«ទិវាបរិស្ថានពិភពលោកឆ្នាំ២០២៤» សិល្បករម្នាក់ប្រមូលមងចាស់ៗពីទន្លេធ្វើរូបសំណាក «ត្រីរាជ»
អុន សម្ផស្ស
2 ឆ្នាំមុន

រាជធានីភ្នំពេញ៖ ដើម្បីអបអរសាទរ «ទិវាបរិស្ថានពិភពលោកឆ្នាំ២០២៤» សិល្បករនៅក្នុងសហគមន៍នៃភូមិនេសាទផ្ទះមានជើងសសរខ្ពស់ៗ នៃឃុំកំពង់ឃ្លាំង បឹងទន្លេសាប បានប្រមូលសំណាញ់មងដែលបោះចោលពាសពេញទន្លេ និងតាមច្រាំងទន្លេប្រមាណ ៩៩គីឡូក្រាម មកសាងសងជារូបសំណាក «ត្រីរាជ» ក្នុងន័យលើកកម្ពស់ការយល់ដឹងពីការបោះចោលសំណល់ប្លាស្ទិច ក៏ដូចជាសំណាញ់មងក្នុងសហគមន៍ផ្ទាល់..។

Wonders of the Mekong នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ បញ្ជាក់ថា រូបសំណាកត្រីរាជ ដែលសិល្បករឈ្មោះ រៀម មុនីស៊ីឡុង ដាក់តាំងក្នុងរោងជាងរបស់លោកផ្ទាល់ ដើម្បីបង្ហាញទៅកាន់សិស្សានុសិស្ស និងប្រជាជនក្នុងភូមិ ដើម្បីប្រារព្ធទិវាបរិស្ថានពិភពលោក ឆ្នាំ២០២៤។ លោក រៀម មុនីស៊ីឡុង បញ្ជាក់ថា៖«វាដល់ពេលដែលក្មេងជំនាន់ក្រោយព្រមទាំងអ្នកភូមិក្នុងសហគមន៍កំពង់ឃ្លាំងយើង មានអំនួតដែលបានរស់នៅក្បែរបឹងទន្លេសាប ហើយក៏ជាឱកាសដែលយើងរួមដៃគ្នាការពារប្រភេទត្រីដ៏កម្រនេះ ជាពិសេស គឺមិនចោលសំរាមប្លាស្ទិកចូលក្នុងទន្លេ ជាទីដែលមានសារសំខាន់សម្រាប់ទាំងមនុស្ស និងត្រី»។ ទន្ទឹមគ្នា Wonders of the Mekong បានអបអរដល់លោក ស៊ីឡុង ក្នុងគំនិតផ្តួចផ្តើម និងចំណាយពេលធ្វើការងារ ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក ព្រមទាំងលើកកម្ពស់ការយល់ដឹងការទុកដាក់សំណល់ប្លាស្ទិកនេះទៅកាន់សិស្សានុសិស្សនិងសហគមន៍របស់លោក។

ត្រីរាជ គឺជាត្រីដែលមានដងខ្លួនធំបំផុតមួយ ហើយក៏ជាត្រីកំពុងរងគ្រោះជិតផុតពូជ ក្នុងប្រទេសកម្ពុជាផងដែរ។ ត្រីយក្សទឹកសាបប្រភេទនេះ អាចធំធាត់រហូតដល់ ៣០០គីឡូក្រាម បើសិនជាមិនមានការរំខានក្នុងដំណើរវដ្តនៃជីវិត ឬជម្រករបស់វា។ វាត្រូវបានហាមឃាត់ការធ្វើនេសាទ ទិញ-លក់ និងដឹកជញ្ជូន តាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ តាមរយៈក្រមនេសាទលេខ៨០ ន.ស ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៥៦ និងបច្ចុប្បន្នតាមរយៈអនុក្រឹត្យលេខ១២៣ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា (ទឹកសាប)។ ត្រីរាជ ក៏ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ IUCN ហើយត្រីនេះ ត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១របស់អនុសញ្ញាសាយតេស (CITES) ដែលហាមដាច់ខាត ការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូនផ្សេងៗ៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត