
រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា នៅថ្ងៃទី២៣កញ្ញានេះ បានឱ្យដឹងថា ក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ប្រជាពលរដ្ឋទុកដាក់សំរាមមានលក្ខណៈល្អប្រសើរ ជាពិសេសការបញ្ចេញសំរាមនៅតាមទីក្រុងមានការថយចុះ រួមទាំងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក..។

អ្នកនាំពាក្យក្រសួងបរិស្ថាន គូសបញ្ជាក់ថា ការកាត់បន្ថយត្រូវបានមើលឃើញ តាមរយៈការរៀបចំការទុកដាក់សំរាមបានត្រឹមត្រូវល្អ ការចូលរួមសម្អាតអនាម័យបរិស្ថាន ការមិនបោះថង់ប្លាស្ទិកចោលផ្តេផ្តាស់ពាលវាពាសកាល ដូចបណ្តាឆ្នាំមុនៗនៅតាមវត្តអារាម ក៏ដូចជានៅតាមមូលដ្ឋាន និងតាមផ្លូវសាធារណៈនានា។ អ្នកនាំពាក្យបន្ថែមថា ការចោលសំរាម និងសំណល់ប្លាស្ទិកពាសវាលពាសកាល ធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ សោភ័ណភាពទីក្រុង និងមូលដ្ឋានរបស់យើងទាំងអស់គ្នាជាពិសេសសំរាម និងសំណល់ប្លាស្ទិក ប្រសិនជាមិនបានកាត់បន្ថយការប្រើប្រាស់ និងបញ្ចេញចោលទេ វាបំពុលបរិស្ថាន និងការរស់នៅរបស់មនុស្សជាតិ។

សូមជម្រាបថា «ភាពស្អាត» ស្ថិតក្នុងសសរស្តម្ភទី១ នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។ តាមរយៈនេះ ក្រសួងបរិស្ថាន បានជំរុញការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសំរាម សំណល់ប្លាស្ទិកឱ្យបានល្អ និងបានដាក់ចេញយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាតខ្មែរធ្វើបាន» ឆ្ពោះទៅជាចលនា គ្រប់ទីកន្លែងស្អាត ដើម្បីជំរុញភាពស្អាតរបស់កម្ពុជាបន្ថែមទៀត គឺធ្វើឱ្យសង្គមស្អាត និងប្រទេសជាតិមានបរិស្ថានស្អាត៕



