
រាជធានីភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាឱ្យលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ រៀបចំកិច្ចប្រជុំបន្ទាន់មួយ ជាមួយតំណាងភាគីនិយោជក និងសហជីពតំណាងឱ្យកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាគ្នាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកការចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន…។

បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងកាលពីយប់ថ្ងៃទី១៩មីនា ឆ្នាំ២០២៦ ចំពេលប្រជាពលរដ្ឋ បងប្អូនកម្មនិយោជិត កំពុងជួបផលវិបាកហើយទទូចឱ្យរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធជួយដោះស្រាយបញ្ហា ជាពិសេស ការកើនឡើងថ្លៃធ្វើដំណើរ ដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកល ផ្ដើមចេញពីសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា។ ក្នុងបទសម្ភាសជាមួយអង្គភាពសារព័ត៌មាន SBM News នៅព្រឹកថ្ងៃទី២០មីនានេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានបង្ហាញការគាំទ្ររាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់គិតគូរពិនិត្យលទ្ធភាព ជួយសម្រាកបន្ទុកបងប្អូនកម្មករនិយោជិត ក្នុងពេលវិបត្តិប្រេងជាសកល បណ្ដាលមកពីសង្រ្គាមរវាងអាម៉េរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់។

លោក ប៉ាវ ស៊ីណា គូសបញ្ជាក់ថា មានតែភាគី២ប៉ុណ្ណោះដែលអាចជួយដោះស្រាយបញ្ហារបស់កម្មករនាពេលនេះបាន ក្នុងនោះ៖ ១.រាជរដ្ឋាភិបាល និង២.ភាគីនិយោជក។ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ សង្កត់ធ្ងន់ជាឧទាហរណ៍ថា៖«រដ្ឋាភិបាលអាចទប់ស្កាត់តម្លៃប្រេងនៅក្នុងតម្លៃដូចមុន ជួយខាតអ៊ីចឹងទៅមួយផ្នែក! រីឯនិយោជកក៏គាត់អាចបន្ថែមនូវថ្លៃធ្វើដំណើរមួយផ្នែកទៅតាមជាក់ស្ដែង។ មានន័យថា បើកម្មករម្នាក់គាត់ចំណាយថ្លៃធ្វើដំណើរបន្ថែម៥ដុល្លារ និយោជកអាចជួយបន្ថែមក្នុងស្ថានភាពប្រេងសាំងឡើងថ្លៃ ហើយពេលវាវិលមកសភាពដើមវិញ ភាគីនិយោជកអាចរក្សាទម្លាប់ដើមវិញទៅ»។

យ៉ាងណា អំឡុងពេលនេះ លោក ប៉ាវ ស៊ីណា បានអំពាវនាវឱ្យបងប្អូនកម្មករនិយោជិត សូមរក្សាភាពស្ងប់ស្ថាត់សិន ព្រោះរាជរដ្ឋាភិបាលកំពុងជួយដោះស្រាយ។ ក្នុងនាមសហជីពធ្វើការជាមួយកម្មករ លោកសំណូមពរជាថ្មីដល់រាជរដ្ឋាភិបាល និងភាគីនិយោជក រួមគ្នាដោះស្រាយបញ្ហាកម្មករកំពុងជួបប្រទះឱ្យបានឆាប់បំផុត។ សូមជម្រាបថា សង្រ្គាមនៅមជ្ឈិមបូព៌ា មិនមែនធ្វើឱ្យមានវិបត្តិប្រេងឡើងថ្លៃតែមួយមុខទេ តែសេវាកម្មមួយចំនួនទៀត ដូចជា ការដឹកជញ្ជូន និងទំនិញច្រើនទៀតនៅលើទីផ្សារ ក៏ឡើងថ្លៃទៅតាមតម្លៃប្រេងឥន្ធនៈដែរ។ គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅកម្ពុជា សាំងធម្មតាលក់ក្នុងតម្លៃ៥៥០០រៀលក្នុង១លីត្រ ចំណែកម៉ាស៊ូត លក់ក្នុងតម្លៃ៦៦៥០រៀលក្នុង១លីត្រ៕




