
រាជធានីភ្នំពេញ៖ ការទុកដាក់កាកសំណល់ដែលលែងប្រើប្រាស់បាន ដោយមិនត្រឹមត្រូវ នឹងនាំឱ្យមានផលប៉ះពាល់ចំពោះសុខភាពមនុស្ស និងបរិស្ថានជាច្រើន។ នេះបើតាមការឱ្យដឹងពីមន្រ្តីជំនាញបរិស្ថាន នាព្រឹកថ្ងៃទី២២មីនា...។

មន្រ្តីបរិស្ថានគូសបញ្ជាក់ថា សំណល់ដែលគ្រប់គ្រងមិនបានល្អ បង្កជាក្លិនស្អុយអសោច និងធ្វើឱ្យដីបាត់បង់គុណភាព។ វាមិនត្រឹមតែបំផ្លាញសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យបរិស្ថានរស់នៅក្លាយជាកន្លែងដែលគ្មានអនាម័យ និងមិនមានសុវត្ថិភាពសម្រាប់សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្ត។ ក្នុងនោះ នឹងមានការរីករាលដាលនៃភ្នាក់ងារចម្លងជំងឺ គឺសត្វល្អិត និងសត្វកកេរ ដូចជា រុយ មូស និងកណ្តុរ។ សត្វទាំងនេះ គឺជាភ្នាក់ងារចម្លងជំងឺគ្រោះថ្នាក់ជាច្រើន រួមមាន៖ គ្រុនឈាម គ្រុនឈីក និងជំងឺឆ្លងដទៃទៀត ដែលប៉ះពាល់ដល់ស្ថិរភាពសុខភាពសហគមន៍។

មួយវិញទៀត បើសំណល់បោះចោលក្បែរប្រភពទឹក ពេលមានភ្លៀង អាចនាំយកសារធាតុពុលចូលទៅក្នុងទន្លេ ស្ទឹង អណ្តូង និងទឹកក្រោមដី។ ការប្រើប្រាស់ទឹកដែលរងការបំពុលនេះ គឺជាប្រភពនៃជំងឺឆ្លងតាមប្រព័ន្ធរំលាយអាហារ ដូចជា រាករូស អាសន្នរោគ និងជំងឺពោះវៀន។ ជាមួយគ្នា បើមានការដុតកាកសំណល់ដោយចំហ ជាពិសេសប្លាស្ទិក កៅស៊ូ ឬវាយនភណ្ឌ បញ្ចេញសារធាតុគីមីពុលទៅក្នុងបរិយាកាស។ ការដកដង្ហើមយកខ្យល់កខ្វក់នេះ បង្កឱ្យមានបញ្ហាសុខភាពភ្លាមៗដូចជា ក្អក រលាកភ្នែក និងឈឺក្បាល។ ការប៉ះពាល់រយៈពេលវែង អាចនាំឱ្យកើតជំងឺសួតរ៉ាំរ៉ៃ និងជំងឺផ្សេងៗទៀត៕



