
រាជធានីភ្នំពេញ៖ កម្មករ-កម្មការិនីរោងចក្រ នឹងទទួលបានប្រាក់ធ្វើដំណើរ១ម៉ឺនរៀលបន្ថែមទៀតក្នុងមួយខែ ចាប់ពីថ្ងៃទី១មេសា ឆ្នាំ២០២៦ទៅ។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចវិធានការបណ្តោះអាសន្ននេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រេងឥន្ធនៈឡើងថ្លៃ រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលមករកប្រក្រតីភាពវិញ។

ក្រសួងការងារ ជូនដំណឹងនៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ថា អនុវត្តតាមបទបញ្ជារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ភាគីពាក់ព័ន្ធបានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីពិនិត្យលទ្ធភាពសម្រួលបន្ទុកចំណាយថ្លៃធ្វើដំណើរជាលក្ខណៈ បណ្តោះអាសន្ន ដល់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ ក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសកលនេះ។ ជាលទ្ធផលអង្គប្រជុំបានឯកភាពផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន២ដុល្លារកន្លះ ស្មើនឹង១ម៉ឺនរៀលក្នុងមួយខែ។ ការឧបត្ថម្ភ១ម៉ឺនរៀលនេះ គឺជាការបន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងប្រាក់ស្នាក់នៅ ដែលសហគ្រាស ក្រុមហ៊ុន រោងចក្រកំពុងអនុវត្តស្រាប់។

ទន្ទឹមគ្នានោះ តំណាងភាគីកម្មករនិយោជិត ក៏អំពាវនាវដល់បងប្អូនកម្មករនិយោជិតទាំងអស់ឱ្យប្រើប្រាស់មធ្យោបាយធ្វើដំណើររួម ឬរថយន្តក្រុង ដែលផ្តល់ដោយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយចំណាយថ្លៃធ្វើដំណើរ ទៅធ្វើការ ឬរស់នៅប្រចាំថ្ងៃរបស់បងប្អូន។ គួរជ្រាបថា តម្លៃប្រេងឥន្ធនៈនៅរក្សាកម្រិតខ្ពស់ដដែល ដោយប្រេងសាំងធម្មតាមានតម្លៃ៥៤០០រៀល និងម៉ាស៊ូតមានតម្លៃ៦៧០០រៀល ក្នុងមួយលីត្រ ខណៈវិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានៅបន្តអូសបន្លាយ៕



