
រាជធានីភ្នំពេញ៖ ក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការ[ការពារ]សិទ្ធិអ្នកប្រើប្រាស់ និងការចូលរួមអបអរសាទរទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោក កាលពីថ្ងៃទី១៥មីនា លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានណែនាំដល់មន្រ្តីអនុវត្តច្បាប់ ត្រូវពង្រឹងសមត្ថភាព និងអនុវត្តតួនាទីដោយឈរលើគោលការណ៍ច្បាប់ វិជ្ជាជីវៈ ដើម្បីជាបង្អែកដ៏កក់ក្ដៅជូនដល់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់…។

លោកស្រី ចម និម្មល បានឱ្យដឹងថា កិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង ត្រូវបានរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ចាត់ទុកជាវិស័យអាទិភាពតាមរយៈការបញ្ចូលការងារនេះទៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ នៅក្នុងរបៀបវារៈនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងកម្រិតទ្វេភាគី តំបន់ និងអន្តរជាតិ គឺតែងបញ្ចូលជំពូកនៃកិច្ចការការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង កំណត់ជាកិច្ចការចម្បងដែលត្រូវយកចិត្តទុកដាក់។

ដើម្បីជំរុញឱ្យប្រព័ន្ធកិច្ចការពារអ្នកប្រើប្រាស់ឈានដល់ការអភិវឌ្ឍមួយកម្រិតទៀត តាមរយៈកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការចូលរួមអនុវត្តរួមគ្នាប្រកបដោយការយល់គ្នាទៅវិញទៅមក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យមន្ត្រីអនុវត្តច្បាប់បន្តពង្រឹងសមត្ថភាព និងអនុវត្តតួនាទីដោយឈរលើគោលការណ៍ច្បាប់ និងវិជ្ជាជីវៈ ដើម្បីក្លាយជាបង្អែកដ៏កក់ក្ដៅជូនដល់អ្នកប្រើប្រាស់ និងជួយគាំពារលើកស្ទួយដល់ធុរកិច្ចដែលមានអនុលោមភាពឱ្យកាន់តែមានភាពរីកចម្រើន។ ជាពិសេស ប្រតិបត្តិករធុរកិច្ច ត្រូវបន្តអនុវត្តប្រកបដោយសុចរិតភាព និងបរិយាបន្ន គោរពតាមខ្លឹមសារនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងមានការគិតគូរពីអ្នកប្រើប្រាស់ដែលជាជនងាយរងគ្រោះ នឹងនាំមកនូវវិបុលភាពយូរអង្វែងដល់អាជីវកម្មរបស់ខ្លួន។

ដោយឡែក ចំពោះអ្នកប្រើប្រាស់វិញ លោកស្រី ចម និម្មល លើកទឹកចិត្តឱ្យបន្តស្វែងយល់ និងចេះប្រើសិទ្ធិរបស់ខ្លួនឱ្យបានច្បាស់លាស់ សម្រាប់ការពារផលប្រយោជន៍ស្របច្បាប់ តាមរយៈការចូលរួមរាយការណ៍ និងការទាមទារសិទ្ធិដោយសន្តិវិធី ដោយវាជាការចូលរួមចំណែកកសាងសង្គមជាតិ។ សិទ្ធិអ្នកប្រើប្រាស់ សំដៅដល់សិទ្ធិទទួលបានព័ត៌មាននិងការអប់រំ ដើម្បីថ្លឹងថ្លែងនូវភាពខុសគ្នារវាងទំនិញ ឬសេវា និងដើម្បីការពារពីការក្លែងបន្លំ, ការបោកប្រាស់តាមការផ្សាយពាណិជ្ជកម្ម, សិទ្ធិជ្រើសរើសទំនិញ ឬសេវាដែលមានការប្រកួតប្រជែងគ្នាអំពីតម្លៃ និងគុណភាព, សិទ្ធិត្រូវបានដឹងឮពីកង្វល់ និងការពិនិត្យដោះស្រាយពីបញ្ញតិករមានសមត្ថកិច្ច និងរាជរដ្ឋាភិបាល និងសិទ្ធិទាមទារសំណងតាមច្បាប់នេះ ឬតាមច្បាប់ផ្សេងៗ៕




