
មជ្ឈិមបូព៌ា៖ យន្តហោះចម្បាំងបំបាំងកាយ F-35 ដែលត្រូវបានគេប្រសិទ្ធនាមថា ជាមច្ចុរាជលើមេឃ ធ្លាប់ធ្វើឱ្យគេគ្រប់គ្នាភ័យខ្លាច ប៉ុន្តែពេលនេះ បែរជាភ័យស្លន់ស្លោ និងបង្ខំចិត្តចុះចតបន្ទាន់នៅមូលដ្ឋានទ័ពអាកាសមួយក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីត្រូវកងទ័ពឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់តាមបាញ់ប្រហារ...។

ដំណឹងនេះ ស្ដាប់ទៅអាចជារឿងធម្មតាសម្រាប់យន្តហោះយោធា ពេលធ្វើប្រតិបត្តិការលើអាកាស ហើយត្រូវចុះចតគេចចេញពីការវាយប្រហាររបស់ខ្មាំងសត្រូវ ប៉ុន្តែសម្រាប់យន្តហោះចម្បាំងបំបាំងកាយ F-35 មិនមែនជារឿងធម្មតាទេ។ មិនធម្មតាក៏ព្រោះតែ យន្តហោះចម្បាំងបំបាំងកាយ F-35 មួយប្រភេទនេះ មិនងាយនឹងឱ្យខ្មាំងចាប់សញ្ញារ៉ាដារបស់វាបានងាយស្រួលឡើយ ហើយវារឹតតែមិនអាចឱ្យគូសត្រូវតាមប្រមាញ់រហូតដល់ថ្នាក់ភ័យស្លន់ស្លោបែបនេះដែរ។ ទាំងនេះសបញ្ជាក់ឱ្យឃើញថា សមត្ថភាពវាយប្រហាររបស់កងទ័ពឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ មិនអាចមើលស្រាលបាននោះទេ។ ការបញ្ជាក់របស់អ្នកនាំពាក្យបញ្ជាការដ្ឋានកណ្ដាលអាម៉េរិក (CENTCOM) លោកវរសេនីយ៍ត្រី ធីម ហាវគីនស៍ (Tim Hawkins) បានសង្កត់ធ្ងន់ថា យន្តហោះចម្បាំងបំបាំងកាយ F-35 បានចុះចតភ្លាមៗបន្ទាប់ពីវាទទួលសញ្ញាថាមានការវាយប្រហារពីសត្រូវ ដោយពីឡុតមានសុវត្ថិភាព ចំណែកមូលហេតុពិតប្រាកដនៃករណីនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។

ដោយឡែក បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ផ្អែកលើប្រភពមិនបញ្ចេញឈ្មោះ យន្តហោះដែលមានតម្លៃដល់ទៅ១០០លានដុល្លារ ក្នុងមួយគ្រឿងនេះ ទំនងជាត្រូវបានបាញ់ចំដោយកងកម្លាំងអ៊ីរ៉ង់។ ស្របពេលជាមួយគ្នា កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) ក៏បានចេញសេចក្តីថ្លែងការណ៍អះអាងថា ខ្លួនពិតជាបានវាយប្រហារលើយន្តហោះចម្បាំងរបស់សហរដ្ឋអាម៉េរិកមែន។ ប្រសិនបើព័ត៌មាននេះ ត្រូវបានបញ្ជាក់ជាផ្លូវការ វានឹងក្លាយជាករណីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ ដែលមច្ចុរាជលើមេឃ F-35 ត្រូវបានបាញ់ចំដោយសត្រូវក្នុងសមរភូមិ។ សូមជម្រាបថា គិតចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈមក បញ្ជីនៃការបាត់បង់គ្រឿងយុទ្ធោបករណ៍របស់សហរដ្ឋអាម៉េរិក មានការកើនឡើង ដែលរួមមាន៖ ដ្រូន MQ-9 Reaper ប្រមាណ១២គ្រឿង, យន្តហោះចាក់ប្រេង KC-135 រងការខូចខាតចំនួន៥គ្រឿង។

ជាមួយគ្នានេះ យោងតាមរបាយការណ៍ សមាជិកយោធាអាម៉េរិក យ៉ាងហោចណាស់មានមនុស្ស១៣នាក់បានពលីជីវិត និង២០០នាក់ទៀតរងរបួសធ្ងន់ស្រាល។ ដោយឡែក ខាងភាគីអ៊ីរ៉ង់វិញ ចំនួនអ្នកស្លាប់បានកើនឡើងដល់១៤៤៤នាក់ និងរបួសជាង១៨០០០នាក់ ក្នុងរយៈពេលត្រឹមតែ៣សប្តាហ៍នៃជម្លោះនេះ៕


