
រាជធានីភ្នំពេញ៖ ប្រតិមាព្រះឥសូរដ៏ធំជាងគេមួយក្នុងប្រទេសកម្ពុជា ដែលមានការបែកបាក់ដល់ទៅជាង១ម៉ឺនបំណែកមកពីប្រាសាទកោះកេរ្ដិ៍ បានចាប់កំណើតឡើងវិញ ក្រោយចំណាយពេលជួសជុលអស់រយៈកន្លះទសវត្សរ៍។ នេះបើតាមការឱ្យដឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១៩មីនា ឆ្នាំ២០២៦ បានចូលរួមក្នុងពិធីអបអរសាទរនៃការបញ្ចប់ការជួសជុលដោយជោគជ័យ នៃប្រតិមាព្រះឥសូររាំដ៏ធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅអភិរក្សដ្ឋានអង្គរ ខេត្តសៀមរាប។ បើតាមក្រសួងវប្បធម៌ ប្រតិមាព្រះឥសូរដ៏ធំមួយនេះ ត្រូវបានប្រើពេលជួសជុលអស់រយៈពេលជាង៥ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិព្រះវិហារ និងសាលាបារាំងចុងបូព៌ា ដោយមានការគាំទ្រពីសម្ព័ន្ធភាពបេតិកភណ្ឌ។ ប្រតិមាព្រះឥសូររាំនេះ មានកម្ពស់៥ម៉ែត្រ មានព្រះភក្ត្រ៥ ព្រះហស្ថ១០ និងទម្ងន់ប្រមាណ៧តោន។ ប្រិតិមាបានរលំបាកក្នុងសតវត្សរ៍ទី១៤ មានសភាពបែកបាក់ចំនួនជាង១ម៉ឺនបំណែក និងត្រូវបានចោរចូលលួចក្នុងសម័យសង្គ្រាមស៊ីវិល។ ក្រសួងវប្បធម៌បញ្ជាក់ថា បច្ចុប្បន្នប្រតិមាត្រូវបានតម្កល់នៅអភិរក្សស្ថានអង្គរជាបណ្ដោះអាសន្នសិន។

ថ្លែងក្នុងពិធីអបអរសាទរការបញ្ចប់ការជួសជុលប្រតិមាព្រះឥសូររាំ លោកស្រី ភឿង សកុណា បានបង្ហាញក្ដីសោមនស្ស និងអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមអ្នកជំនាញ នៃសាលាបារាំងចុងបូព៌ា គណៈកម្មាធិការបច្ចេកទេស និងដៃគូសម្ព័ន្ឋភាពការពារបេតិកភ័ណ្ឌ ចំពោះការខិតខំស្តារ និងស្រោចស្រង់ផ្គុំរូបរាងប្រតិមាព្រះឥសូរដែលមានអាយុកាលជាងមួយពាន់ឆ្នាំនេះ មកល្អឡើងវិញ។ លោកស្រីសង្ឃឹមថា រូបបដិមាដ៏ធំ នេះ នឹងវិលត្រឡប់ទៅកាន់ទីតាំងដើមនៅប្រាសាទកោះកេរ្តិ៍ វិញទុកជាទីសក្ការសម្រាប់ការគោរពទៅតាមជំនឿ ទំនៀមទម្លាប់ពីដូនតាខ្មែរ និងជាការទាក់ទាញរំហូរទេសចរទៅកាន់តំបន់ប្រាសាទកោះកេរ្តិ៍កាន់តែច្រើនឡើងជាលំដាប់៕





