ក្រុមហ៊ុនឯកជនមួយគ្រោងកែច្នៃខ្លឹមចន្ទន៍ក្រស្នា ធ្វើជាវត្ថុអនុស្សាវរីយ៍ទាក់ទាញភ្ញៀវទេសចរមូស្លីម
L
Linda Sorn
2 ម៉ោងមុន

រាជធានីភ្នំពេញ​៖ ក្រុមហ៊ុនឯកជនមួយឈ្មោះ THY HOLDING CO., LTD បានបង្ហើបឱ្យដឹងពីគម្រោងកែច្នៃខ្លឹមចន្ទន៍ក្រស្នា ទៅជាវត្ថុអនុស្សាវរីយ៍ប្រណិត ដូចជាគ្រឿងក្រអូប ឬគ្រឿងកែសម្រស់ សម្រាប់លក់ជូនភ្ញៀវទេសចរអារ៉ាប់...។

ប្រធានក្រុមហ៊ុន THY HOLDING CO., LTD លោក ណាង សុធី បានឱ្យដឹងពីគម្រោងនេះក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៩មីនា ឆ្នាំ២០២៦។ លោក ណាង សុធី បានបញ្ជាក់ពីផែនការរបស់ក្រុមហ៊ុន ដោយក្រុមហ៊ុនគ្រោងនឹងរៀបចំកែច្នៃខ្លឹមចន្ទន៍ក្រស្នាឱ្យទៅជាវត្ថុអនុស្សាវរីយ៍ដ៏ប្រណិតសម្រាប់ភ្ញៀវទេសចរ និងគ្រោងបើកជាហាងលក់វត្ថុអនុស្សាវរីយ៍ប្រណិតដែលកែច្នៃពីខ្លឹមចន្ទន៍ក្រស្នានៅកម្ពុជា ព្រមទាំងគ្រោងរៀបចំទៅជាកសិ-ទេសចរណ៍ នាពេលខាងមុខ។ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុននាពេលកន្លងមក និងគម្រោងវិនិយោគរបស់ក្រុមហ៊ុន ដែលនឹងជាតម្លៃបន្ថែមខ្ពស់ក្នុងវិស័យទេសចរណ៍ ជាពិសេសនឹងចូលរួមជួយជំរុញទេសចរណ៍មូស្លីម និងទាក់ទាញភ្ញៀវទេសចរមូស្លីម។

លោកក៏បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនស្វែងរកការប្រឹក្សាផ្លូវច្បាប់ ដើម្បីដំណើរការគម្រោងខាងលើស្របតាមច្បាប់​ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ជាមួយគ្នានោះ លោកបានលើកឡើងថា ដើម្បីទាក់ទាញនូវភ្ញៀវទេសចរអារ៉ាប់មកទស្សនាកម្ពុជាឱ្យកាន់តែច្រើន ក្រសួងទេសចរណ៍ បាននិងកំពុងអនុវត្តផែនការទេសចរណ៍មូស្លីម ២០២៣-២០២៧ ក៏ដូចជាសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការជំរុញម្ហូបអាហារហាលឡាល់ និងស្តង់ដារ ផងដែរ។ គួរបញ្ជាក់ថា បើតាមជីវៈចម្រុះនៃប្រទេសកម្ពុជា ចន្ទន៍ក្រស្នា ជាឈើធំកម្ពស់ពី៣០ទៅ៤០ម៉ែត្រ ដុះក្នុងព្រៃធំដែលមានអាកាសធាតុត្រជាក់។ ដើមនេះ ត្រូវគេយកទៅផលិតជាទឹកអប់សម្រាប់ប្រើប្រាស់ ខ្លះយកទៅធ្វើជាគ្រឿងសម្អាង ហើយនៅប្រទេសអារ៉ាប់គេយកទៅដុតអប់បន្ទប់ឱ្យក្រអូប។ ដោយឡែក ខ្លះទៀតយកទៅចម្រាញ់ជាប្រេងសម្រាប់ធ្វើមេទឹកអប់លាបខ្លួន៕

ចន្ទន៍ក្រស្នា
ចន្ទន៍ក្រស្នា
ចន្ទន៍ក្រស្នា
ចន្ទន៍ក្រស្នា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត