
រាជធានីភ្នំពេញ៖ មកដល់ថ្ងៃទី២១មីនា ឆ្នាំ២០២៦ ជាបុណ្យខួប១០០ថ្ងៃរបស់វីរកងទ័ព កេត សុភ័ក្ត្រា ដែលបានពលីក្នុងសមរភូមិការពារទឹកដីពីការឈ្លានពានរបស់យោធាថៃ។ ទោះរូបកាយលាកចាកលោក តែកូនខ្មែរគួរតែចងចាំតបស្នងនឹងការបូជាជីវិតរបស់វីរកងទ័ពរូបនេះ ក្នុងការការពារជាតិមាតុភូមិ។

លោកអនុសេនីយ៍ទោ កេត សុភ័ក្រ្តា វីរកងទ័ពដ៏អង់អាចក្លាហាន បានពលីជីវិតក្នុងអាយុ៤០ឆ្នាំ កាលពីយប់ថ្ងៃទី១០ ឈានចូលថ្ងៃទី១១ខែធ្នូ ឆ្នាំ២០២៥ ក្នុងសមរភូមិតទល់ប្រឆាំងកងទ័ពឈ្លានពានថៃ ក្បែរប្រាសាទតាមាន់ធំ នៃខេត្តឧត្តរមានជ័យ។ មុនពេលពលីជូនជាតិមាតុភូមិ លោកអនុសេនីយ៍ទោ កេត សុភ័ក្ត្រា ធ្លាប់ពោលថា៖«ស្លាប់ក្នុងភ្លើងសង្គ្រាម គឺជាកិត្តិយស ជាមោទនភាពរបស់កងទ័ព ជីវិតជូនជាតិ ធាតុជូនម្តាយ រូបកាយទុកឱ្យគ្រួសារអ្នកបូជា លះបង់ដើម្បីប្រទេសជាតិ គឺមានតម្លៃសម្រាប់ខ្ញុំ ទោះជាស្លាប់ក៏អត់ស្ដាយដែរ។ ឈានជើងមកដល់កន្លែងនេះ ជីវិតនេះមិនមែនជារបស់ខ្ញុំទេ គឺរបស់ប្រទេសជាតិ របស់បងប្អូនប្រជាពលរដ្ឋ»។ ដ្បិតតែរាងកាយរបស់លោកឃ្លាតទៅឆ្ងាយប៉ុន្តែ«ពាក្យសម្តី និងវីរភាព»របស់លោកនឹងស្ថិតក្នុងចិត្តប្រជាជនកម្ពុជា។

គួរកត់សម្គាល់ថា ទោះកម្ពុជា-ថៃ បានឯកភាពគ្នាគោរពបទឈប់បាញ់តាំងតែពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥មកក្តី ក៏ប៉ុន្តែគិតមកដល់ថ្ងៃទី២១មីនា ឆ្នាំ២០២៦នេះ យោធាថៃនៅតែធ្វើសកម្មភាពកាន់កាប់ទឹកដីកម្ពុជាមួយចំនួនដោខុសច្បាប់។ ជាក់ស្តែង យោធា និងមន្រ្តីថៃ បានវាស់វែងកាត់ដីពលរដ្ឋខ្មែរនៅភូមិជោគជ័យ ឱ្យទៅពលរដ្ឋថៃ និងសាងសង់ផ្លូវ ព្រមទាំងសង់សំណង់បេតុងផ្សេងៗក្នុងទឹកដីកម្ពុជា៕




