
រដ្ឋធានីព្យុងយ៉ាង៖ ស្របពេលកែវភ្នែកពិភពលោកសម្លឹងមើលតំបន់មជ្ឈិមបូព៌ា កំពុងឆាបឆេះដោយភ្លើងសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ ស្រាប់តែមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ឆ្លៀតឱកាសនេះ សម្ញែងសាច់ដុំយោធាដ៏គួរឱ្យព្រឺព្រួច។ ទន្ទឹមនឹងមេដឹកនាំផ្តាច់ការរូបនេះចុះត្រួតពិនិត្យផ្ទាល់ ពីការបាញ់សាកល្បងមីស៊ីលតម្រង់ទិសយុទ្ធសាស្ត្រ ចេញពីនាវាពិឃាតធុនធ្ងន់ជំនាន់ថ្មីទម្ងន់ ៥០០០តោន ដែលជាការបញ្ជូនសារព្រមានយ៉ាងច្បាស់ ថារដ្ឋធានីព្យុងយ៉ាងត្រៀមខ្លួនរួចជាស្រេចក្នុងការបើកសមរភូមិសង្គ្រាម ខណៈអាវុធរបស់ខ្លួនទុកចោលក្នុងឃ្លាំងឡើងចង់ដុះផ្សិតទៅហើយ។

លោក គីម បានចុះត្រួតពិនិត្យផ្ទាល់ពេលបាញ់បង្ហោះមីស៊ីលពីសមុទ្ទទៅដីគោក ចេញពីនាវាពិឃាតឈ្មោះ ឆូ យ៉ុន (Choe Hyon) កាលពីថ្ងៃពុធទី៤ ខែមីនា ខណៈមេដឹកនាំរូបនេះ បានវាយតម្លៃថា ការសាកល្បង គឺជាធាតុផ្សំស្នូលនៃសមត្ថភាពនាវាចម្បាំងជំនាន់ថ្មី ដែលជានិមិត្តរូបថ្មីនៃការការពារដែនសមុទ្ទសម្រាប់ប្រទេសជាតិកូរ៉េខាងជើង។ ទន្ទឹមនេះ ក៏មានការអំពាវនាវឱ្យផលិតនាវាចម្បាំងប្រភេទនេះកាន់តែច្រើនផងដែរ។ «កម្លាំងកងទ័ពជើងទឹករបស់យើង សម្រាប់ការវាយប្រហារពីក្រោមទឹក និងលើទឹក នឹងរីកចម្រើនយ៉ាងឆាប់រហ័ស។ ការបំពាក់អាវុធនុយក្លេអ៊ែរឱ្យកងទ័ពជើងទឹក កំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់» នេះជាសម្តីច្បាស់ៗរបស់លោក គីម ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌ KCNA។

គេនៅចាំបានថា កាលពីខែឧសភា ឆ្នាំ២០២៥ កម្មវិធីធ្វើទំនើបកម្មយោធាជើងទឹកដ៏មានមហិច្ឆតារបស់កូរ៉េខាងជើង បានជួបប្រទះការរំខានយ៉ាងខ្លាំង នៅពេលដែលនាវាពិឃាតប្រភេទ ឆូ យ៉ុន ក្លាស (Choe Hyon-class) គ្រឿងទី២ ក្រឡាប់ក្នុងអំឡុងពេលពិធីសម្ពោធនាវាឱ្យចូលទៅក្នុងទឹក។ ការសាកល្បងមីស៊ីលនៅសប្តាហ៍នេះ កើតឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង បានសន្យាកាលពីចុងខែកុម្ភៈ ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន នៅក្នុងសមាជបក្សពលករដែលប្រារព្ធឡើង៥ឆ្នាំម្ដង។ លោក គីម បានប្រាប់សមាជបក្សថា បក្សកាន់អំណាចកំពុងប្រឈមមុខនឹងភារកិច្ចប្រវត្តិសាស្ត្រដ៏ធ្ងន់ធ្ងរ និងបន្ទាន់ ក្នុងការជំរុញការកសាងសេដ្ឋកិច្ច និងកម្រិតជីវភាពរបស់ប្រជាជន។ ទោះជាយ៉ាងណាក៏ដោយ កូរ៉េខាងជើង នៅតែបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងភាពខ្លាំងខាងយោធាជាចម្បង ដោយអះអាងថា វាជារឿងចាំបាច់ដើម្បីទប់ទល់នឹងសម្ពាធពីសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង៕





