
ក្រុងសំពៅពូន៖ អាជ្ញាធរខេត្តកណ្តាល សម្រេចបិទ «ក្រុមហ៊ុន/កាស៊ីណូ» ចំនួន១១ទីតាំង ស្ថិតនៅក្រុងសំពៅពូន ក្រោយរកឃើញជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ អភិបាលខេត្តកណ្តាល លោក គួច ចំរើន បានដឹកនាំក្រុមការងារ និងស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យបិទខ្ទប់ទីតាំងទាំងនោះកាលពីថ្ងៃទី១៩មីនា ឆ្នាំ២០២៦...។

នាឱកាលនោះ លោក គួច ចំរើន បញ្ជាកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធឱ្យការពារថែរក្សាវត្ថុតាង សម្ភារនានារបស់ក្រុមហ៊ុន/កាស៊ីណូ ដែលបានបិទខ្ទប់ទាំងនោះ កុំឱ្យបាត់បង់ ដើម្បីទុកចាត់ចែងទៅតាមនីតិវិធីច្បាប់បន្តទៀត និងហាមមិនឱ្យអ្នកគ្មានភារកិច្ចចេញ-ចូលឡើយ។ ជាមួយគ្នា លោកអភិបាលខេត្ត ប្រាប់ប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះការជួលអគារ ផ្ទះ ឫកន្លែងស្នាក់នៅផ្សេងៗពីសំណាក់ជនបរទេស ជាពិសេស ត្រូវពិនិត្យឯកសារនានា ធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវមុនពេលជួល ដើម្បីជៀសវាងមានការជាប់ពាក់ព័ន្ធ និងបទល្មើស Scam Online។ មួយវិញទៀតលោកក៏បានរំឭកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យសង្កេតចាប់អារម្មណ៍ចំពោះអ្នកស្នាក់នៅជាក្រុម ដែលមានភ្ជាប់ Internet ទំហំធំៗ ហើយបើមានករណីសង្ស័យ សូមប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានទៅកាន់សមត្ថកិច្ចជាបន្ទាន់ ដើម្បីមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាប៕





