
សុខភាព៖ ទម្លាប់នៃការរស់នៅ និងការទទួលទានអាហារប្រចាំថ្ងៃ ពិតជាសំខាន់សម្រាប់រាងកាយ។ ខាងក្រោមនេះ ជាវិធីដែលជួយឱ្យលោកអ្នកមានសុខភាពល្អ។

១.ពិសារទឹកក្រូចឆ្មារ៖ ទឹកក្រូចឆ្មារ មានប្រសិទ្ធភាពល្អសម្រាប់សុខភាព ទោះមិនសូវឆ្ងាញ់ដូចទឹកក្រូច ឬភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ។ ទឹកក្រូចឆ្មារ និងអំបិល អាចជួយបណ្តេញសារធាតុពុលពីក្នុងខ្លួន ហើយជួយឱ្យគីឡូក៏ស្រកដែរ។ ទឹកក្រូចឆ្មារ ជួយជំរុញដំណើរបំប្លែងអាហារជាថាមពល ដែលជួយឱ្យរាងកាយប្រើប្រាស់ថាមពលបានល្អ និងមិនទាមទារកាឡូរីបន្ថែមទៀត។ ២.ទទួលទានកាហ្វេ៖ កាហ្វេផ្តល់គុណវិបត្តិដល់សុខភាព តែក៏មានគុណសម្បត្តិដែរ។ គុណសម្បត្តិ គឺកាហ្វេសុទ្ធធម្មជាតិ អាចជួយឱ្យថង់ប្រមាត់មានសុខភាពល្អ។ យោងតាមការស្រាវជ្រាវបង្ហាញថា កាហ្វេជំរុញថង់ប្រមាត់ឱ្យមានចលនាកន្ត្រាក់ ហើយចលនានេះ មានប្រយោជន៍ដែលបង្ការមិនឱ្យមានក្រួស ឬគ្រាប់តូចល្អិតផ្សេងៗ ប្រមូលផ្តុំបង្កជាគ្រាប់ក្រួសធំៗក្នុងថង់ប្រមាត់។ ដូច្នេះ ការទទួលទានកាហ្វេក្នុងបរិមាណសមល្មមអាចជួយរឿងទាំងនេះបាន។

៣.ទទួលទានអាហារពេលព្រឹក៖ ក្រោកពីព្រឹកមានអារម្មណ៍ថា មិនចង់បរិភោគអីនោះទេ តែវាជាកំហុសដ៏ធំមួយ ពេលចង់ស្រកទម្ងន់ ឬរក្សាទម្ងន់ឱ្យនៅថេរ។ ផ្អែកតាមការណែនាំរបស់អ្នកជំនាញនៃវិទ្យាស្ថានស្រាវជ្រាវ និងគ្រប់គ្រងហានិភ័យឡើងទម្ងន់សហរដ្ឋអាម៉េរិក ការទទួលទានអាហារពេលព្រឹក ជួយឱ្យឆ្អែតបានយូរ និងបង្ការមិនឱ្យឃ្លានអាហារផ្តេសផ្តាស ឬបរិភោគច្រើននៅពេលថ្ងៃ។ ៤.ពិសារទឹកទំពាំងបាយជូរស្រស់៖ មានអាការឈឺក្បាលភាគច្រើនកើតដោយសារសមាសធាតុក្នុងខួរក្បាល ដូចជា សេរ៉ូតូនីនគ្មានតុល្យភាព។ ទំពាំងបាយជូរសម្បូរជាតិវីតាមីន A, C និង B2 ហើយជាពិសេសវីតាមីន B2 អាចជួយព្យាបាលអាការឈឺក្បាល ឬប្រកាំង។

៥.ទទួលទានត្រីសាល់ម៉ុន៖ សាច់ត្រីសាល់ម៉ុន សម្បូរវីតាមីន D និងអូមេហ្កា៣ ដែលជាខ្លាញ់ល្អសំខាន់សម្រាប់រក្សាសក់ឱ្យមានសំណើម។ អូមេហ្កាក្នុងត្រីសាល់ម៉ុង ជួយរក្សាស្បែកក្បាល ផ្តល់សំណើម និងសម្អាតរន្ធតូចៗនៃស្បែកក្បាលឱ្យមានសុខភាពល្អ៕ ដកស្រង់ចេញពី៖ Hello គ្រូពេទ្យ



