ឡាវប្រតិកម្មទៅថៃ ក្រោយយោធាឈ្លានពានចោទប្រកាន់ថា ដឹកជញ្ជូនដើម្បីផ្គត់ផ្គង់កងទ័ពកម្ពុជា
ហៀប ស៊ីថេត
17 ធ្នូ 2025 02:53 AM

រាជធានីបាងកក៖ ក្រោយយោធាថៃឈ្លានពាន ចោទប្រកាន់ និងបិទច្រកឆងមេក ជាមួយប្រទេសឡាវ ពេលនេះ លេខាធិការអចិន្ត្រៃយ៍នៃក្រសួងថាមពលឡាវ ​បញ្ជាក់​ថា ប្រេង​ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ គឺ​សម្រាប់​ប្រើប្រាស់​ក្នុង​ស្រុក​តែ​ប៉ុណ្ណោះ ហើយ​មិន​អាច​នាំ​ចេញ​មក​កម្ពុជា​បាន​ទេ ព្រោះ​វា​ខុស​ច្បាប់...។

មន្ត្រីឡាវដដែលនោះ បាននិយាយពីកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរព័ត៌មាន ស្តីពីការលក់ប្រេង និងឥន្ធនៈផងដែរ។ តាមពិតទៅ ការណ៍នេះកើតឡើង បន្ទាប់ពីភាគីថៃប្រកាសផ្អាកការនាំចេញប្រេង និងបរិក្ខាសឹកយោធាតាមច្រកឆងមេក ដោយព្រួយបារម្ភថា វាអាចបន្តឆ្លងចូលទៅកម្ពុជា។ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោក ប្រៈសឺត ស៊ីនសុខប្រៈសឺត (ประเสริฐ สินสุขประเสริฐ) លេខាធិការអចិន្ត្រៃយ៍នៃក្រសួងថាមពល អះអាងថា លោក ម៉ាឡៃថង ខមសិទ្ធិ (มาลัยทอง คมมสิทธิ์) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ បានជួបជាមួយរដ្ឋមន្ត្រីក្រសួងថាមពលថៃ។ រដ្ឋមន្ត្រីឡាវបានសម្ដែងការព្រួយបារម្ភ និងបានបញ្ជាក់ថា មិនមានការរត់ពន្ធប្រេងពីឡាវមកកម្ពុជាទេ ព្រោះនេះជាទង្វើខុសច្បាប់របស់ប្រទេសឡាវ។ រដ្ឋមន្ត្រីឡាវ ក៏បានសន្យាលើកិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃ ក្នុងការផ្ទៀងផ្ទាត់ការពិត និងការផ្លាស់ប្ដូរព័ត៌មានស្តីពីការជួញដូរប្រេង ដើម្បីធានាថា សកម្មភាពពាក់ព័ន្ធមិនប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសថៃ និងការអភិវឌ្ឍរបស់ឡាវឡើយ។

លោក ប្រាសឺត ស៊ីនស៊ូកប្រាសឺត
លោក ប្រាសឺត ស៊ីនស៊ូកប្រាសឺត

បរិមាណនៃការនាំចេញប្រេងពីប្រទេសថៃទៅកាន់ប្រទេសឡាវ ត្រូវបានគេចាត់ទុកថា ធម្មតា ហើយមិនមានការកើនឡើងគួរឱ្យកត់សម្គាល់នោះទេ ដូច្នេះ ការណ៍ដែលភាគីថៃបញ្ជាក់ថា មានការឆ្លងដែនប្រេងពីឡាវមកកម្ពុជា គឺមិនពិតទេ។ ជាមួយគ្នានេះ លោក ប្រៈសឺត បានសង្កត់ធ្ងន់ថា៖«ខ្ញុំសូមបញ្ជាក់សាជាថ្មីថា ក្រសួងថាមពល អាជីវករប្រេង នាយកដ្ឋានគយ និងភ្នាក់ងារពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការតាមដានយ៉ាងដិតដល់នូវការនាំចេញប្រេង ជាពិសេសមកកាន់ប្រទេសឡាវ ដែលបច្ចុប្បន្ន កំពុងទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ភាគីថៃ»។

លោកបន្តថា៖«នៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ ក៏បានបញ្ជាក់ដែរថា ប្រេងដែលនាំចូលពីប្រទេសថៃ គឺសម្រាប់ប្រើប្រាស់ក្នុងស្រុកតែប៉ុណ្ណោះ ហើយនឹងមិនបញ្ជូនទៅកម្ពុជាឡើយ។ ក្រសួងថាមពល និងស្ថាប័នពាក់ព័ន្ធទាំងអស់ នឹងចាត់វិធានការទាំងអស់ ដើម្បីធានាថា គ្មានប្រេងណាមួយត្រូវបាននាំចេញទៅកម្ពុជាដោយមធ្យោបាយណាមួយឡើយ ដើម្បីសន្តិសុខ និងសុវត្ថិភាពរបស់ប្រទេសជាតិ និងប្រជាជនថៃ»។ គេនៅចាំបានថា យោធភូមិភាគ២របស់ប្រទេសថៃ បានចេញបទបញ្ជា រឹតបន្តឹងការត្រួតពិនិត្យលើការនាំចេញប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ទាក់ទងនឹងបរិក្ខាយោធា តាមរយៈច្រកព្រំដែនអចិន្ត្រៃយ៍ឆងមេក ជាមួយឡាវ។ ប៉ុន្តែក្រោយមក ក្រសួងការពារជាតិថៃ បានចេញមុខសុំទោសភាគីឡាវវិញ ចំពោះភាពព្រហើន និងអត្តនោម័តិ​រឹតត្បិត​ច្រក​ឆង​មេក ជាឯកតោភាគី៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត