ហេតុអ្វីអាណាចក្រអ៊ីរ៉ង់មិនរលាយ ទោះបីខួរក្បាលយុទ្ធសាស្ត្រត្រូវបានកម្ទេច...?
ហៀប ស៊ីថេត
20 ម៉ោងមុន

បទបរិយាយ៖ រដ្ឋធានីតេហេរ៉ង់ ត្រូវបានគេមើលឃើញថា កំពុងមានហានិភ័យខ្ពស់ចំពោះមេដឹកនាំជាន់ខ្ពស់របស់ប្រទេស ដែលត្រូវបានសម្ព័ន្ធមិត្តសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល បាញ់សម្លាប់ជាបន្តបន្ទាប់ ប៉ុន្តែប្រទេសដឹកនាំដោយប្រព័ន្ធគ្រប់គ្រងតាមបែបលិទ្ធិសាសនាអ៊ិស្លាមមួយនេះ នៅតែអាចឈរយ៉ាងរឹងមាំប្រឆាំងនឹងបច្ចាមិត្តវិញ។ តើមកដល់ពេលនេះ មេដឹកនាំអ៊ីរ៉ង់ណាខ្លះបានបាត់បង់ជីវិត ហើយថា តើអ៊ីរ៉ង់ច្បាំងតតាំងជាមួយសត្រូវបានដោយរបៀបណា បើមេដឹកនាំកំពូលៗត្រូវបានសម្លាប់ម្ដងមួយៗបែបនេះ?

ក្នុងរយៈពេលត្រឹមតែ២០ថ្ងៃ សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានផ្លាស់ប្ដូរនិយមន័យសង្គ្រាមស្រមោល ទៅជាសង្គ្រាមយុទ្ធសាស្ត្រផ្តាច់ជីវិតមេដឹកនាំកំពូលៗរបស់អ៊ីរ៉ង់អស់ជាច្រើននាក់។ បើយើងមើលរចនាសម្ព័ន្ធដឹកនាំកំពូលរបស់សាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ នាពេលបច្ចុប្បន្ន វាមានតែមួយលើលោកគ្មានពីរឡើយ ពោលគឺចាប់តាំងពីអ៊ីរ៉ង់សម្រេចកែប្រែរដ្ឋធម្មនុញ្ញឆ្នាំ១៩៧៩ (កែប្រែឆ្នាំ១៩៨៩) ដោយរួមបញ្ចូលការគ្រប់គ្រងរវាងមេដឹកនាំសាសនាកំពូល ជាមេដឹកនាំប្រទេស។ ការរចនាសម្ព័ន្ធដឹកនាំថ្មីរបស់អ៊ីរ៉ង់ មិនកំណត់លើអ្នកគ្រប់គ្រង់ប្រទេសកំពូលតែម្នាក់នោះទេ ប៉ុន្តែជាការចាត់តាំងឱ្យមានអ្នកបន្តវេន អ្នកទទួលភារកិច្ចភ្លាមៗ កំលុងពេលប្រទេសជួបវិបត្តិអសន្តិសុខ ឬមានសង្គ្រាម។ ចំណុចនេះហើយ បានជាមេដឹកនាំអ៊ីរ៉ង់បាត់បង់ម្នាក់ តែងតែមានមេដឹកនាំថ្មីម្នាក់ទៀតចូលមកគ្រប់គ្រងជំនួស ឬចាត់ចែងការងារបញ្ជាភ្លាមៗជំនួសមេដឹកនាំចាស់ ដែលបានទទួលមរណភាព ឬជួបបញ្ហាអ្វីមួយដែលមិនអាចធ្វើការសម្រេចចិត្តបាន។ 

ក្បាលម៉ាស៊ីនដឹកនាំអ៊ីរ៉ង់ជួបការធ្វើឃាតជាបន្តបន្ទាប់ តើហេតុអ្វីបានជារបបតេហេរ៉ង់នៅតែអាចរក្សាជំហរបាន និងធ្វើឱ្យសម្ព័ន្ធមិត្តផ្តើមសង្គ្រាមទាំងពីរ ភ័យស្លន់ស្លោ...? ជាទូទៅគេសង្កេតឃើញថា នៅពេលដែលប្រទេសមានសង្គ្រាម តួនាទីរបស់មេដឹកនាំមិនត្រឹមតែជាមេបញ្ជាការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដង្ហើមរបស់ប្រទេសជាតិទាំងមូល។ ប្រសិនបើមេដឹកនាំត្រូវបានគេសម្លាប់ នោះមានន័យថា ប្រព័ន្ធដឹកនាំរដ្ឋ និងស្ថាប័នយោធា នឹងធ្លាក់ចូលក្នុងស្ថានភាពច្របូកច្របល់ វឹកវរ យុទ្ធសាស្ត្រសង្គ្រាមធំៗនឹងមិនអាចធ្វើទៅបាន ហើយការវាយបកទៅកាន់សត្រូវ ក៏អាចត្រូវបាត់បង់ប្រសិទ្ធភាពផងដែរ។ ចំណុចនេះ គឺអាចនឹងកើតមានទៅលើបណ្តាប្រទេសនានា ប៉ុន្តែសម្រាប់អ៊ីរ៉ង់វិញ មិនដូច្នោះទេ! មិនដូចក៏នៅត្រង់ថា ទោះមេដឹកនាំកំពូលៗជាច្រើន ត្រូវបានសម្លាប់ជាបន្តបន្ទាប់ក៏ដោយ តែរបបតេហេរ៉ង់នៅមានជីវិតរស់មិនស្លាប់តាមមេដឹកនាំខ្លួនឡើយ។ នេះហើយជាអ្វីដែលមេដឹកនាំសហរដ្ឋអាម៉េរិកឈឺក្បាល និងប្រកាសឱ្យគេឯងចូលជួយ ខណៈច្រកសមុទ្ទហ័រមូស្ស ជាសាមីកាចាក់ស្រែះមួយដែលមេដឹកនាំអ៊ីរ៉ងដាក់ឱ្យសម្ព័ន្ធមិត្តស៊ីយូនីស្តដោះស្រាយ។

មេដឹកនាំថ្មី ដែលមានការចាត់តាំងច្បាស់លាស់ពីជួរក្បាលម៉ាស៊ីនមេដឹកនាំកំពូលជាសម្ងាត់ អាចតតាំងច្បាំងជាមួយសត្រូវបានយ៉ាងមានប្រសិទ្ធភាព។ ជាក់ស្តែង ការវាយបកទៅកាន់អ៊ីស្រាអែល និងមូលដ្ឋានកងទ័ពសហរដ្ឋអាម៉េរិកនៅបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា គឺជាទឡ្ហីករណ៍ដែលមិនអាចបដិសេធបាន។ គិតត្រឹមថ្ងៃទី១៩មីនា ឆ្នាំ២០២៦នេះ ជាសប្តាហ៍ទី៣ហើយ ដែលសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ានៅតែឆេះយ៉ាងសន្ធោសន្ធៅ ទោះមេដឹកនាំសំខាន់ៗមួយចំនួនរបស់អ៊ីរ៉ង់ បាត់បង់អាយុជីវិតជាបន្តបន្ទាប់ក្ដី។ តើមេដឹកនាំកំពូលៗអ៊ីរ៉ង់កំពូលៗណាខ្លះ ដែលត្រូវបានផ្តាច់ជីវិតដោយស្នាដៃអាម៉េរិក និងអ៊ីស្រាអែល..? ជាដំបូង យើងរាប់ចាប់ពី លោក អាយ៉ាតូឡាហ៍ អាលី ខាមេណី ក្នុងវ័យ៨៦ឆ្នាំ លោកកាន់អំណាចតាំងពីឆ្នាំ១៩៨៩ និងជាអ្នកក្តោបក្តាប់ជោគវាសនាប្រទេសអ៊ីរ៉ង់ជាង៣ទសវត្សរ៍ ខណៈដែលពលរដ្ឋអ៊ីរ៉ង់ ចាត់ទុកលោកជាមេដឹកនាំកំពូលទាំងលើវិស័យសាសនា និងដឹកនាំរដ្ឋ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសថ្ងៃដំបូងដ៏សាហាវព្រឺព្រួចរបស់សហរដ្ឋអាម៉េរិក-អ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

ក្រៅពីនោះ មន្ត្រីជាន់ខ្ពស់សំខាន់ៗផ្សេងទៀតដូចជា៖ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ លោក អាលី ឡារីហ្សានី (Ali Larijani), រដ្ឋមន្ត្រីក្រសួងចារកម្មរបស់អ៊ីរ៉ង់ លោក អេសម៉ែល ខាទីប (Esmail Khatib), អ្នកបង្កើតគោលនយោបាយសន្តិសុខ និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ លោក អាលី សាមខានី (Ali Shamkhani) ក៏ត្រូវបានក្លាយជាចំណីមច្ចុរាជផងដែរ។ មិនតែប៉ុណ្ណោះ សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលក៏បានផ្តាច់ជីវិតមេបញ្ជាការយោធាកំពូលៗផ្សេងទៀតរួមមាន៖ អគ្គមេបញ្ជាការនៃកងឆ្មាំបដិវត្តន៍អ៊ិស្លាម (ឬ IRGC) លោក ម៉ូហាម៉ាត់ ប៉ាក់ពួរ (Mohammad Pakpour), រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់ និងជាមន្ត្រីជាន់ខ្ពស់នៃកងទ័ពអាកាស លោក អាហ្ស៊ីស ណាស៊ីហ្សឺដេស (Aziz Nasirzadeh), អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក អាប់ឌុលរ៉ាហ៊ីម មូសាវី (Abdolrahim Mousav), និងមេបញ្ជាការកងកម្លាំងពាក់កណ្តាលយោធា លោក ហ្គោឡាមរ៉េសា សូឡីម៉ានី (Gholamreza Soleimani) និងម​ន្រ្តីសំខាន់ៗមួយចំនួនទៀត។

រចនាសម្ព័ន្ធនៃអំណាចបែបវិមជ្ឈការរបស់កងឆ្មាំបដិវត្តន៍ ឬហៅថា IRGC ត្រូវបានរៀបចំឡើងឱ្យមានស្វ័យភាពខ្ពស់តាមផ្នែកនីមួយៗ ដែលមានន័យថា មេបញ្ជាការថ្នាក់ភូមិភាគ នៅតែមានអំណាចពេញដៃក្នុងការបញ្ជាកងទ័ព និងប្រើប្រាស់មីស៊ីល ទោះបីគ្មានបញ្ជាផ្ទាល់ពីមេបញ្ជាការកំពូលក៏ដោយ។ នេះជាអំណាចរដ្ឋក្នុងរដ្ឋ ដែលធ្វើឱ្យរបបមួយនេះ មិនងាយនឹងដួលរលំភ្លាមៗនោះទេ។ កត្តាដ៏សំខាន់មួយទៀត ដែលជាចន្ទុលដ៏រឹងមាំទប់របបមិនឱ្យដួលរលំនោះ គឺ «មនោគមវិជ្ជាទុក្ករបុគ្គល» ដែលត្រូវបានចាក់ឫសយ៉ាងជ្រៅក្នុងស្ថាប័នរដ្ឋ និងជំនឿសាសនារបស់អ៊ីរ៉ង់។ ជាក់ស្តែង ម៉ាស៊ីនឃោសនារបស់អ៊ីរ៉ង់ បានបង្វែរមរណភាពរបស់លោក ខាមេណី និងមេដឹកនាំកំពូលៗដទៃទៀត ឱ្យទៅជាកម្លាំងចលករនៃការតស៊ូដ៏វិសុទ្ធ ដើម្បីដុតកំហឹងសងសឹក។ នៅក្នុងក្រសែភ្នែករបស់អ្នកដែលស្មោះស្ម័គ្រនឹងរបបអ៊ិស្លាមមួយនេះ ការបន្ទន់ជង្គង់ចំពោះសត្រូវ គឺជាការក្បត់នឹងសាសនា និងមេដឹកនាំដែលបានបូជាជីវិតដើម្បីជាតិ ដូច្នេះ ផ្លូវតែមួយគត់ គឺរៀបចំជួរដឹកនាំបណ្ដោះអាសន្នឡើងវិញដើម្បីសងសឹង និងបន្តប្រើអំណាចយោធា ជាការឆ្លើយតបចំពោះខ្មាំងសត្រូវ។

តើប្រព័ន្ធគ្រប់គ្រងរដ្ឋអ៊ីរ៉ង់មានលក្ខណៈស្មុគស្មាញកម្រិតណា ទើបធ្វើឱ្យរបបមួយនេះមិនដួលរលំភ្លាមៗ...? មែនទែនទៅ អំណាចរដ្ឋាភិបាលនៅអ៊ីរ៉ង់ គេបែងចែកជាទម្រង់ពីរ៉ាមីត ដោយមានមេដឹកនាំកំពូលជាចំណុចស្នូលនៃអំណាច និងមានអំណាចក្តាប់ពេញដៃ។ ដំណែងមេដឹកនាំកំពូលមិនមែនគ្រាន់តែជាប្រមុខរដ្ឋទេ ប៉ុន្តែគឺជាបព្វជិតសាសនាកំពូលដែលមានអំណាចលើសរដ្ឋធម្មនុញ្ញ ហើយដំណែងនេះអាចកាន់កាប់បញ្ជាការដ្ឋានកងទ័ពទាំងស្រុង មានសិទ្ធិតែងតាំងប្រធានតុលាការ និងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ ទោះបីមេដឹកនាំកំពូលស្លាប់ ក៏មាន«ក្រុមប្រឹក្សាអ្នកជំនាញ (Assembly of Experts)» រង់ចាំជ្រើសរើសអ្នកបន្តវេនភ្លាមៗ ដើម្បីកុំឱ្យអំណាចដាច់ដង្ហើម។ ប្រធានាធិបតី គឺជាតំណែងធំលំដាប់ទី២ក្នុងប្រទេស ដែលប្រសូត្រចេញពីការបោះឆ្នោតរបស់ប្រជាជន ប៉ុន្តែត្រូវឆ្លងកាត់ការយល់ព្រមពីមេដឹកនាំកំពូល។ ប្រធានាធិបតីទទួលបន្ទុកសេដ្ឋកិច្ច ការងាររដ្ឋបាល និងកិច្ចការស៊ីវិល។ យ៉ាងណា ប្រធានាធិបតីអ៊ីរ៉ង់មិនសូវមានអំណាចទេ ព្រោះគ្មានសិទ្ធិបញ្ជាកងទ័ពឆ្មាំបដិវត្តន៍(IRGC)បានឡើយ។

កងទ័ពឆ្មាំបដិវត្តន៍ មិនត្រឹមតែមានអាវុធទំនើបៗ និងកម្លាំងប្រតិបត្តិការក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានគ្រប់គ្រងសេដ្ឋកិច្ចជាតិជិត៣០ភាគរយផងដែរ រួមទាំងវិស័យធនាគារ សំណង់ និងប្រេង។ ដូច្នេះ របបតេហេរ៉ង់មិនងាយដួល ដោយសារពួកគេមានលុយ និងអាវុធពេញដៃដាច់ដោយឡែកពីរដ្ឋាភិបាល ហើយសូម្បីតែថ្នាក់ដឹកនាំនយោបាយស្លាប់អស់ ក៏កងទ័ពឆ្មាំបដិវត្តន៍ នៅតែមានសមត្ថភាពបញ្ជាទ័ព និងបើកប្រាក់ខែឱ្យកូនចៅដើម្បីបន្តច្បាំងបានដែរ។ ក្រៅពីនេះ ក៏នៅមានកងកម្លាំងបង្ក្រាបផ្ទៃក្នុង បាស៊ីជ (Basij)។ ក្នុងករណីមានភាពចលាចលក្នុងប្រទេស កងកម្លាំងពាក់កណ្តាលយោធា បាស៊ីជ គឺសំខាន់ណាស់ក្នុងការដោះស្រាយភាពមិនប្រក្រតីក្នុងប្រទេស។ ក្រុមនេះមានសមាជិករាប់លាននាក់ បង្កប់ខ្លួននៅគ្រប់ទីកន្លែងរួមទាំងសាលារៀន រោងចក្រ និងសហគមន៍នានា។ នៅពេលមានបាតុកម្ម ឬចលាចល កងកម្លាំងបាស៊ីជ នឹងចេញមុខបង្ក្រាបភ្លាមៗ។ នេះជាមូលហេតុដែលប្រជាជនមិនងាយងើបបះបោរបាន ទោះបីជាមេដឹកនាំកំពូលស្លាប់ក៏ដោយ។

កងកម្លាំងបង្ក្រាបផ្ទៃក្នុង បាស៊ីជ (Basij)
កងកម្លាំងបង្ក្រាបផ្ទៃក្នុង បាស៊ីជ (Basij)

ដូច្នេះមានន័យថា កងទ័ពឆ្មាំបដិវត្តន៍ (IRGC) ចម្បាំងជាមួយសត្រូវខាងក្រៅ ចំណែកកងកម្លាំងបាស៊ីជ ដោះស្រាយបញ្ហាផ្ទៃក្នុង។ ម្យ៉ាងវិញទៀត«ក្រុមប្រឹក្សារក្សារដ្ឋធម្មនុញ្ញ (Guardian Council)» ជាស្ថាប័នកំពូលខាងច្បាប់ និងនយោបាយ មានសមាជិក១២រូប និងមានសិទ្ធិច្រានចោលរាល់បេក្ខជនប្រធានាធិបតី ឬសមាជិកសភាណា ដែលមិនស្មោះត្រង់នឹងរបបអ៊ិស្លាម។ ស្ថាប័ននេះ ធានាថា គ្មានអ្នកនយោបាយនិយមសេរីណាម្នាក់អាចឡើងមកកែទម្រង់របបដឹកនាំបានឡើយ។ ចំណែកក្រសួងចារកម្ម ទទួលភារកិច្ចត្រួតពិនិត្យលើមន្ត្រីរដ្ឋាភិបាល និងកម្ទេចបណ្តាញសម្ងាត់ ឬក្រុមចារកម្មបរទេស។ នេះបង្ហាញថា អំណាចនៅអ៊ីរ៉ង់ស្មុគស្មាញណាស់ ហើយអំណាចត្រូវបានបែកចែកដាច់ដោយឡែកៗពីគ្នា មិនងាយនៅក្នុងការកម្ទេចឡើយ៕

ក្រុមប្រឹក្សារក្សារដ្ឋធម្មនុញ្ញ (Guardian Council)  
ក្រុមប្រឹក្សារក្សារដ្ឋធម្មនុញ្ញ (Guardian Council)  
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត