
រាជធានីភ្នំពេញ៖ ក្រោយករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តមួយគ្រឿងបើកបរលឿនជ្រុលទៅបុកម៉ូតូក្មេងម្នាក់ កាលពីយប់ថ្ងៃទី១៨មីនា ឆ្នាំ២០២៦ ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឫស្សីកែវ បណ្ដាលឱ្យក្មេងម្នាក់នោះរងរបួសធ្ងន់។ ពេលនេះ សមត្ថកិច្ចជំនាញរកឃើញថា អ្នកបើកបរ គឺជាមនុស្សស្រី មិនមែនជាកូនប្រុសចៅហ្វាយស្រុកកងមាសនោះទេ...។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំំពេញ នារសៀលថ្ងៃទី២០ ខែមីនានេះ បានគូសបញ្ជាក់ថា តាមការបំភ្លឺរបស់ភាគីរថយន្តបង្ក បានឆ្លើយចំពោះមុខសមត្ថកិច្ចឱ្យដឹងថា អ្នកបើកបររថយន្តជាស្ត្រី ដោយមុនពេលកើតហេតុស្ត្រីរូបនោះ បានបើករថយន្តចេញពីកន្លែងផឹកស៊ីជាមួយបុរស ដែលមានឈ្មោះថា សាមិន វុត្ថារិទ្ធ ត្រូវជាកូនប្រុសបង្កើត លោក ភោគ សាវុធ រួមដំណើរពីហាងមួយកន្លែងក្នុងខណ្ឌសែនសុខ។ យ៉ាងណា សមត្ថកិច្ចកំពុងបន្តអង្កេតស្រាវជ្រាវតាមជំនាញ បច្ចេកទេស ក្នុងគោលដៅសុក្រឹតភាពនៃការទទួលខុសត្រូវ ក្នុងនាមជាអ្នកបើកបរបង្កហេតុ ដោយអនុលោមតាមនីតិវិធីកំណត់ក្នុងច្បាប់ មុននឹងបញ្ជូនសំណុំរឿងទៅតុលាការឆាប់ៗនេះ ដើម្បីពិនិត្យសម្រេចជាសមត្ថកិច្ច។

ជាមួយគ្នា តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព ដែលអង្គភាពសារព័ត៌មាន SBM News ទទួលបាន បង្ហាញថា មុនពេលកើតហេតុ រថយន្តបង្កម៉ាក Forting ពណ៌-ស ស្លាកលេខ កម្ពុជា P.YEAN.7 បានចាក់ចេញពីហាងផឹកស៊ីមួយកន្លែង ខណៈតៃកុងរថយន្ត គឺជាមនុស្សស្រីប្រាកដមែន រីឯបុគ្គលឈ្មោះ សាមិន វុត្ថារិទ្ធ កូនប្រុសលោកចៅហ្វាយស្រុកកងមាស អង្គុយនៅកៅអីរួមដំណើរ៕





