អាម៉េរិក និងសម្ព័ន្ធមិត្ត ចាប់ដៃគ្នាផលិតមីស៊ីល គ្រា.ប់កាំភ្លើងធំ និងដ្រូន
ហៀប ស៊ីថេត
12 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបានប្រកាសនៅថ្ងៃសៅរ៍ទី២១ ខែមីនានេះថា ភាពជាដៃគូផលិតកម្មការពារជាតិ ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក បានព្រមព្រៀងគ្នាចាប់ផ្ដើមកម្មវិធីផលិតម៉ូទ័រមីស៊ីលថ្មីមួយជាមួយប្រទេសជប៉ុន ដើម្បីរុញច្រានកិច្ចសហប្រតិបត្តិការផលិតដ្រូននៅទូទាំងអាស៊ី និងសិក្សាពីការបង្កើតខ្សែច្រវាក់ផលិតកម្មគ្រាប់កាំភ្លើងធំថ្មីនៅក្នុងប្រទេសហ្វីលីពីន។

សម្ព័ន្ធនេះ មានឈ្មោះថា «ភាពជាដៃគូសម្រាប់ភាពធន់នៃឧស្សាហកម្មឥណ្ឌូ-ប៉ាស៊ីហ្វិក ( ឬ PIPIR)» គឺជាក្រុមនៃបណ្តាប្រទេសដែលធ្វើការរួមគ្នាដើម្បីពង្រឹងសមត្ថភាពផលិតអាវុធ និងការពារជាតិនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ សហរដ្ឋអាម៉េរិកបានបង្កើតក្រុមនេះឡើងកាលពីខែឧសភា ឆ្នាំ២០២៤ ដើម្បីកាត់បន្ថយហានិភ័យនៃខ្សែសង្វាក់ផ្គត់ផ្គង់យុទ្ធោបករណ៍ និងជួយសម្ព័ន្ធមិត្តក្នុងការផលិតអាវុធ ក៏ដូចជាថែទាំបរិក្ខារយោធានៅជិតទីតាំងដែលអាចនឹងត្រូវប្រើប្រាស់ច្រើនបំផុត។

យោងតាមសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ក្រុមនេះបានស្វាគមន៍សមាជិកថ្មីចំនួន២បន្ថែមទៀតគឺ ប្រទេសថៃ និងចក្រភពអង់គ្លេស ដែលធ្វើឱ្យចំនួនសមាជិកសរុបកើនដល់១៦ប្រទេស គ្របដណ្ដប់ទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងអឺរ៉ុប។ ក្រុមនេះបានព្រមព្រៀងបង្កើតកម្មវិធីផលិតម៉ូទ័ររ៉ុក្កែតឥន្ធនៈរឹង ដែលជាប្រព័ន្ធរុញច្រានប្រើក្នុងអាវុធនាំផ្លូវជាច្រើន ដោយមានជប៉ុន ជាអ្នកដឹកនាំ។ វាត្រូវបានគេមើលឃើញថាជាមធ្យោបាយបង្កើនសមត្ថភាពផលិតគ្រឿងបន្លាស់អាវុធសំខាន់ៗនៅក្រៅសហរដ្ឋអាម៉េរិក។

លើសពីនេះ សមាជិកទាំងអស់បានយល់ព្រមលើជំហានមួយចំនួនដើម្បីបង្កើតស្ដង់ដាររួម និងចែករំលែកខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ដ្រូនយោធាខ្នាតតូច រួមទាំងការផលិតអាគុយ និងម៉ូទ័រតូចៗ។ ពួកគេក៏បានព្រមព្រៀងសិក្សាពីការផលិតដ្រូនរួមគ្នាសម្រាប់ប្រើប្រាស់ក្នុងវិស័យយោធាផ្សេងៗផងដែរ។ សមាជិកក្រុមបានលើកឡើងថា ពួកគេនឹងពិនិត្យលទ្ធភាពឱ្យប្រទេសហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះនៃរោងចក្រថ្មីមួយសម្រាប់ច្រក បញ្ចូល និងវេចខ្ចប់គ្រាប់កាំភ្លើងធំខ្នាត ៣០មីលីម៉ែត្រ ដែលជាប្រភេទគ្រាប់ប្រើប្រាស់យ៉ាងទូលំទូលាយដោយយន្តហោះយោធា និងរថពាសដែក។ គួររបញ្ជាក់ថា អាម៉េរិកបោះទុនផលិតមីស៊ីល និងដ្រូនដល់មាត់ទ្វារអាស៊ី បែបនេះ ទំនងជាដើម្បីបិទខ្ទប់ឥទ្ធិពលអ៊ីរ៉ង់ និងចិន ស្របពេលរដ្ឋធានីវ៉ាស៊ីនតោនកំពុងច្បាំងជាមួយរដ្ឋធានីតេហេរ៉ង់ស្រាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត