មហាជនចាប់អារម្មណ៍លើយុទ្ធនាការបញ្ឈប់ការបោះសំរាមតាមដងផ្លូវសាធារណៈ នៅខេត្តព្រៃវែង
S
Sreyleak Yith
24 តុលា 2025 02:30 AM

ក្រុងព្រៃវែង៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបញ្ឈប់ការបោះសំរាមចោលតាមដងផ្លូវ និងចូលរួមសាមគ្គីគ្នាសម្អាត និងថែរក្សាបរិស្ថាន ដើម្បីលើកកម្ពស់ខេត្តព្រៃវែងក្លាយជាតំបន់ដែលមានសោភ័ណភាព ស្អាត ពោរពេញទៅដោយពណ៌បៃតង និងគ្មានសំរាមនៅតាមទីសាធារណៈ…។ ​

ការអំពាវនាវនេះ ក្នុងឱកាសលោកដឹកនាំយុទ្ធនាការសម្អាតអនាម័យបរិស្ថាន នៅតាមបណ្តាក្រុង-ស្រុកក្នុងខេត្តព្រៃវែង ដោយមានការចូលរួមយ៉ាងផុសផុលពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប។ លោកអភិបាលខេត្ត គូសបញ្ជាក់ថា យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងចម្បង ដើម្បីបង្កើនការយល់ដឹង និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមយ៉ាងសកម្មក្នុងការថែរក្សាអនាម័យបរិស្ថាន សោភ័ណភាពទីសាធារណៈ និងការវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ទាំងនៅតាមគេហដ្ឋាន និងសហគមន៍។ ការងារបរិស្ថានស្អាត មិនមែនជាការទទួលខុសត្រូវរបស់បុគ្គល ឬស្ថាប័នណាមួយឡើយ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ដើម្បីធានាបាននូវសុខភាពល្អ បរិស្ថានស្អាត ស្របតាមពាក្យស្លោក «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ 

លោកអភិបាលខេត្តបន្ថែមថា បញ្ហាប្រឈមធ្ងន់ធ្ងរនៃសំរាម និងសំណល់ប្លាស្ទិក មិនត្រឹមតែប៉ះពាល់ដល់សោភ័ណភាពទីក្រុងប៉ុណ្ណោះទេ ថែមទាំងបង្កផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិទៀតផង។ សូមជម្រាបថា យុទ្ធនាការសម្អាតអនាម័យបរិស្ថាននេះ ត្រូវបានរដ្ឋបាលខេត្តកំណត់ឱ្យអនុវត្តជារៀងរាល់ថ្ងៃព្រហស្បតិ៍ នៅតាមទីសាធារណៈ និងស្ថាប័នរៀងៗខ្លួន នៅទូទាំង១៣ក្រុង-ស្រុក នៃខេត្តព្រៃវែង ដើម្បីធ្វើយ៉ាងណាឱ្យខេត្តព្រៃវែងក្លាយជាខេត្តដែលមិនមានសំរាម ជាខេត្តមានអនាម័យល្អស្អាត គួរជាទីចាប់អារម្មណ៍នៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត