ព្រឹត្តិការណ៍«សមរាត្រីនៅអង្គរវត្ត»ក្នុងខែមីនា កាន់តែពិសេស អ្នកចូលរួមមានឱកាសឈ្នះរង្វាន់តាមរយៈការថតរូប
អុន សម្ផស្ស
27 កុម្ភៈ 2024 11:00 AM

ខេត្តសៀមរាប៖ កាន់តែពិសេសមិនធ្លាប់មានពីមុនមក ក្រសួងទេសចរណ៍កម្ពុជា ប្រកាសរៀបចំកម្មវិធីប្រកួតប្រជែង «រូបថតព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត» ដែលនឹងកើតមានជាលើកទី១ ក្នុងឆ្នាំនេះចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ខណៈអ្នកដែលឈ្នះ និងទទួលបានរង្វាន់ចាប់ពី៥០ម៉ឺនរៀន រហូតដល់១លានរៀល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រសួងបញ្ជាក់ថា៖«ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត-Equinox Angkor ឆ្នាំ២០២៤ ដែលត្រូវបានគេ ស្គាល់ថា ជាបាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ត្រូវបានគេរំពឹងថា នឹងកើតមាននៅចន្លោះថ្ងៃទី២០ ដល់២២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៥:០០នាទី ដល់ម៉ោង៧:០០នាទីព្រឹក»។ ហេតុនេះ ដើម្បីផ្សព្វផ្សាយ និងលើកទឹកចិត្តដល់គ្រប់ភ្ញៀវទេសចរចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឱ្យបានកុះករ និងប្រកបដោយភាពរីករាយក្រសួងទេសចរណ៍នឹងរៀបចំកម្មវិធី «ការប្រកួតប្រជែងរូបថត សមរាត្រីអង្គរអច្ឆរិយៈ(Equinox Angkor Photo Contest)»។ សម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ចង់ចូលរួម ត្រូវជ្រើសរើសរូបថតព្រឹត្តិការណ៍ «សមរាត្រីនៅប្រាសាទអង្គរវត្តឆ្នាំ២០២៤» ដែលខ្លួនបានថតដោយផ្ទាល់ផ្ញើទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍។ ការផ្ញើរូបថតនោះទៀតសោតត្រូវភ្ជាប់ជាមួយឈ្មោះ និងលេខទូរសព្ទ (ដែលអាចប្រើប្រាស់ Telegram)។ ក្រសួងនឹងចាប់ផ្តើមបើកទទួលរូបថតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ ក្រោយបិទបញ្ជប់ទទួលរូបភាពក្រុមការងារជំនាញ ក្រសួងនឹងធ្វើការវាយតម្លៃរូបថតណា ដែលស្អាតជាងគេចំនួន១០សន្លឹកផ្សព្វផ្សាយនៅលើគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយនានារបស់ក្រសួងទេសចរណ៍។ ទន្ទឹមគ្នានោះក្រសួងអះអាងបន្ថែមថា ជ័យលាភីរូបថតចំនួន៣នាក់ នឹងទទួលបានរង្វាន់ជាទឹកប្រាក់ចាប់ពី ៥សែនរៀល រហូតដល់ ១លានរៀល

កម្ពុជា ត្រូវបានជ្រើសរើសជាគោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ី ឆ្នាំ២០២៣ (Cambodia: Asia’s Leading CulturalDestination 2023) និងគោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ី ឆ្នាំ២០២៣ (Cambodia: Asia’s Leading Youth Travel Destination 2023) តាមរយៈការបោះឆ្នោតលើប្រព័ន្ធអនឡាញពីអ្នកជំនាញក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ប្រព័ន្ធផ្សព្វផ្សាយនានា និងអ្នកប្រើប្រាស់បណ្តាញសង្គមជុំវិញពិភពលោក រៀបចំដោយ ក្រុមហ៊ុន World Travel Awards មានទីស្នាក់ការនៅចក្រភពអង់គ្លេស។ វិស័យទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា បានឈ្នះពានរង្វាន់មួយនេះ ចំនួន២ឆ្នាំជាប់ៗគ្នាដោយនៅឆ្នាំ២០២២ ប្រតិភូក្រសួងទេសចរណ៍កម្ពុជាធ្លាប់បានទៅទទួលពានរង្វាន់នេះ ដោយផ្ទាល់ក្នុងឱកាសប្រារព្ធខួបទី២៩ឆ្នាំ របស់ក្រុមហ៊ុន World Travel Awards ក្នុងកម្មវិធី World Travel Awards’ Asia & Oceania Gala Ceremony 2022 នៅទីក្រុងព្រៃនគរ(ហូជីមិញ) ប្រទេសវៀតណាម។ មួយវិញទៀត នៅឆ្នាំ២០២៣ ភ្ញៀវទេសចរបានដាក់ពិន្ទុប្រាសាទអង្គរវត្តជាប់លេខ១ ជាទីតាំងមើលថ្ងៃរះស្អាតបំផុតនៅលើពិភពលោក និងនៅអាស៊ីអាគ្នេយ៍។ នេះបើតាមការផ្សាយដោយ Seasia Stats ដកស្រង់ប្រភពពីសារព័ត៌មានអង់គ្លេស Mornings.co.uk នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។

ប្រាសាទអង្គរវត្ត ក៏បានជាប់ចំណាត់ថ្នាក់លេខ១ជាទីតាំងដ៏ល្អបំផុតសម្រាប់ទស្សនា បើធៀបនឹងទីតាំងដ៏ល្អបំផុតទាំង២៩ នៅតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការសិក្សាដោយគេហទំព័រ Touropia Travel Guides ដែលជាគេហទំព័របង្ហាញពីទេសភាពដ៏អស្ចារ្យបំផុតនៅជុំវិញពិភពលោក ចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១។ សូមរំឭកថា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ មកទស្សនាខេត្តសៀមរាប ក្នុងខែមករា ឆ្នាំ២០២៤នេះ កើនឡើងជិត ៥០ភាគរយបើធៀបនឹងខែមករាឆ្នាំមុន ខណៈចំនួនភ្ញៀវទេសចរជាតិថយចុះ។ ក្នុងចំណោមភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត២៧ម៉ឺននាក់នោះ បានមកទស្សនាកម្សាន្តនៅតាមតំបន់ប្រាសាទ, តំបន់រមណីយដ្ឋានធម្មជាតិភ្នំគូលែន តំបន់រមណីយដ្ឋានធម្មជាតិក្បាលស្ពាន តំបន់បឹងទន្លេសាប និងរមណីយដ្ឋានសហគមន៍តាមបណ្តាក្រុងស្រុក រួមទាំងរមណីយដ្ឋានកែច្នៃផ្សេងៗជាច្រើនកន្លែងទៀត។ នេះបើយោងតាមការបញ្ជាក់របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបនាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត