
ក្រុងសៀមរាប៖ ព្រឹត្តិការណ៍សមរាត្រី ឬ ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត នាព្រលឹមស្រាងៗថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦នេះ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង៣ម៉ឺននាក់ មកផ្ដិតយកទិដ្ឋភាពដ៏កម្រ និងអស្ចារ្យនៅប្រាសាទដ៏អច្ឆរិយៈមួយនេះ...។

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅព្រឹកថ្ងៃទី២២មីនានេះថា៖ នាព្រឹកព្រលឹមថ្ងៃនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៣ម៉ឺននាក់ បានធ្វើដំណើរមកពីគ្រប់ទិសទី ដើម្បីទស្សនាព្រឹត្តិការណ៍សមរាត្រី (Equinox) ដែលជាទិដ្ឋភាពព្រះសុរិយារះឡើងចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត យ៉ាងស្រស់ត្រកាលបំផុត។ នេះជាភស្តុតាងដែលបង្ហាញពីចំណេះដឹងផ្នែកតារាសាស្ត្រ និងស្ថាបត្យកម្មដ៏ខ្ពង់ខ្ពស់នៃអាណាចក្រខ្មែរ។

សូមជម្រាបថា ព្រឹត្តិការណ៍សមរាត្រី តែងកើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ ដោយលើកទី១ គឺសមរាត្រីរដូវប្រាំង (Vernal Equinox) អាចនឹងកើតឡើងនៅខែមីនា និងលើកទី២ គឺសមរាត្រីរដូវវស្សា (Autumnal Equinox) ដែលអាចនឹងកើតឡើងនៅខែកញ្ញា។ សមរាត្រីរដូវប្រាំង កើតឡើងនៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ចាប់ពីវេលាម៉ោង៥ ដល់ម៉ោង៦:៣០ព្រឹក។ សម្រាប់លោកអ្នកដែលមិនទាន់បានទៅទស្សនា កុំអាលអស់សង្ឃឹម ព្រោះលោកអ្នកនៅតែអាចមកគយគន់ទិដ្ឋភាពដ៏វិសេសវិសាលនេះ បានរហូតដល់ថ្ងៃទី២៣មីនា មួយថ្ងៃទៀត ដូច្នេះ សូមកុំរំលងឱកាសផ្ដិតយកនូវអនុស្សាវរីយ៍ដ៏កម្រនេះ ជាមួយអច្ឆរិយវត្ថុរបស់ពិភពលោកនៃកម្ពុជា៕






