
ក្រុងសៀមរាប៖ ក្នុងថ្ងៃទីពីរនៃព្រឹត្តិការណ៍«សមរាត្រី»ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែច្រើន បានបន្តមកទស្សនាទិដ្ឋភាពដ៏អស្ចារ្យនៅប្រាសាទអង្គរវត្ត ពោលគឺកើនឡើងរហូតដល់ជិត៤ម៉ឺននាក់ បើធៀបទៅនឹងថ្ងៃទី១ ដែលមានជាង២ម៉ឺននាក់។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរានៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។

អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរជិត៤ម៉ឺននាក់ដែលមកទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ភ្ញៀវទេសចរជាតិ មានជាង៣,៣ម៉ឺននាក់ និងភ្ញៀវទេសចរបរទេស មានជាង៣,៥ពាន់នាក់។ សូមរំឭកថា ក្នុងថ្ងៃទី១នៃបាតុភូតនេះ គឺថ្ងៃទី២១មីនា បានស្រូបទាញភ្ញៀវទេសចរប្រមាណជាង២ម៉ឺននាក់។ ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត ឆ្នាំ២០២៥ ជាបាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត កើតឡើងនៅចន្លោះថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែមីនា ចាប់ពីវេលាម៉ោង៥ទីទៀបភ្លឺដល់ម៉ោង៧ព្រឹក។ នេះបើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍។

រៀងរាល់ឆ្នាំព្រឹត្តិការណ៍«សមរាត្រី» តែងកើតមាន២ដង គឺនៅរដូវប្រាំង កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា កើតទ្បើងនៅខែកញ្ញា។ ប្រាសាទអង្គរវត្ត មានព្រឹត្តិការណ៍សមរាត្រីកើតឡើង មិនមែនជារឿងចៃដន្យទេ វាជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ដែលបានរៀបចំស្ថាបត្យកម្ម ប្លង់របស់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិឱ្យប្រាសាទអង្គរវត្ត បង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះឡើង។ អាចនិយាយបានថា ព្រឹត្តិការណ៍ពិសេសនេះ កើតមានតែនៅលើប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាប៉ុណ្ណោះ៕





