ពេលចុះទៅផ្ទាល់ រដ្ឋមន្ត្រីវប្បធម៌មើលឃើញប្រាសាទព្រះវិហារ ខូចខាតលើសពីរបាយការណ៍ «ដល់ទៅរាប់រយដង»
អុន សម្ផស្ស
5 ម៉ោងមុន

ខេត្តព្រះវិហារ៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា នៅថ្ងៃទី២០មីនា ឆ្នាំ២០២៦ បានចុះទៅពិនិត្យ និងវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ ដែលបង្កឡើងពីសង្គ្រាមថៃឈ្លានពាន។ ​លោកស្រីរដ្ឋមន្រ្តី និងប្រតិភូទាំងអស់បានសម្ដែងក្តីរន្ធត់ និងតក់ស្លុតយ៉ាងខ្លាំងចំពោះការបំផ្លិចបំផ្លាញដ៏ធំធេងបំផុតចំពោះបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ ដែលជាសម្បត្តិរបស់មនុស្សជាតិ។

លោកស្រី ភឿង សកុណា ថ្លែងថា៖«ការខូចខាត​ បាក់បែក​ ដែលបានពិនិត្យឃើញដោយផ្ទាល់ភ្នែកនេះ មានទំហំរាប់រយដងលេីសពីរបាយការណ៍ខូចខាតរៀបចំដោយអាជ្ញាធរជាតិព្រះវិហារ កន្លងទៅដែលបានកត់ត្រាការខូចខាតសរុបចំនួន​ ៥៦២កន្លែង»។ លោកស្រីបន្ថែមថា គ្រប់ប្រទេសទាំងអស់មានភារកិច្ចក្នុងការការពារសម្បត្តិវប្បធម៌​ ហើយសម្បត្តិបេតិកភណ្ឌមិនត្រូវក្លាយជាគោលដៅនៃការវាយប្រហារ​ ទោះក្នុងកាលៈទេសៈណាក៏ដោយ​ ផ្អែកតាមអនុសញ្ញាឆ្នាំ១៩៧២​ ស្តីពីបេតិកភណ្ឌពិភពលោក​ និងអនុសញ្ញាឆ្នាំ១៩៥៤​ ស្តីពីកិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ក្នុងជម្លោះប្រដាប់អាវុធ។

គួរបញ្ជាក់ថា​ ដោយសារវាយប្រហារដោយយោធាឈ្លានពានថៃ ប្រាសាទព្រះវិហារ រងការខូចខាតចំនួន​១៤២កន្លែង​ កាលពីខែកក្កដា ឆ្នាំ២០២៥​ និងខូចខាតបន្ថែមចំនួន​ ៤២០កន្លែងទៀត ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៥​ ដោយរាប់ចាប់ពីចំណុចពើយតាឌី គោបុរៈទី១ រហូតដល់គោបុរៈទី៥ ការខូចខាតការដ្ឋានគម្រោងសហប្រតិបត្តិការរបស់ប្រទេសឥណ្ឌានៅគោបុរៈទី៥ និងការដ្ឋានជួសជុលជណ្តើរខាងជើង ដែលជាជំនួយរបស់អាម៉េរិក និងការខូចខាតវត្តកែវសិក្ខាគិរីស្វរៈ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត