
កម្ពុជា លាវ ភូមា និងម៉ាឡេស៊ី គឺជាកូនរួមផ្ទៃនៃមាតាអាស៊ាន ខណៈទីតាំងភូមិសាស្ត្រប្រទេសទាំង៤ហ៊ុំព័ទ្ធជុំវិញប្រទេសសៀម ដែលក្រោយមកកែឈ្មោះប្តូរត្រកូលជាថៃឡង់ដ៍ វិញ។ ប្រទេសកម្ពុជានៅភាគអាគ្នេយ៍, ម៉ាឡេស៊ីនៅភាគខាងត្បូង, ភូមានៅភាគខាងលិច, និងឡាវនៅភាគឦសាន្តឈាងខាងជើងរបស់ប្រទេសថៃ។ ដ្បិតជាបងប្អូនរួមផ្ទៃមាតាអាស៊ានតែមួយដូចគ្នា តែថៃមិនដែលទុកប្រទេសក្បែរខាងទាំង៤នេះ ក្នុងកែវភ្នែកខ្លួនឡើយ និងតែងចិញ្ចឹមចិត្តខាំត្របាក់លេបទឹកដីប្រទេសក្បែរខាងខ្លួនជារឿយៗ...។

តើមានហេតុផលអ្វីខ្លះ ដែល SBM News ដាក់ចំណងជើងអត្ថបទថា «ថៃខាំសង្គ្រុបកម្ពុជា ឆ្កឹះឆ្កៀលភូមាឱ្យមានជម្លោះ ជះអំបិលលើដំបៅម៉ាឡេស៊ី និងមើលងាយឡាវ»...? ប្រាកដណាស់! ថ្មីៗនេះ ថៃបានធ្វើសកម្មភាពបើកការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា យ៉ាងសាហាវព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌បំផុត មិនខុសអ្វីពីសត្វចចកព្រៃនោះឡើយ។ ថៃបានប្រើប្រាស់យន្តហោះចម្បាំងទំនើបៗ និងអាវុធប្រល័យធុនធ្ងន់មកសម្លាប់ជនស៊ីវិលកម្ពុជា កម្ទេចផ្ទះសម្បែង ភូមិឋានស៊ីវិល ស្ពានថ្នល់ និងសំណង់ប្រាសាទបុរាណខ្មែរ។ល។ ចង្កូមយោធាថៃឈ្លានពាន បានប្រឡាក់ឈាមជនស៊ីវិលកម្ពុជាយ៉ាងជោគជាំ និងក្លាយជាឃាតកតជំនាន់។ ការប្រើអំណាចឈ្លានពាន និងវាទីនិយម ដែលមេដឹកនាំថៃបានប្រព្រឹត្ត គឺមានភាពសាហាវព្រៃផ្សៃ ស្មោគគ្រោក និងថោកទាបបំផុត ដើម្បីបង្វែរដាន បំភាន់ភ្នែកអន្តរជាតិ និងជាការបិទបាំងមហិច្ឆតាលេបទឹកដីកម្ពុជាស្រស់ៗ។

ចាប់តាំងពីបានឯករាជ្យពីអាណាចក្រខ្មែរ រហូតមកដល់បច្ចុប្បន្ន សៀម និងក្រោយមកប្តូរជាថៃ មិនដែលបោះចោលនូវគំនិតឈ្លានពានវាទីទឹកដីពីរដ្ឋកម្ពុជាឡើយ។ សង្គ្រាមឈ្លានពានថ្មីៗនេះ បានបង្ហាញយ៉ាងច្បាស់ពីមហិច្ឆតាលោភលន់របស់មេដឹកនាំថៃ លើការដណ្តើមកាន់កាប់ទឹកដីខ្មែរនៅតាមខ្សែបន្ទាត់ព្រំដែន ដោយបានធ្វើសកម្មភាពចូលលួច ឆក់ ប្លន់ ទ្រព្យសម្បត្តិពលរដ្ឋខ្មែរ និងបានយកបន្លាលួសស្រាសព័ទ្ធយកដី ដាក់ទូកុងតឺន័របិទផ្លូវមិនឱ្យពលរដ្ឋកម្ពុជាធ្វើដំណើរឆ្លងចូលភូមិឋានរបស់ខ្លួនឡើយ។ យ៉ាងណា ក្រៅតែពីឈ្លានពានកម្ពុជា ថៃក៏បានចាក់រុក ឆ្កឹះឆ្កៀលភូមាឱ្យមានជម្លោះផ្ទៃក្នុងផងដែរ តាមរយៈការផ្ដល់ការគាំទ្រដល់ក្រុមប្រដាប់អាវុធជនជាតិដើមភាគតិចការ៉ែន ទាំងសម្ភារយោធា និងទីតាំងរហូតដល់ក្រុមប្រដាប់អាវុធមួយនេះ ប្រកាសឯករាជ្យកាលពីថ្ងៃទី៧មករា ឆ្នាំ២០២៦។

ការប្រកាសឯករាជ្យរបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន ចេញពីនឹមគ្រប់គ្រងដោយរបបយោធាភូមា ឬមីយ៉ាន់ម៉ានេះ មិនមែនជារឿងចៃដន្យទេ។ មិនចៃដន្យក៏នៅត្រង់ថា កំលុងពេលដែលក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែនបង្កើត «សាធារណៈរដ្ឋកាថូឡី (Kawthoolei)» មេដឹកនាំក្រុមមួយនេះ បានបញ្ជាក់យ៉ាងច្បាស់ពីកិច្ចសហការជាមួយប្រទេសថៃ ដែលក្រុមនេះចាត់ទុកជាបងប្អូនរបស់ខ្លួន។ ដូចនេះ ការប្រកាសឯករាជ្យរបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន អាចជាផ្នែកមួយដែលមានការរៀបចំឡើងដោយភាគីថៃ ដើម្បីដាក់សម្ពាធយោធាមីយ៉ាន់ម៉ា ដែលជាសត្រូវប្រវត្តិសាស្ត្ររបស់ខ្លួនផងដែរ។ តើក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន ហ៊ានប្រកាសឯករាជ្យបានដោយរបៀបណា..? បើគិតឱ្យល្អិតល្អន់ ក្រុមជនជាតិភាគតិចមួយនេះ ទំនងជាមិនហ៊ានដើរចេញពីរទេះដែលកំពុងទឹមដោយយោធាភូមានោះឡើយ បើគ្មានការគាំទ្រពីភាគីទី៣[ថៃ] ខណៈមនុស្សមួយចំនួនមិនបានដឹងទេថា ថៃ និងក្រុមជនជាតិភាគតិចការ៉ែន កើតចេញពីអម្បូរនៃដើមកំណើតជនជាតិ «តៃ» តែមួយដូចគ្នា។

ដោយសារសង្គ្រាមរ៉ាំរ៉ៃក្នុងប្រទេសផង ការប៉ះទង្គិចគ្នាតាមតំបន់ព្រំដែនផង និងការឆ្លងកាត់សម័យអាណានិគមរបស់ចក្រភពអង់គ្លេសដ៏ជូរចត់ផង បានផ្តល់ឱកាសឱ្យជនជាតិភាគតិចការ៉ែន បោះទីតាំងឈរជើង និងចាក់គ្រឹះយ៉ាងរឹងមាំនៅក្នុងរដ្ឋសាននៃប្រទេសមីយ៉ាន់ម៉ា ជាប់ព្រំដែនថៃ ដែលតែងតែបំប៉ោងសំឡេង និងបង្ហាញភាពក្រអើតក្រទមដាក់របបយោធាភូមា រហូតហ៊ានប្រកាសឯករាជ្យដោយឯកតោភាគី។ មែនទែនទៅ ក្រុមនេះ ហ៊ានឈ្លោះជាមួយរបបសឹករបស់លោក មីន អ៊ុងឡាំង ក៏ដោយសារមានថៃ ជាមេខ្លោងដ៏ធំនៅពីក្រោយក្រុមនេះ អ៊ីចឹងហើយ បានជាកន្លងមកយោធាភូមា ឬមីយ៉ាន់ម៉ា បង្ខំចិត្តទាញទ្វារព្រំដែនជាមួយថៃបិទខ្ទប់ ដើម្បីផ្តាច់ដង្ហើម និងចរន្តសេដកិច្ចក្រុមឧទ្ទាម ដែលជាបន្លាក្នុងកែវភ្នែករបបសឹកមីយ៉ាន់ម៉ា។

សូមជម្រាបថា ក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន មិនខុសអីពីទ័ពស៊ីឈ្នួលរបស់ថៃឡើយ ព្រោះរាជធានីបាងកក បានយកក្រុមជនជាតិភាគតិចនេះជាខែលការពារព្រំដែន និងធ្វើជាដង្កូវក្នុងសាច់ ដើម្បីចាក់រុកឆ្កឹះឆ្កៀលលើយោធាមីយ៉ាន់ម៉ាឱ្យកាន់តែវឹកវរបន្ថែមទៀត។ គួររំឭកថា កាលពីជាង៤០០ឆ្នាំមុន(១៣៥១-១៧៦៧) យោធាភូមា បានចូលវាយកម្ទេចបំផ្លិចបំផ្លាញ និងផ្តាច់ដង្ហើមអាណាចក្រអយុធ្យា ឱ្យដាច់ខ្យល់ស្លាប់នាសម័យនោះ ដូច្នេះហើយ បានជាថៃយកគំនំចាស់នេះ មកដាស់ឱ្យភ្ញាក់ឡើងវិញនៅសម័យនេះ។ ក្រោយមេដឹកនាំក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន បង្ហាញតម្រុយដែលបង្ហាញថា ថៃអាចជាអ្នកនៅពីក្រោយខ្នងរបស់ខ្លួនក៏ដោយ ក៏ថៃមិនហ៊ានចេញមុខបដិសេធដែរ ខណៈដែលយោធាមីយ៉ាន់ម៉ា នៅរក្សាភាពស្ងប់ស្ងាត់ ព្រោះជាប់រវល់បោះឆ្នោតជុំទីពីរ។ យើងរង់ចាំមើលថា តើរដ្ឋាភិបាលថ្មីរបស់សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា នឹងមានវិធានការបែបណាទៅលើក្រុមផ្តាច់ខ្លួននេះ? ហើយថាតើប្រទេសថៃ អាចនឹងត្រូវយោធាមីយ៉ាន់ម៉ាវាយប្រហារដែរឬទេ?

ចុះការជះអំបិលលើដំបៅចាស់ម៉ាឡេស៊ី មានន័យយ៉ាងណា..? បើយើងងាកទៅមើលជ្រុងម្ខាងនៃតំបន់ភាគខាងត្បូងប្រទេសថៃ ជាប់ព្រំប្រទល់ដែនជាមួយប្រទេសម៉ាឡេស៊ីវិញ គេសង្កេតឃើញថា ក្រុមបះបោរមួយក្រុមធំ កំពុងព្យាយាមរើខ្លួនចេញនឹមត្រួតត្រារបស់ថៃ។ ហេតុអ្វីបានជាពួកគេចង់ផ្តាច់ខ្លួនចេញពីថៃដែរ..? មិនពិបាកស្មុគស្មាញក្នុងការពិចារណាឡើយ ព្រោះក្រុមអ្នកបះបោរទាំងនោះសុទ្ធសឹងជាជនជាតិមូស្លីម ដែលទឹកដីខេត្តភាគត្បូង ឬDeep South នេះ ជាអតីតទឹកដីរបស់រាជាណាចក្រមួយរបស់ម៉ាឡេស៊ី ដែលមានខេត្តចំនួន៤ដូចជា៖ នរាធិវាស (ណារ៉ាធីវ៉ាត นราธิวาส), ខេត្តប៉ាតានី, ខេត្តជាល ឬ(យ៉ាឡា ยะลา), និងខេត្តសង្ឃរា ឬ(ស៊ុងខ្លា สงขลา)។ ខេត្តទាំង៤នេះ សៀម ឬថៃ បានវាយកាន់កាប់ពីម៉ាឡេស៊ីក្នុងអតីតកាល ហើយព្យាយាមប្រើគ្រប់មធ្យោបាយ ដើម្បីបញ្ចូលវប្បធម៌ថៃទៅកាន់តំបន់ភាគខាងត្បូងនោះ តែមិនទទួលបានលទ្ធផលឡើយ។

គេនៅចាំបានថា នៅឆ្នាំ២០០៤ ប្រជាជនមូស្លីមនៅខេត្តទាំង៤ បានចាប់ផ្តើមសកម្មភាពបះបោរកាន់តែខ្លាំងខ្លាឡើង ប៉ុន្តែជាអកុសលមនុស្សជាង៧ពាន់នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោមស្នាដៃយោធាថៃ។ នេះជាសុបិនដ៏អាក្រក់របស់ពលរដ្ឋមូស្លីមដែលមានឈាមជ័រម៉ាឡេស៊ី ហើយត្រូវបានយោធាថៃសម្លាប់យ៉ាងរង្គាល នៅលើអតីតទឹកដីកំណើតរបស់ខ្លួន។ ការកាន់កាប់អតីតដែនដីរបស់ម៉ាឡេស៊ីរបស់ភាគីថៃ មិនខុសអីពីការចៀរសាច់ស្រស់ចេញពីខ្លួនម៉ាឡេស៊ីឡើយ។ ដំបៅចាស់មិនទាន់ជាស្រួលបួលផង ថៃបានវាយប្រហារលើក្រុមប៉ះបោរយ៉ាងសន្ធាប់ទៀតដើម្បីបំផ្លាញមហិច្ឆតាបំបែករដ្ឋរបស់ពួកក្រុមបំបែកខ្លួន ដែលគំរាមកំហែងយ៉ាងធ្ងន់់ធ្ងរដល់សន្តិសុខព្រំដែនម៉ាឡេស៊ីសាជាថ្មី។ មែនទែនទៅដោយសារតែការចោទប្រកាន់របស់ថៃ ថាបាននៅពីក្រោយក្រុមបំបែកខ្លួននៃខេត្តទាំង៤នោះ ម៉ាឡេស៊ីបង្ខំចិត្តធ្វើរបងកាត់ខ្សែបន្ទាត់ព្រំដែនជាមួយថៃ ដោយមិនឱ្យពលរដ្ឋប្រទេសទាំងពីរធ្វើដំណើរឆ្លងកាត់ព្រំដែន ក្រៅពីច្រកអន្តរជាតិនៃប្រទេសទាំងពីរឡើយ។

ចំណែកព្រំដែនជាមួយប្រទេសលាវ ឬឡាវ នៅទិសឦសាន្តឈាងខាងជើងវិញ ក៏ថៃមានជម្លោះជាមួយដែរ។ ថៃតែងបង្កើតលេសផ្សេងៗ ដើម្បីឆ្កឹះរងើកភ្លើងព្រំដែនជាមួយឡាវ ជុំវិញការចោទប្រកាន់រឿងរំហូរគ្រឿងញឿន ប៉ុន្តែឡាវមិនសូវតបតជាមួយថៃទេ មានទីតាំងខ្លះថៃបានចូលគ្រប់គ្រងជាឯកតោភាគីក៏មាន។ ក្រៅពីនេះ ថៃក៏តែងតែបោះសម្តីមើលងាយប្រជាជាតិឡាវ រួមមានជាអាទិ៍៖ ដូចជាការចាត់ទុកជនជាតិឡាវ មានអរិយធម៌ទាប ជាអ្នកស្រែ ឬជាប្រទេសមានការអភិវឌ្ឍតិចតួចដូចនឹងកម្ពុជាដែរ។ មិនតែប៉ុណ្ណោះ ថៃថែមទាំងចាត់ទុកភាសារបស់ឡាវ ជាគ្រាមភាសាមួយរបស់ខ្លួន ទាំងដែលអ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រអន្តរជាតិ បញ្ជាក់ថា ភាសា និងអក្សរសាស្ត្រឡាវ បានកម្លាយមកពីភាសាខ្មែរដល់ទៅជិត៦០ភាគរយឯណោះ។ ដូច្នេះ ការប្រកាន់យកផ្នត់គំនិត «អញនិយម ឬអាត្មានិយម» មានអំណួតអួតអាង កាឡៃប្រវត្តិសាស្ត្រដើមពិត គិតថាខ្លួនឯងអស្ចារ្យ ជាបងធំក្នុងតំបន់ ហើយតែងបង្ករឿងឈ្លោះជាមួយប្រទេសជិតខាង សាងតែសត្រូវ ជាពិសេសប្រើកលល្បិចផ្សេងៗ ដើម្បីឈ្លានពានប្រទេសជាប់របងព្រំដែនខ្លួន ជាក់ស្តែង ការឈ្លានពានកម្ពុជាក្នុងពេលថ្មីៗនេះ គឺជាឧទាហរណ៍យ៉ាងប្រត្យក្សបំផុត៕



