
រាជធានីភ្នំពេញ៖ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដាក់ទោសមិនសូវធ្ងន់ធ្ងរនោះទេ ទៅលើជនបង្កគ្រោះថ្នាក់ បើទោះជាជនរងគ្រោះ រងរបួសធ្ងន់ធ្ងរប៉ុនណា រហូតដល់ត្រូវបាត់បង់ជីវិតក៏ដោយ។ ផ្អែកតាមច្បាប់ចរាចរណ៍បច្ចុប្បន្ន ការបើកបរបង្កគ្រោះថ្នាក់ធ្វើឱ្យបាត់បង់ជីវិតអ្នកដទៃ ត្រូវជាប់ពន្ធនាគារយូរបំផុតត្រឹម៣ឆ្នាំ បើជនបង្កមិនស្រវឹង តែបើស្រវឹង អាចជាប់ពន្ធនាគារយូរបំផុតដល់៥ឆ្នាំ។

ម្យ៉ាងទៀត ក្នុងករណីបើកបរបង្កគ្រោះថ្នាក់ឱ្យអ្នកដទៃស្លាប់លើដងផ្លូវ មិនថាជនបង្កជាអ្នកណាឡើយ គឺត្រូវទទួលទោសស្មើគ្នា ឬដូចគ្នាទាំងអស់ ដោយពុំបានបែងចែកថា មន្ត្រីរាជការដែលបង្កគ្រោះថ្នាក់លើដងផ្លូវ ត្រូវមានទោសច្រើនជាងពលរដ្ឋធម្មតា ដែលបង្កគ្រោះថ្នាក់លើដងផ្លូវនោះទេ។ គួរដឹងចំណុចសំខាន់មួយទៀត ទោះជនរងគ្រោះ រងរបួសឬស្លាប់ច្រើននាក់ប៉ុនណា ក៏ជនបង្កមិនជាប់ទោសលើសពី៥ឆ្នាំដែរ។ អ្នកច្បាស់ជាគិតថា ហេតុអ្វី ក៏ទោសនេះស្រាលម្ល៉េះ ខណៈបាត់បង់ជីវិតមនុស្សមួយទាំងមូល ឬជួនកាលច្រើននាក់ទៅទៀត?

ព្រោះតែសង្កេតឃើញដូចសាធារណជនថា ទោសនេះស្រាល ទើបក្រសួងយុត្តិធម៌ មានបំណងចង់ធ្វើវិសោធនកម្មលើច្បាប់ចរាចរណ៍ ដោយបន្ថែមទោសឱ្យកាន់តែធ្ងន់។ ក្នុងសន្និសីទសារព័ត៌មានមួយ តាំងពីអំឡុងខែមករា ឆ្នាំ២០២៥ លោក សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្លាប់ប្រកាសថា ក្រសួងយុត្តិធម៌ ពិចារណាធ្វើវិសោធនកម្មលើច្បាប់ចរាចរណ៍ ដើម្បីពិនិត្យពីការកំណត់ទោសឡើងវិញ ឱ្យសមរម្យល្មមទៅនឹងព្យសនកម្ម [ឬផលប៉ះពាល់] ដែលកើតលើជនរងគ្រោះ។

យ៉ាងណាក៏ដោយ មកដល់ពេលនេះ ដំណឹងអំពីការកែច្បាប់ដើម្បីបន្ថែមទោសនេះ បានស្ងាត់ជ្រាបទៅវិញ។ ក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងយុត្តិធម៌តែម្តង គួរប្រញាប់ប្រញាល់ ធ្វើសេចក្តីព្រាងស្តីពីការកែច្បាប់នេះ ដើម្បីដាក់ទោសឱ្យធ្ងន់ធ្ងរលើជនបង្កគ្រោះថ្នាក់ចរចារណ៍បណ្តាលឱ្យអ្នកដទៃរបួសធ្ងន់ ឬស្លាប់។

ប្រហែលជាដោយសារច្បាប់ដាក់ទោសស្រាលពេក ទើបមនុស្សមួយចំនួន ហាក់ខ្វះការប្រុងប្រយ័ត្នក្នុងការបើកបរ ដោយអ្នកខ្លះ ថែមទាំងហ៊ានផឹកស្រាដល់ស្រវឹងថែមទៀត បើទោះជាដឹងថា ខ្លួនត្រូវបើកបរក៏ដោយ។ នាពេលបច្ចុប្បន្ននេះ មិនត្រឹមតែប្រជាពលរដ្ឋទូទៅនោះទេ ពេលខ្លះ ក៏មានទាំងមន្រ្តីរាជការ និងកងកម្លាំងផងដែរ ដែលបើកបរក្នុងស្ថានភាពស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ។

ករណីជាក់ស្តែង! រថយន្ត១គ្រឿង បានបុកក្មេងប្រុស១នាក់បណ្តាលឱ្យរងរបួសធ្ងន់ស្ទើរតែស្លាប់ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ ស្រាប់តែពេលនោះ បុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង ក៏បានចុះពីរថយន្តខ្លួន ហើយបោះសម្តីថា រឿងប៉ុណ្ណឹង! បោះតែ២ម៉ឺនដុល្លារទៅ គឺចប់រឿងហើយ។ ស្តាប់ឮហើយ ប្រជាពលរដ្ឋ ក៏ផ្ទុះកំហឹងយ៉ាងខ្លាំង រហូតនាំគ្នាឃាត់មិនឱ្យប៉ូលិសនាំបុរសនោះទៅណាឡើយ។ មានប្រជាពលរដ្ឋខ្លះ ទ្រាំមិនបាន ក៏បានវ៉ៃបុរសនោះបែកក្បាលទៀតផង។ ប្រជាពលរដ្ឋខ្លះ និយាយទាំងញ័រមាត់ថា សម្តីបុរសនោះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ជីវិតអ្នកដទៃ។

បុរសនោះ ឈ្មោះ សាមីន វុត្ថារិទ្ធ ជាមន្រ្តីសាលាស្រុកកងមាស ខេត្តកំពង់ចាម ហើយក៏ជាកូនបង្កើតរបស់លោកអភិបាលស្រុកកងមាសផងដែរ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺដោយផ្អែកលើចម្លើយសារភាពរបស់ជនបង្កថា អ្នកដែលបើករថយន្តបុកក្មេងប្រុសពិតប្រាកដ គឺជាស្រ្តី ខណៈបុរសឈ្មោះ សាមីន វុត្ថារិទ្ធ ជាអ្នករួមដំណើរជាមួយ។ ពួកគេទាំង២នាក់ បានបើករថយន្តចេញពីហាងផឹកស៊ីមួយកន្លែង។

នាពេលខាងមុខ បើកម្ពុជាពិតជាបន្ថែមទោសទៅលើអ្នកបើកបរដែលបង្កគ្រោះថ្នាក់បណ្តាលឱ្យអ្នកដទៃរបួសធ្ងន់ ឬដល់ស្លាប់ នោះជាកត្តាមួយដ៏សំខាន់ដែលអាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ បើក្នុងករណីជនបង្កស្រវឹងស្រាទៀតនោះ គឺរឹតតែដាក់ទោសឱ្យធ្ងន់ជាងជនបង្កដែលមិនស្រវឹង។ លើសពីនេះ រវាងមនុស្សធម្មតា និងមន្រ្តីរាជការ គឺមិនត្រូវមានទោសដូចគ្នា ឬស្មើគ្នាឡើយ (មានន័យថា មន្រ្តីរាជការ គួរមានទោសលើសពីមនុស្សទូទៅ ក្នុងករណីបង្កគ្រោះថ្នាក់ចរាចរណ៍)។

មន្រ្តីរាជការ ឬកងកម្លាំង ពិសេសមន្រ្តីរាជការ ឬកងកម្លាំងដែលពាក់ព័ន្ធក្នុងការអនុវត្តច្បាប់ ត្រូវធ្វើជាគំរូដល់ប្រជាពលរដ្ឋ។ និយាយមួយបែបទៀតថា អ្នកអនុវត្តច្បាប់ អ្នកកាន់ច្បាប់ អ្នកដឹងពីច្បាប់ ហើយបែរជាធ្វើខុសច្បាប់ ឬបំពានច្បាប់ គួរមានទោសលើសពីមនុស្សធម្មតា៕



