ទោះជាប់ដៃធ្វើសង្គ្រាមលើអ៊ីរ៉ង់ អាម៉េរិក នៅតែបើកសមយុទ្ធយោធាខ្នាតធំជាមួយកូរ៉េខាងត្បូង
N
Nary Vann
3 ម៉ោងមុន

រដ្ឋធានីសេអ៊ូល៖ សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង នៅថ្ងៃទី៩ ខែមីនានេះ បានចាប់ផ្ដើមសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ក្រោមឈ្មោះថា «Freedom Shield» ទោះបីជាអាម៉េរិកកំពុងជាប់ដៃក្នុងសង្គ្រាមដ៏ក្ដៅគគុកនៅមជ្ឈិមបូព៌ាក៏ដោយ។

សមយុទ្ធនេះ មានការចូលរួមពីកងទ័ពកូរ៉េខាងត្បូងប្រហែល១៨០០០នាក់ និងកងទ័ពអាម៉េរិកមួយចំនួនទៀត ដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១៩ ខែមីនា។ សមយុទ្ធ​រួម​គ្នា​របស់​សម្ព័ន្ធមិត្ត​នេះ​ កើតឡើង​ចំពេលមានព័ត៌មានថា រដ្ឋធានីវ៉ាស៊ីនតោនបានដកហូតគ្រឿងយុទ្ធោបករណ៍មួយចំនួន រួមទាំងប្រព័ន្ធការពារមីស៊ីល Patriot ពីទឹកដីកូរ៉េខាងត្បូង ដើម្បីយកទៅគាំទ្រសមរភូមិប្រឆាំងនឹងអ៊ីរ៉ង់។ ទោះជាយ៉ាងណា មន្ត្រីយោធាអាម៉េរិកប្រចាំកូរ៉េខាងត្បូង (USFK) បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញការផ្លាស់ទីនេះឡើយ។  

សមយុទ្ធនេះ អាចនឹងធ្វើឱ្យរដ្ឋធានីព្យុងយ៉ាងខឹងសម្បារ ព្រោះកន្លងមកលោក គីម ជុងអ៊ុន (Kim Jong Un) តែងតែចាត់ទុកសកម្មភាពនេះថាជាការហាត់សមសម្រាប់ការឈ្លានពាន។ បច្ចុប្បន្ន ភាពតានតឹងរវាងបងប្អូនកូរ៉េទាំងពីរកាន់តែខ្លាំង បន្ទាប់ពីកូរ៉េខាងជើងបានងាកទៅចាប់ដៃគ្នាយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ី។ គួរកត់សម្គាល់ថា ចំនួននៃសមយុទ្ធនៅលើទីវាលផ្ទាល់ (Field Training) ត្រូវបានកាត់បន្ថយមកត្រឹម ២២កម្មវិធី បើធៀបនឹងឆ្នាំមុនដែលមានដល់ទៅ៥១។ អ្នកវិភាគយល់ថា នេះគឺជាការសម្របសម្រួលរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យ៉ុង ដើម្បីបើកផ្លូវឱ្យមានការចរចាជាមួយកូរ៉េខាងជើងវិញ។ ទន្ទឹមនោះ មន្ត្រីកូរ៉េខាងត្បូងខ្លះរំពឹងថា ដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសចិនក្នុងពេលឆាប់ៗខាងមុខ អាចជួយសម្រួលឱ្យមានការជួបចរចាជាមួយរដ្ឋធានីព្យុងយ៉ាងសាជាថ្មី បន្ទាប់ពីការចរចាបានជាប់គាំងតាំងពីឆ្នាំ២០១៩៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត