
ក្រុងសៀមរាប៖ រយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍សមរាត្រី (Equinox) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣មីនា ឆ្នាំ២០២៦ កម្ពុជាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានប្រមាណជាង៧ម៉ឺន៤ពាន់នាក់ ទៅរង់ចាំទស្សនាទិដ្ឋភាពដ៏អស្ចារ្យនៃថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន...។

ថ្ងៃដំបូងនៃព្រឹត្តិការណ៍សមរាត្រី មានភ្ញៀវទេសចរជាង២ម៉ឺននាក់ ស្កាត់ពីទីជិតឆ្ងាយ តម្រង់ទៅរង់ចាំទស្សនាទិដ្ឋភាពដ៏អស្ចារ្យព្រះសុរិយារះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ឬហៅថា «សមរាត្រី» ចាប់ពីម៉ោង៥ព្រឹក រហូតដល់ម៉ោង៧:៣០នាទីព្រឹក។ ហាក់មិនខុសគ្នា ភ្ញៀវទេសចរនៅតែបន្តទៅចូលរួមទស្សនាទិដ្ឋភាពយ៉ាងស្រស់ត្រកាលប្រមាណជាង៣ម៉ឺននាក់បន្ថែមទៀត នៅថ្ងៃទី២នៃព្រឹត្តិការណ៍។ អាជ្ញាធរជាតិអប្សរាថែមទាំងចាត់ទុក«សមរាត្រី»ថា៖«ជាភស្តុតាងដែលបង្ហាញពីចំណេះដឹងផ្នែកតារាសាស្ត្រ និងស្ថាបត្យកម្មដ៏ខ្ពង់ខ្ពស់នៃអាណាចក្រខ្មែរ»។ អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ នៅថ្ងៃទី៣នៃព្រឹត្តិការណ៍នេះ ក៏បានបង្ហោះរូបភាពបង្ហាញពីទិដ្ឋភាពភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមទស្សនា និងផ្តិតយករូបភាពដ៏កម្រ និងអស្ចារ្យនៅប្រាសាទដ៏អច្ឆរិយមួយនេះ។

គួរជ្រាបថា ជារៀងរាល់ឆ្នាំព្រឹត្តិការណ៍ «សមរាត្រី» តែងកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ ប្រាសាទអង្គរវត្ត មានព្រឹត្តិការណ៍សមរាត្រីកើតឡើង មិនមែនជារឿងចៃដន្យទេ វាជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ដែលបានរៀបចំស្ថាបត្យកម្ម ប្លង់របស់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិឱ្យប្រាសាទអង្គរវត្ត បង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះឡើង។ អាចនិយាយបានថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកណ្ដាលនៃកំពូលប្រាសាទអង្គរវត្ត ហើយប្រហែលថា អច្ឆរិយនេះ កើតមានតែនៅលើប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាតែប៉ុណ្ណោះ ចំណែកឯសំណង់បុរាណជាច្រើននៅប្រទេសដទៃទៀតក្នុងពិភពលោក គឺមិនអាចរៀបចំដូច្នេះបានទេ៕





