
រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានចេញមកអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលបានជួបប្រទះបញ្ហាមិនប្រក្រតី ជុំវិញការលក់ប្រេងឥន្ទនៈ សូមជួយផ្ដល់ព័ត៌មានមកកាន់អគ្គនាយកដ្ឋាន ក.ប.ប.ជាបន្ទាន់...។

ការអំពាវនាវពីសំណាក់ស្ថាប័នជំនាញមួយនេះ ធ្វើឡើងបន្ទាប់កាលពីថ្ងៃទី៧មីនា មន្រ្តីជំនាញបានចុះដល់គោលដៅដែលសាធារណជនផ្តល់ព័ត៌មានអំពីការលក់ដំឡើងថ្លៃខុសពីសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម មានទីតាំងនៅស្រុកកំរៀង ខេត្តបាត់ដំបង, ស្រុករុនតាឯក ខេត្តសៀមរាប, ស្រុកសំបូរ ខេត្តក្រចេះ, ស្រុកចម្ការលើ ខេត្តកំពង់ចាម, និងស្រុកកំពង់ថ្ម ខេត្តកំពង់ធំ។ ជាលទ្ធផល ដេប៉ូចែកចាយមួយចំនួន បានបិទទ្វារ ផ្អាកអាជីវកម្មរបស់ខ្លួនបណ្តោះអាសន្ន និងខ្លះអះអាងថា អស់ស្តុកចែកចាយ ដែលការណ៍នេះ មន្រ្តីជំនាញនឹងអនុវត្តការផ្ទៀងផ្ទាត់ភាពអនុលោមដើម្បីដាក់ចេញវិធានការតាមនីតិវិធី។

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលជួបប្រទះនូវភាពមិនប្រក្រតីណាមួយ ពាក់ព័ន្ធនឹងបរិមាណ គុណភាព ឬការដំឡើងថ្លៃលក់លើសពីសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម សូមផ្ដល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. តាមរយៈទូរសព្ទសាធារណៈក្រសួងពាណិជ្ជកម្មលេខ១២៦៦ ឬលេខទូរសព្ទ ០២៣ ២៣១ ៨៥៦ ឬទូរសព្ទដៃលេខ ០១២ ៩២៥ ៣១៧, ០១២ ៨៧៥ ៩៨៩, ០១២ ៨២៤ ៩៤៨។ បើសិនជារកឃើញស្ថានីយណា បានប្រព្រឹត្តនូវអំពើមិនសុចរិត និងលក់ប្រេងឥន្ធនៈដំឡើងថ្លៃខុសពីសេចក្ដីជូនដំណឹងក្រសួងពាណិជ្ជកម្ម ស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នោះអគ្គនាយកដ្ឋាន ក.ប.ប. នឹងអនុវត្តនូវវិធានការតាមនីតិវិធីនៃច្បាប់ ជាធរមាន។

សូមជម្រាបថា ការចុះពិនិត្យដល់ទីតាំងផ្ទាល់ស្ថានីយលក់ប្រេងឥន្ធនៈមួយចំនួន ក្នុងប្រទេសកម្ពុជា ពីសំណាក់មន្រ្តីជំនាញ កើតឡើងស្របពេលបណ្តាប្រទេសជាច្រើនលើពិភពលោក កំពុងជួបបញ្ហាប្រេង ក្រោយការកើនឡើងកាន់តែខ្លាំងនៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា បង្កឱ្យមានការព្រួយបារម្ភជាសកល អំពីសន្តិសុខនៃការផ្គត់ផ្គង់ប្រេង ខណៈច្រកសមុទ្ទហ័រមូហ្ស ជាផ្លូវឆ្លងកាត់នៃនាវាដឹកប្រេង និងឧស្ម័នដ៏សំខាន់បំផុត ត្រូវបិទខ្ទប់ទាំងស្រុង។ បញ្ហានេះ បានធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ នាំគ្នាសម្រុកទៅទិញប្រេងស្តុកទុក ខណៈម្ចាស់ស្ថានីយប្រេងមួយចំនួន បានឆ្លៀតឱកាសដំឡើងថ្លៃខ្ពស់ ហួសហេតុពីការកំណត់របស់ក្រសួង៕




