
រាជធានីភ្នំពេញ៖ ជាគួរឱ្យភ្ញាក់ផ្អើលសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ាន! អង្គការឈ្មោះ Hatzlacha (ហាតស្លាចា) នៅអ៊ីស្រាអែល បានទម្លាយរបាយការណ៍ថា មានពលរដ្ឋមកពីបណ្តាប្រទេសអាស៊ានជិត២០០នាក់ កំពុងបម្រើការក្នុងជួរកងទ័ពការពារជាតិអ៊ីស្រាអែល (IDF) ចំពេលសង្គ្រាមនៅដែនដីហ្កាហ្សាកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ របាយការណ៍នេះ ត្រូវបានចុះផ្សាយដោយសារព័ត៌មានអន្តរជាតិនានា ដូចជា CNA របស់សិង្ហបុរី ជាដើម។

យោងតាមទិន្នន័យគិតត្រឹមខែមីនា ឆ្នាំ២០២៥ ទាហានជិត២០០នាក់នោះ រួមមាន ជនជាតិហ្វីលីពីន១១១នាក់ ជនជាតិថៃ៧១នាក់ ជនជាតិវៀតណាម៤នាក់ ជនជាតិសិង្ហបុរី២នាក់ និងជនជាតិឥណ្ឌូណេស៊ីម្នាក់ ហើយក្នុងចំណោមពួកគេ សុទ្ធតែមានសញ្ជាតិពីរ។ ព័ត៌មាននេះ បានក្លាយជាប្រធានបទដ៏ក្ដៅគគុក ជាពិសេសសម្រាប់ប្រទេសដែលមិនអនុញ្ញាតឱ្យពលរដ្ឋមានសញ្ជាតិពីរ ដូចជា ឥណ្ឌូណេស៊ី និងសិង្ហបុរី។ រដ្ឋាភិបាលឥណ្ឌូណេស៊ី ដែលជាអ្នកគាំទ្រដល់ឯករាជ្យភាពប៉ាឡេស្ទីន បានប្រកាសថា ខ្លួនកំពុងសម្របសម្រួលជាមួយក្រសួងយុត្តិធម៌ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាននេះ។ បើតាមច្បាប់ឥណ្ឌូណេស៊ី ពលរដ្ឋដែលចូលបម្រើកងទ័ពបរទេសដោយគ្មានការអនុញ្ញាត អាចនឹងត្រូវដកសញ្ជាតិភ្លាមៗ ដូចករណីអតីតទាហានម៉ារីនម្នាក់ដែលបានទៅចូលរួមជាមួយកងទ័ពរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែនកាលពីពេលថ្មីៗនេះ។ ដោយឡែក ក្រសួងមហាផ្ទៃសិង្ហបុរី ក៏បានបញ្ជាក់ដែរថា ខ្លួនកំពុងតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់ បើទោះបីជាបច្ចុប្បន្ន មិនទាន់មានភស្តុតាងរឹងមាំថា មានពលរដ្ឋខ្លួនកំពុងប្រយុទ្ធក្នុងជួរកងទ័ពអ៊ីស្រាអែលក៏ដោយ។

អ្នកជំនាញផ្នែកសន្តិសុខបានលើកឡើងថា វត្តមានទាហានសញ្ជាតិពីរទាំងនេះ កំពុងបង្កើតជាសំណួរផ្លូវច្បាប់ដ៏ស្មុគស្មាញ ជាពិសេសពាក់ព័ន្ធនឹងបទឧក្រិដ្ឋសង្គ្រាមនៅហ្កាហ្សា ដែលបច្ចុប្បន្នតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កំពុងស៊ើបអង្កេត។ ទោះបីជាមិនទាន់មានការកាត់ទោសណាមួយលើទាហានសញ្ជាតិពីរទាំងនេះក៏ដោយ ប៉ុន្តែពាក្យបណ្ដឹងផ្លូវច្បាប់ត្រូវបានដាក់នៅតាមបណ្ដាប្រទេសមួយចំនួនរួចទៅហើយ ដូចជា បារាំង អ៊ីតាលី និងអាហ្វ្រិកខាងត្បូង។

សម្រាប់ប្រទេសថៃ និងហ្វីលីពីន ដែលអនុញ្ញាតឱ្យមានសញ្ជាតិពីរ ករណីនេះមិនសូវជាមានសម្ពាធផ្នែកច្បាប់ខ្លាំងឡើយ។ ក្រសួងការបរទេសថៃបានពន្យល់បែបដោះបន្ទុកថា ពួកគេភាគច្រើន គឺជាកូនកាត់ដែលមានឪពុកម្ដាយជាជនជាតិថៃ និងអ៊ីស្រាអែល ដែលត្រូវបំពេញកាតព្វកិច្ចយោធាតាមច្បាប់របស់អ៊ីស្រាអែល៕




