ចៅហ្វាយខេត្តកណ្តាល ជំរុញពលរដ្ឋក្រុងតាខ្មៅចូលរួមបង់ថ្លៃសេវាប្រមូលសំរាមឱ្យបានគ្រប់គ្នា
អុន សម្ផស្ស
31 ឧសភា 2025 05:00 AM

ខេត្តកណ្ដាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្នុង«កិច្ចប្រជុំពិនិត្យពិភាក្សាលើការដំឡើងតម្លៃសេវាប្រមូលសំរាមនៅក្រុងតាខ្មៅ» បានណែនាំដល់អាជ្ញាធរក្រុងតាខ្មៅ ជំរុញឱ្យពលរដ្ឋរស់នៅក្នុងក្រុងចូលរួមបង់ថ្លៃសេវាសំរាមឱ្យបានគ្រប់គ្រប់គ្នា ដើម្បីប្រែក្លាយក្រុងនេះ គ្មានសំរាម។

លោក គួច ចំរើន អភិបាលខេត្តកណ្ដាល
លោក គួច ចំរើន អភិបាលខេត្តកណ្ដាល

លោកអភិបាលខេត្តបញ្ជាក់ថា ការបង់ថ្លៃសេវាសំរាមនៅក្រុងតាខ្មៅមិនមែនជាការធ្វើអាជីវកម្មលើការប្រមូលសំរាមឡើយ។ លោកថ្លែងថា៖«សម្រាប់ថ្លៃសេវាសំរាមនៅក្រុងតាខ្មៅ គឺមិនមានការឡើងថ្លៃនោះទេនៅតែបន្តតម្លៃសេវាដដែល ហើយរដ្ឋបាលក្រុងតាខ្មៅ ត្រូវពិនិត្យលើតម្លៃសេវាប្រមូលសំរាមឡើងវិញនៅក្រុងតាខ្មៅដោយផ្អែកទៅលើស្ថានភាពជាក់ស្ដែង ដោយរក្សាបាននូវសោភ័ណ្ឌភាព និងនិរន្តរភាពក្នុងការគ្រប់គ្រងសំរាមនៅក្នុងក្រុងតាខ្មៅ»។ 

លោក គួច ចំរើន ណែនាំដល់អាជ្ញាធរក្រុងតាខ្មៅ និងអ្នកពាក់ព័ន្ធ ជំរុញដល់ប្រជាពលរដ្ឋដែលរស់នៅក្រុងតាខ្មៅចូលរួមបង់ថ្លៃសេវាប្រមូលសំរាមឱ្យបានគ្រប់ៗគ្នា។ លោកពន្យល់ថា៖«[..]យើងទាំងអស់គ្នាកំពុងរស់នៅក្នុងទីក្រុងត្រូវតែចូលរួមបង់ថ្លៃសេវាសំរាមទាំងអស់គ្នា ដើម្បីឱ្យទីក្រុងរបស់យើងក្លាយជាទីក្រុងស្អាតគ្មានសំរាមពាសវាលពាសកាល[..]»។ គួរជម្រាបថា នៅក្រុងតាខ្មៅមានប្រជាពលរដ្ឋប្រមាណជាជិត៣ម៉ឺនខ្នងផ្ទះ ខណៈប្រជាពលរដ្ឋដែលបានបង់ថ្លៃសេវាប្រមូលសំរាមប្រមាណជា២ម៉ឺនខ្នងផ្ទះប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍នៃការប្រមូលសំរាមរបស់ក្រុមហ៊ុនមួយនៅក្នុងក្រុងតាខ្មៅ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត