ប្រទេសជាង២០ ចាប់ដៃគ្នាត្រៀមប្រើកម្លាំងបើកច្រកសមុទ្ទហ័រមូស្សឡើងវិញ
N
Nary Vann
2 ថ្ងៃមុន

មជ្ឈិមបូព៌ា៖ ក្នុងជំហានដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ប្រទេសចំនួន២២ ភាគច្រើនជាប្រទេសនៅបណ្តាតំបន់អឺរ៉ុប រួមទាំងអារ៉ាប់រួម (UAE) និងបារ៉ែន បានចេញសេចក្តីថ្លែងការណ៍រួមគ្នាថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះការបិទច្រកសមុទ្ទហ័រមូស្សដោយខុសច្បាប់ ពីសំណាក់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងបានប្រកាសត្រៀមខ្លួនរួចចូលរួមចំណែក «ធានាសុវត្ថិភាពផ្លូវទឹក»ឡើងវិញ...។

ក្រុមសម្ព័ន្ធមិត្តបានលើកឡើងថា៖«យើងថ្កោលទោសក្នុងកម្រិតធ្ងន់បំផុត ចំពោះការវាយប្រហារនាពេលថ្មីៗនេះដោយអ៊ីរ៉ង់ លើនាវាពាណិជ្ជកម្មដែលគ្មានអាវុធ ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងការដំឡើងប្រព័ន្ធប្រេង និងឧស្ម័ន និងការបិទច្រកសមុទ្ទហ័រមូស្ស»។ ក្រុមប្រទេសទាំងនោះ បន្ថែមថា ពិភពលោកមិនអាចបណ្តោយឱ្យផ្លូវទឹកដ៏សំខាន់នេះ ស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់បានឡើយ ហើយពួកគេស្វាគមន៍រាល់ផែនការត្រៀមលក្ខណៈយោធា ដើម្បីបើកផ្លូវទឹកនេះឡើងវិញ។

យោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគ Kpler ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៩ ខែមីនា ចំនួននាវាដឹកទំនិញ ដែលឆ្លងកាត់ច្រកសមុទ្ទនេះមានត្រឹមតែ១១៦គ្រឿងប៉ុណ្ណោះ ពោលគឺបានធ្លាក់ចុះដល់ទៅ៩៥ភាគរយ បើធៀបនឹងពេលធម្មតា។ ការបិទខ្ទប់នេះ បានធ្វើឱ្យតម្លៃថាមពលសកលហក់ឡើងខ្ពស់កប់ពពក ព្រោះច្រកសមុទ្ទហ័រមូស្ស គឺជាសរសៃឈាមដែលប្រេង និងឧស្ម័នរហូតដល់ទៅ២០ភាគរយ នៃតម្រូវការពិភពលោក ធ្វើដំណើរឆ្លងកាត់ ចែកចាយទៅកាន់ទីផ្សារប្រេងពិភពលោក។

សម្ព័ន្ធមិត្តអន្តរជាតិ បានអំពាវនាវឱ្យមានការបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាបន្ទាន់ ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានដាក់ឱសានវាទ៤៨ម៉ោងរួចទៅហើយ មុននឹងឈានដល់ការវាយប្រហារកម្ទេចរោងចក្រអគ្គិសនីអ៊ីរ៉ង់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត