
រាជធានីភ្នំពេញ៖ ការលើកឡើងបែបនេះ ក្នុងពិធីបិទ «មហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦» កាលពីរសៀលថ្ងៃទី២៨មករា ដែល លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជម្រាបជូនទៅកាន់បណ្ដាក្រុមហ៊ុន ម្ចាស់សហគ្រាសធំៗនៅក្នុងស្រុក ដែលបានអញ្ជើញចូលរួម…។

រដ្ឋមន្រ្តីពាណិជ្ជកម្ម គូសបញ្ជាក់ថា ការចងក្រងគ្នាជាសហព័ន្ធ ឬជាសមាគម រវាងក្រុមហ៊ុនសហគ្រាសធំៗក្នុងស្រុក មានផលិតផលដូចគ្នា នឹងជួយបង្កើនបរិមាណផលិត ក៏ដូចជាជំរុញការផ្គត់ផ្គង់ និងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក សំដៅធានាបាន ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រតិគមន៍។ លើសពីនេះ ក្រុមហ៊ុនសហគ្រាសធំៗក្នុងស្រុក ត្រូវបន្តអភិវឌ្ឍខ្លួនពង្រឹងសមត្ថភាព និងផលិតភាព ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីភាពអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងទ្វេភាគីនានា ដែលកម្ពុជាជាសមាជិក និងដើម្បីត្រៀមខ្លួនសម្រាប់ដំណើរចាកចេញដោយរលូនពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា នាឆ្នាំ២០២៩។

លោកស្រី ក៏បានអំពាវនាវដល់វិនិយោគិន ម្ចាស់សហគ្រាសក្នុងស្រុកធំៗ តាមរយៈសភាពាណិជ្ជកម្មរាជធានី-ខេត្ត ឱ្យបន្តចូលរួមរក្សាស្ថិរភាពទីផ្សារក្នុងស្រុក និងចលនាទីផ្សារនៅតាមខេត្ត សម្រាប់អាជីវករ សហគ្រិន និងកសិករខ្នាតតូច នៅតាមមូលដ្ឋាន និងស្រូបទិញកសិផល ជាពិសេស សភាពាណិជ្ជកម្មរាជធានី-ខេត្ត ត្រូវចូលរួមអភិវឌ្ឍសក្តានុពល និងឧត្តមភាពក្នុងមណ្ឌលរាជធានី-ខេត្តនីមួយៗ។ វិស័យឯកជន សូមបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការប្រើប្រាស់ និងដាក់លក់ផលិតផលខ្មែរនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ តាមរយៈការបង្កលក្ខណៈអំណាយផលដល់ការដាក់តាំង និងលក់ផលិតផលខ្មែរ ក៏ដូចជាការចូលរួម និងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មនានាទាំងក្នុង និងក្រៅប្រទេស។

ថ្លែងក្នុងពិធីដដែល លោកស្រី ចម និម្មល អះអាងថា វិស័យឯកជនពិតជារួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញពាណិជ្ជកម្មកម្ពុជា និងរុញច្រានកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការវិនិយោគ, ការធ្វើពិពិធកម្មទំនិញនាំចេញ-នាំចូល, ការលើកកម្ពស់ភាពប្រកួតប្រជែង, ការបង្កើនការចូលរួមក្នុងខ្សែច្រវាក់តម្លៃ និងការផ្គត់ផ្គង់ក្នុងតំបន់ និងសកល។ វាស្របនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចស៊ីជម្រៅទៅក្នុងតំបន់ និងសកលលោក ជាពិសេស ការបន្តចរចាបើកទីផ្សារ សក្តានុពលថ្មីៗទាំងទ្វេភាគី និងពហុភាគី៕




