យោធា និងមន្រ្តីថៃ កាត់ដីពលរដ្ឋខ្មែរនៅភូមិជោគជ័យ «ឱ្យទៅពលរដ្ឋថៃខ្លួនឯង» ហើយសង្ស័យដុតផ្ទះពលរដ្ឋខ្មែរចោលថែមទៀត
L
Linda Sorn
7 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃសៅរ៍ទី២១មីនា ឆ្នាំ២០២៦នេះ បានប្រកាសថា យោធា និងមន្រ្តីថៃ នៅតែបន្តសកម្មភាពរំលោភលើអធិបតេយ្យភាពកម្ពុជា ដោយយោធាថៃបានវាស់វែង ហើយកាត់ដីពលរដ្ឋខ្មែរនៅភូមិជោគជ័យ ឱ្យទៅពលរដ្ឋថៃខ្លួនឯង។  

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា យោធាថៃបានប្រព្រឹត្តិសកម្មភាពរំលោភលើអធិបតេយ្យភាពកម្ពុជា ចំនួន៣។ ទី១. មានផ្សែងហុយចេញពីទីតាំងចំនួន៣ នៅតំបន់បឹងត្រកួន ដែលក្រសួងសន្មត់ថាជា ផ្ទះកំពុងឆេះនៅក្នុងតំបន់លំនៅឋានកម្ពុជា ដែលបច្ចុប្បន្នស្ថិតក្រោមការកាន់កាប់ទាំងខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ (តើអាចយោធាថៃដុតចោលដែរទេ?)។ ទី២. កម្លាំងប្រដាប់អាវុធថៃបានបន្តសកម្មភាពឈូសឆាយដីធ្លី សាងសង់ផ្លូវ និងសំណង់បេតុងផ្សេងៗ នៅតំបន់អូរទឹកចោល ក្នុងសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ថៃកចាក់ផ្លូវបេតុង​ ឡេីងទៅប្រាសាទតាក្របី។ រូបភាព៖ បណ្តាញសង្គម
ថៃកចាក់ផ្លូវបេតុង​ ឡេីងទៅប្រាសាទតាក្របី។ រូបភាព៖ បណ្តាញសង្គម

ទី៣. កងកម្លាំងប្រដាប់អាវុធថៃ រួមជាមួយមន្ត្រីនាយកដ្ឋានព្រៃឈើ និងមន្ត្រីសុរិយោដី បានធ្វើសកម្មភាពវាស់វែងដីធ្លី និងបែងចែកដីចំនួន៣កន្លែង នៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧ ទៅឱ្យពលរដ្ឋថៃខ្លួនឯង។ ក្រសួងការបរទេស ប្រកាសថា ក្រសួងបានតវ៉ាយ៉ាងដាច់ខាតចំពោះសកម្មភាពឈ្លានពានទាំង៣ខាងលើ និងមិនអាចទទួលយកខ្សែព្រំដែន ឬការទាមទារទឹកដីណាមួយតាមការអះអាងជាឯកតោភាគីដោយប្រទេសថៃឡើយ។

កងកម្លាំងប៉ារ៉ាថៃ រាយបន្លាលួស និងសំបកកង់រថយន្ត ក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ កាលពីថ្ងៃទី១៣សីហា​ ឆ្នាំ២០២៥
កងកម្លាំងប៉ារ៉ាថៃ រាយបន្លាលួស និងសំបកកង់រថយន្ត ក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ កាលពីថ្ងៃទី១៣សីហា​ ឆ្នាំ២០២៥

រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់ប្រទេសថៃឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពក្នុងតំបន់ទាំង៣ខាងលើ ឬនៅក្នុងតំបន់ផ្សេងទៀត ដោយចៀសវាងធ្វើសកម្មភាពឯកតោភាគីបន្ថែមទៀត និងធានាការអនុវត្តរាល់កិច្ចព្រមព្រៀងពាក់ព័ន្ធរវាងប្រទេសទាំងពីរឱ្យបានពេញលេញ និងដោយសុច្ឆន្ទៈ សំដៅបន្ធូរស្ថានការណ៍ លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក សន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

កម្លាំងប្រដាប់អាវុធថៃបានបន្តសកម្មភាពឈូសឆាយដីធ្លី សាងសង់ផ្លូវ នៅខេត្តឧត្តរមានជ័យ។ រូបភាព៖ បណ្តាញសង្គម 
កម្លាំងប្រដាប់អាវុធថៃបានបន្តសកម្មភាពឈូសឆាយដីធ្លី សាងសង់ផ្លូវ នៅខេត្តឧត្តរមានជ័យ។ រូបភាព៖ បណ្តាញសង្គម 

តាមរយៈក្រសួងការបរទេស រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តម៉ឺងម៉ាត់ ក្នុងការស្វែងរកដំណោះស្រាយដោយ សន្តិវិធីចំពោះវិវាទព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ តាមសន្តិវិធី ស្របច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ហើយនៅតែប្តេជ្ញាចិត្តក្នុងការរក្សាជំហរគោលការណ៍របស់ខ្លួន ថា ខ្សែព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ៕

កម្លាំងប្រដាប់អាវុធថៃបានបន្តសកម្មភាពឈូសឆាយដីធ្លី សាងសង់ផ្លូវ នៅខេត្តឧត្តរមានជ័យ។ រូបភាព៖ បណ្តាញសង្គម 
កម្លាំងប្រដាប់អាវុធថៃបានបន្តសកម្មភាពឈូសឆាយដីធ្លី សាងសង់ផ្លូវ នៅខេត្តឧត្តរមានជ័យ។ រូបភាព៖ បណ្តាញសង្គម 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត