ទឹកចូលច្រមុះ! អាម៉េរិកគ្រោងដកទណ្ឌកម្មប្រេងអ៊ីរ៉ង់១៤០លានបារ៉ែល ដើម្បីវាយបំបាក់តម្លៃដែលកំពុងហក់ឡើងខ្ពស់
N
Nary Vann
19 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត បេសសិន បានប្រកាសកាលពីថ្ងៃទី១៩ ខែមីនាថា សហរដ្ឋអាម៉េរិក អាចនឹងដកទណ្ឌកម្មប្រេងអ៊ីរ៉ង់ដែលកំពុងជាប់គាំងនៅលើនាវាដឹកប្រេងក្នុងពេលឆាប់ៗនេះ ដើម្បីបង្កើនការផ្គត់ផ្គង់សកល និងកាត់បន្ថយតម្លៃប្រេងដែលកំពុងឡើងថ្លៃហួសកម្រិត...។

 លោក ស្កុត បេសសិន 
 លោក ស្កុត បេសសិន 

ថ្លែងនៅក្នុងបទសម្ភាស៍មួយ លោក បេសសិន បញ្ជាក់ថា៖«ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ យើងអាចនឹងដកទណ្ឌកម្មលើប្រេងអ៊ីរ៉ង់ដែលកំពុងស្ថិតនៅលើផ្ទៃទឹក មានចំនួនប្រហែល១៤០លានបារ៉ែល»។ លោកបន្ថែមថា ចំនួននេះអាចផ្គត់ផ្គង់ទីផ្សារសកលបានពី១០ថ្ងៃទៅ២សប្តាហ៍ ដែលនឹងជួយទប់ទល់នឹងកង្វះខាតប្រមាណ១០ទៅ១៤លានបារ៉ែលក្នុងមួយថ្ងៃ ដែលបង្កឡើងពីការបិទច្រកសមុទ្ទហ័រមូស្ស និងការវាយប្រហារលើនាវាដឹកប្រេងនានា។ យុទ្ធសាស្ត្រនេះ មានលក្ខណៈស្រដៀងទៅនឹងអ្វីដែលអាម៉េរិកបានធ្វើចំពោះប្រេងរបស់រុស្ស៊ី កាលពីពេលថ្មីៗនេះ ដោយបានជួយបន្ថែមប្រេងប្រមាណ១៣០លានបារ៉ែលទៅក្នុងទីផ្សារពិភពលោក។

ក្រៅពីការបន្ធូរបន្ថយទណ្ឌកម្មលើប្រេងជាប់គាំង រដ្ឋបាល លោក ដូណាល់ ត្រាំ ក៏គ្រោងនឹងបញ្ចេញប្រេងបម្រុងយុទ្ធសាស្ត្ររបស់ខ្លួនបន្ថែមទៀត បន្ទាប់ពីការបញ្ចេញរួមគ្នាជាមួយក្រុមប្រទេស G7 ចំនួន៤០០លានបារ៉ែល កាលពីសប្តាហ៍មុន។ លោក បេសសិន បានសង្កត់ធ្ងន់ថា គោលបំណងចម្បង គឺដើម្បីបំពេញកង្វះខាតប្រេងចន្លោះពី ១០ទៅ១៤លានបារ៉ែលក្នុងមួយថ្ងៃ ក្រោយការបិទច្រកសមុទ្ទហ័រមូស្ស ដោយផ្តោតលើការផ្គត់ផ្គង់ផលិតផលជាក់ស្តែង ជាជាងការជ្រៀតជ្រែកក្នុងទីផ្សារហិរញ្ញវត្ថុ។ ជាមួយគ្នា លោក បេសសិន បានរិះគន់ប្រទេសចិន ថា ជាអ្នកផ្គត់ផ្គង់ដែលមិនអាចទុកចិត្តបាន បន្ទាប់ពីរដ្ឋធានីប៉េកាំងបញ្ឈប់ការនាំចេញប្រេងយន្តហោះ និងផលិតផលចម្រាញ់ផ្សេងៗទៅកាន់អាស៊ី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត