែងចូលបឹងធម្មជាតិវិញ​ដោយ​​សុវត្ថិភាព ក្នុងគោលបំណងសិក្សាតាមដានការបន្លាស់ទី និងជម្រក​ក្នុងរដូវប្រាំងរបស់ពួកវា…។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​​ គូសបញ្ជាក់ថា ត្រីរាជ​​ទាំង៤ក្បាលនោះ ទី១.មានទម្ងន់១២០គីឡូក្រាម និងប្រវែងដងខ្លួន២២២សង់ទីម៉ែត្រ ត្រីរាជ​ទី២.មានទម្ងន់៩៥គីឡូក្រាម និងប្រវែងដងខ្លួន២០៣សង់ទីម៉ែត្រ ត្រូវបាន​ចាប់​នៅភូមិកោះតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ រីឯត្រីរាជទី៣.មានទម្ងន់១៣១គីឡូក្រាម និងប្រវែងដង​ខ្លួន២២២សង់ទីម៉ែត្រ​​ ចាប់បាននៅក្នុងឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម និងត្រីរាជទី៤.មានទម្ងន់២៧គីឡូក្រាម និងប្រវែងដងខ្លួន១៣០សង់ទីម៉ែត្រ​​ចាប់បាននៅគន្លងដាយលេខ៣C រាជធានីភ្នំពេញ។​ សូមរំឭកថា​​ កាលពីថ្ងៃទី៦ធ្នូ​​​ ឆ្នាំ២០២៤ កន្លងមក ត្រីរាជ១ក្បាលមានទម្ងន់១៣២គីឡូក្រាមចាប់បានដោយអ្នកនេសាទត្រូវបាន​វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផលសហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គជួយសង្គ្រោះ និងបំពាក់ស្លាកសញ្ញាម្ដងទៀតរួចក៏លែងចូលបឹងវិញដោយសុវត្ថិភាពផងដែរ។

គួរឱ្យដឹងដែរថា​ កាលពីឆ្នាំ២០២៣ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ​​ បានលែងត្រីរាជចំនួន១៣ក្បាលចូលទន្លេមេគង្គវិញ។ សូមជម្រាបថា ត្រីរាជ ត្រូវបានហាមឃាត់ការធ្វើនេសាទ ទិញ-លក់ និងដឹកជញ្ជូន តាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ តាមរយៈក្រមនេសាទមួយនៅឆ្នាំ១៩៥៦ និងបច្ចុប្បន្នតាមរយៈអនុក្រឹត្យនៅឆ្នាំ២០០៩ ស្តីពីប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា(ទឹកសាប)។ ត្រីរាជ ស្ថិតក្នុងបញ្ជីក្រហមដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ហើយត្រីនេះត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១របស់អនុសញ្ញាសាយតេស(CITES)ដែលហាមដាច់ខាតការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូនផ្សេងៗ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត