
រាជធានីភ្នំពេញ៖ ជនជាតិចិន និងខ្មែរចំនួន៦៥នាក់ ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ ក្នុងសំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ប្រព្រឹត្តិនៅក្នុងទីតាំងខុនដូរ ហ្គោលឌិន វ័ន សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង...។

យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ជនត្រូវចោទ សរុបចំនួន៦៥នាក់ ក្នុងនោះមានជនជាតិចិន៨នាក់ និងជនជាតិខ្មែរ៥៧នាក់ ត្រូវបាន លោក ប៊ុន រតនៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០២៥ ដល់ក្នុងឆ្នាំ២០២៦ បទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៣៧៧ មាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបថា ក្នុងរយៈពេល៨ខែចុងក្រោយ តុលាការកម្ពុជា បានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធការឆបោកអនឡាញ ដែលបានផ្តន្ទាទោសមេខ្លោង និងបក្ខពួកជិត៦០០នាក់ ក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿងមេខ្លោងធំ ចេន ហ្ស៊ី, សំណុំរឿងឧកញ៉ា លី គួង និងសំណុំរឿងធំៗ ពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត នេះបើតាមរបាយការណ៍របស់ក្រសួងយុត្តិធម៌។ គួរបញ្ជាក់ផងដែរថា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តអំពើឆបោក ឬបទល្មើសឆ្លងដែនឡើយ។ យ៉ាងណា រាល់បុគ្គល ឬអង្គភាពទាំងហ្លាយណាដែលនៅពីក្រោយសកម្មភាពឆបោកនេះ នឹងត្រូវប្រឈមមុខជាមួយទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយដែរ៕










