ថ្ងៃដំបូងនៃបាតុភូត«សមរាត្រី»ស្រូបទាញភ្ញៀវទេសចរបានជាង២ម៉ឺននាក់
អុន សម្ផស្ស
21 មីនា 2025 08:15 AM

ក្រុងសៀមរាប៖ ភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងច្រើនកុះករប្រមាណជាង២ម៉ឺននាក់បានរួតរះក្រោកតាំងពីព្រលឹមស្រាងៗស្កាត់ពីទីជិតឆ្ងាយ តម្រង់ទៅរង់ចាំទស្សនាទិដ្ឋភាពដ៏អស្ចារ្យថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ឬហៅថា «សមរាត្រី»។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥…។

ក្រៅពីគយគន់ទិដ្ឋាភាពព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ភ្ញៀវទេសចរទាំងនោះ ក៏បានឆ្លៀតចូលទស្សនាសម្រស់ប្រាសាទនាពេលព្រឹកផងដែរ។ តាមការឱ្យដឹងពីមន្ត្រីអាជ្ញាធរ៖«នៅព្រឹកថ្ងៃទី២១មីនានេះ ចាប់តាំងពីម៉ោង៥ព្រឹកមក ភ្ញៀវទេសចរជាតិ-អន្តរជាតិ[..]បានមករង់ចាំទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនេះនៅខាងមុខប្រាសាទអង្គរវត្ត»។ ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត-Equinox Angkor ឆ្នាំ២០២៥ ជាបាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត នឹងកើតមាននៅចន្លោះថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង៥:០០នាទីទៀបភ្លឺដល់ម៉ោង៧:០០នាទីព្រឹក។ នេះបើតាមក្រសួងទេសចរណ៍បញ្ជាក់។

សូមជម្រាបថា រៀងរាល់ឆ្នាំព្រឹត្តិការណ៍«សមរាត្រី» តែងកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ ប្រាសាទអង្គរវត្ត មានព្រឹត្តិការណ៍សមរាត្រីកើតឡើង មិនមែនជារឿងចៃដន្យទេ វាជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ដែលបានរៀបចំស្ថាបត្យកម្ម ប្លង់របស់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិឱ្យប្រាសាទអង្គរវត្ត បង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះឡើង។ អាចនិយាយបានថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកណ្ដាលនៃកំពូលប្រាសាទអង្គរវត្ត ហើយប្រហែលថាអច្ឆរិយនេះ កើតមានតែនៅលើប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាតែប៉ុណ្ណោះ ចំណែកឯសំណង់បុរាណជាច្រើននៅប្រទេសដទៃទៀតក្នុងពិភពលោក គឺមិនអាចរៀបចំដូច្នេះបានទេ ទោះបីនៅប្រាសាទភ្នំរូង(បច្ចុប្បន្នស្ថិតក្នុងប្រទេសថៃ) មានថ្ងៃរះចំក្លោងទ្វេរច្រកចូល ក៏មិនស្រស់ស្អាតខ្លាំងដូចនៅអង្គរវត្តដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត