ភ្នែកទិព្វអាម៉េរិកជាច្រើនត្រូវបាត់បង់ ប្រព័ន្ធការពារមីស៊ីល THAAD និងរ៉ាដាទំនើបៗ រងការវាយប្រហារពីមីស៊ីលអ៊ីរ៉ង់
N
Nary Vann
17 ម៉ោងមុន

មជ្ឈិមបូព៌ា៖ យោងតាមទិន្នន័យដែលចងក្រងដោយទីភ្នាក់ងារសារព័ត៌មាន Anadolu អ៊ីរ៉ង់បានវាយប្រហារចំគោលដៅប្រព័ន្ធរ៉ាដា និងស្ថានីយទាក់ទងផ្កាយរណប (SATCOM) របស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តចំនួន១២កន្លែង ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង។

ការវាយប្រហារទាំងនេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បណ្ដាញការពារអាកាស និងប្រព័ន្ធបញ្ជាការដ្ឋានរបស់អាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ដែលមានតម្លៃសរុបប៉ាន់ស្មានប្រមាណជាង៣ពាន់លានដុល្លារ។ ក្នុងចំណោមគោលដៅដែលរងគ្រោះ រួមមានប្រព័ន្ធរ៉ាដាទំនើបបំផុតនៅព្រលានយន្តហោះអន្តរជាតិគុយវ៉ែត ត្រូវបានដ្រូន៣គ្រឿងវាយកម្ទេច។ ដោយឡែក នៅរដ្ឋធានីបាកដាដ ប្រទេសអ៊ីរ៉ាក់ ដ្រូនអ៊ីរ៉ង់បានបាញ់កម្ទេចប្រព័ន្ធរ៉ាដា Saab Giraffe 1X របស់អាម៉េរិក ដែលមានតួនាទីការពារស្ថានទូតពីការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងដ្រូនក្នុងចម្ងាយ៧៥គីឡូម៉ែត្រ។

លើសពីនេះ រូបភាពផ្កាយរណបបានបញ្ជាក់ថា រ៉ាដាប្រភេទ AN/TPY-2 ចំនួន៤គ្រឿង ជាផ្នែកនៃប្រព័ន្ធការពារមីស៊ីល THAAD ដ៏ល្បីល្បាញរបស់អាម៉េរិក ត្រូវបានវាយប្រហារនៅក្នុងប្រទេសអារ៉ាប់រួម ហ្ស៊កដានី និងអារ៉ាប៊ីសាអូឌីត។ គួរកត់សម្គាល់ថា គ្រឿងបង្គុំរ៉ាដាប្រភេទនេះតែមួយមុខ មានតម្លៃរហូតដល់ទៅជិត២ពាន់លានដុល្លារ។ ចំណែកនៅមូលដ្ឋានទ័ពអាកាស Al-Udeid ក្នុងប្រទេសកាតា ប្រព័ន្ធរ៉ាដាព្រមានគ្រោះអាសន្នទុកជាមុន AN/FPS-132 តម្លៃ១,១ពាន់លានដុល្លារ ក៏ត្រូវបានមីស៊ីលអ៊ីរ៉ង់បាញ់ចំផងដែរ តាំងពីថ្ងៃដំបូងនៃសង្គ្រាម។

ក្រៅពីប្រព័ន្ធរ៉ាដា អ៊ីរ៉ង់ក៏បានវាយប្រហារទីបញ្ជាការដ្ឋានកងទ័ពជើងទឹកទី៥ របស់អាម៉េរិកនៅបារ៉ែន ដោយបានបំផ្លាញស្ថានីយទាក់ទងផ្កាយរណបចំនួនពីរ និងអគារធំៗមួយចំនួនទៀត។ ការបាត់បង់ឧបករណ៍បច្ចេកវិទ្យាយោធាដ៏ទំនើប និងមានតម្លៃមហាសាលទាំងនេះ គឺជាបញ្ហាប្រឈមយ៉ាងធំសម្រាប់សមត្ថភាពការពារជាតិរបស់អាម៉េរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ ចំពេលសង្គ្រាមកាន់តែរីករាលដាលខ្លាំង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត