
រាជធានីភ្នំពេញ៖ ក្រុមហ៊ុនម៉ាឡេស៊ី QL Resources Berhad (ឃ្យូអ៊ិល រីហ្សស់ បឺហាដ) គ្រោងបង្កើតក្រុមហ៊ុនពាណិជ្ជកម្មនៅកម្ពុជា ដើម្បីប្រមូលទិញ និងនាំចេញពោតក្រៀមពីកម្ពុជាទៅកាន់ទីផ្សារប្រទេសម៉ាឡេស៊ី…។

គម្រោងនេះ ត្រូវបានប្រកាសឡើង ក្នុងជំនួបពិភាក្សារវាងលោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា ដឹកនាំដោយលោក តាន ឃីម៉េង (Tan Khee Meng) ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងលោក ឈា សឹងប៉ាវ (Chia Seong Pow) តំណាងក្រុមហ៊ុន QL Resources Berhad កាលពីថ្ងៃទី២២មីនា ឆ្នាំ២០២៦។ ជំនួបនេះរៀបចំឡើងដើម្បីពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការជំរុញវិស័យកសិ-ឧស្សាហកម្ម និងការពង្រីកទីផ្សារនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារតំបន់។

នៅចំពោះមុខមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម តំណាងក្រុមហ៊ុនម៉ាឡេស៊ីខាងលើ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបង្កើតក្រុមហ៊ុនពាណិជ្ជកម្មនៅកម្ពុជា ដើម្បីប្រមូលទិញ និងនាំចេញពោតក្រៀមពីកម្ពុជាទៅកាន់ទីផ្សារម៉ាឡេស៊ី។ ក្រៅពីពោតក្រៀម ក្រុមហ៊ុនខាងលើ ក៏មានបំណងក្នុងការវិនិយោគលើកសិដ្ឋានចិញ្ចឹមបសុបក្សីសមាហរណកម្មបែបទំនើប ដែលនឹងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ស្របតាមស្ដង់ដាឧស្សាហកម្ម ដើម្បីពង្រឹងសមត្ថភាពផលិត។

ជាការឆ្លើយតប លោក សំហេង បូរ៉ា បានបង្ហាញការគាំទ្រ និងត្រៀមលក្ខណៈជួយសម្របសម្រួលជូនក្រុមហ៊ុនចំពោះគម្រោងវិនិយោគ និងការបង្កើតក្រុមហ៊ុនពាណិជ្ជកម្មខាងលើ។ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរូបនេះ ក៏បានលើកទឹកចិត្តឱ្យភាគីក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការនាំយកផលិតផលសក្តានុពលរបស់កម្ពុជា ជាពិសេស ការជំរុញនាំចេញគ្រាប់ស្វាយចន្ទី ដើម្បីដាក់លក់ក្នុងបណ្តាញទីផ្សារប្រទេសម៉ាឡេស៊ី។ គួរកត់សម្គាល់ថា បន្ទាប់ពីចិន គឺម៉ាឡេស៊ីជាប្រភពវិនិយោគផ្ទាល់ធំជាងគេទីពីរនៅកម្ពុជា ក្នុងខែមករា ឆ្នាំ២០២៦នេះ៕




