
រាជធានីភ្នំពេញ៖ កម្ពុជា និងអាល្លឺម៉ង់ តាមរយៈរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត និងប្រធានទូតប្រចាំកម្ពុជា ព្រមទាំងមន្រ្តីស្ថាប័ន្ថពាក់ព័ន្ធ កាលពីថ្ងៃទី២០មករា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងរួមគ្នា «គំនិតផ្តួចផ្តើមបៃតង ដើម្បីសេដ្ឋកិច្ចចក្រា សម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹងប្រកបដោយ ចីរភាពនៅកម្ពុជា»។

តាមក្រសួងបរិស្ថាន ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងនាពេលនេះ គឺជាការបំពេញបន្ថែមទៅលើអ្វី ដែលក្រសួងបាននិងកំពុងអនុវត្ត និងជាការបោះជំហាន រួមគ្នារវាងអង្គការ GIZ ប្រចាំកម្ពុជា ជាមួយក្រសួងបរិស្ថាន លើការពង្រឹងប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងឱ្យកាន់តែល្អប្រសើរ ដោយបានបញ្ចូលគោលការណ៍សេដ្ឋកិច្ចចក្រា ដែលអាចឱ្យយើងរួមគ្នាលុបបំបាត់ការបំពុលបរិស្ថាន និងគ្រប់គ្រងសំណល់តាមគំរូចក្រាឱ្យមានប្រសិទ្ធភាព។ លោក អ៊ាង សុផល្លែត ថ្លែងថា៖«ថ្ងៃនេះ យើងមិនត្រឹមតែបានបង្កើតភាពជាដៃគូផ្លូវការនោះទេ យើងថែមទាំងបានពង្រឹងការប្តេជ្ញាចិត្ត ក្នុងការបង្កើតគំរូការងារប្រកបដោយចីរភាព ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង និងកាត់បន្ថយបរិមាណ សំរាមដែលត្រូវប្រមូល និងដឹកជញ្ជូនទៅកាន់ទីលានទុកដាក់សំរាម»។

លោកអះអាងថា កិច្ចប្រឹងប្រែងទាំងនោះនឹងនាំឱ្យទីក្រុងកាន់តែស្អាត មានសោភ័ណភាព និងផាសុកភាព។ ក្រៅពីនោះ ក្រសួងក៏បានកំណត់ការគ្រប់គ្រងសំណល់ជាអាទិភាព ដោយការដាក់ពង្រាយធុងសំរាម សម្រាប់ញែកសំណល់តាមបែបស្ដង់ដារនៅទូទាំងប្រទេស ដោយផ្តោតលើការញែក និងកែច្នៃសំណល់។ ក្រសួងកត់សម្គាល់ថា ការធ្វើបែបនោះអាចកាត់បន្ថយការបំពុលបាន យ៉ាងច្រើនគួរឱ្យកត់សម្គាល់ ខណៈពេលមានការកើនឡើងនូវឱកាសរកចំណូលបន្ថែមក្នុងសាលារៀន ក៏ដូចជាអាជីវកម្មកែច្នៃសំណល់។ ជាមួយគ្នានេះដែរ ប្តេជ្ញាយកចិត្តទុកដាក់កម្រិតខ្ពស់លើការញែកសំរាម និងទីលានទុកដាក់សំរាម ដោយធ្វើយ៉ាងណាការញែកសំរាមប្លាស្ទិក សំណល់គ្រោះថ្នាក់ និងសំរាមធម្មតា និងទុកដាក់ឱ្យបានត្រឹមត្រូវ។

ក្នុងពិធីដដែលនោះ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Stefan Messerer បានថ្លែងកោតសរសើរចំពោះការដឹកនាំរបស់រដ្ឋមន្ត្រីបរិស្ថានកម្ពុជា ក្នុងការដាក់ចេញយុទ្ធនាការនានារបស់ក្រសួងបរិស្ថាននាពេលកន្លងមក ដើម្បីជំរុញសកម្មភាពទាំងនេះឱ្យទៅជាចលនាទូទាំងប្រទេស ដែលបានបង្កើតឱកាសអ្នកពាក់ព័ន្ធទាំងអស់ បានចូលរួមលុបបំបាត់ការបំពុលបរិស្ថាន និងប្រើប្រាស់ធនធានសម្រាប់សេដ្ឋកិច្ចថ្មី។ លោកថា រដ្ឋាភិបាលអាល្លឺម៉ង់ គាំទ្រដល់សកម្មភាពរបស់ក្រសួងបរិស្ថាន ក្នុងគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ គួរជម្រាបផងដែរថា គម្រោង «គំនិតផ្តួចផ្តើមបៃតងដើម្បីសេដ្ឋកិច្ចចក្រា សម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹងប្រកបដោយ ចីរភាពនៅកម្ពុជា» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តនាពេលនេះ ធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហព័ន្ធអាល្លឺម៉ង់៕






